(មណ្ឌលគិរី)៖ ប្រជាពលរដ្ឋប្រមាណជិត៤ពាក់នាក់ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី បានទទួលពិនិត្យ-ព្យាបាលជំងឺ ចែកថ្នាំពេទ្យដោយឥតគិតប្រាក់ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី។
បេសកកម្មមនុស្សធម៌នេះមានគ្រូពេទ្យចំនួន ៥១៣នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត និងមានការចូលរួមពីសំណាក់ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងមន្រ្តីរាជការជាច្រើនទូទាំងខេត្តមណ្ឌលគិរី ដែលប្រព្រឹត្តទៅនៅវិទ្យាល័យ ហ៊ុន សែន កោះញែក ស្ថិតនៅភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក ស្វាយ សំអ៊ាង បានថ្លែងអំណរគុណចំពោះលោក ហ៊ុន ម៉ានី ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានសហការរៀបចំពិធីពិនិត្យ ព្យាបាល និងផ្តល់ថ្នាំជូនប្រជាពលរដ្ឋមដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋនៅក្នុងស្រុកកោះញែក នៅលើទឹកដីខេត្តមណ្ឌលគិរី នាពេលនេះ គឺមានសារសំខាន់ណាស់ ដើម្បីបង្ហាញ និងបញ្ជាក់ឲ្យឃើញកាន់តែច្បាស់អំពីកិច្ចខិតខំប្រឹប្រែងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់លើកកម្ពស់ និងគិតគូរអំពីសុខមាលភាពរបស់ប្រជាពលរដ្ឋខេត្តមណ្ឌលគិរី ជាពិសេសប្រជាពលរដ្ឋនៅក្នុងស្រុកកោះញែក ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរឡើង។
លោកបានបន្ថែមទៀតថា បញ្ហាសុខមាលភាព គឺជាកត្តាចម្បងមួយយ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋ ក្នុងការទទួលបាននូវសុខភាពល្អ តាមការយកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ក្នុងការចូលរួមលើកកម្ពស់កម្រិតជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្រ ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ និងខេត្តមានការអភិវឌ្ឍរីកចម្រើន។
លោក លេង ផាលី បានឲ្យដឹងថា ការចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋឥតគិតថ្លៃនៅស្រុកកោះញែក នាពេលនេះ រួមមាន៖ វះកាត់ខ្នាតតូច ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺ ឫសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺតម្រងនោម អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយៈខ្យល់ដង្ហើម ព្យាបាលរបួស វាស់ចង្វាក់បេះដូង ផ្នែកប្រព័ន្ធប្រសាទ និងបំបាត់ការឈឺចុកចាប់មន្ទីរពិសោធន៍ (វិភាគឈាម) ជាដើម។
លោក លេង ផាលី បានបញ្ជាក់ថា ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់ ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្ខពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋមួយចំណែក។
បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យសុភមង្គលជូនគ្រួសារ និងសង្គមជាតិ។ ប្រជាពលរដ្ឋនៅស្រុកកោះញែក មានក្តីរំភើបសប្បាយរីករាយនៅគ្រប់ពេលវេលា និងទីកន្លែងក៏ដូចថ្ងៃនេះដែរ ព្រមទាំងថ្លែងអំណគុណចំពោះលោក ហ៊ុន ម៉ានី និងក្រុមគ្រួសារ ដែលមានការយកចិត្តទុកដាក់យ៉ាងកក់ក្តៅទៅលើសុខភាពរបស់ពួកគាត់។
សូមបញ្ជាក់ថា នេះជាឆ្នាំទី៨ហើយ (២០១២-២០១៩) ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន ៤,២៧៥នាក់ ចុះពិនិត្យ និងព្យាលបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចំនួន២០៥លើកមកហើយ៕