(ភ្នំពេញ)៖ បន្ទាប់គាំទ្រយ៉ាងច្រើន ពីអាជីករនៅប្រទេសកម្ពុជា នាពេលកន្លងមក ធ្វើឱ្យមជ្ឈមណ្ឌលពាណិជ្ជកម្ម TCC បោះជំហានកាន់តែរឹងមាំ ប្រកបដោយភាពជោគជ័យ មជ្ឈមណ្ឌលមួយនេះ បានសម្រេចចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុន អ៊ីទឺ ដើម្បីពង្រីកការលក់ ទៅកាន់ប្រទេសចិនបន្ថែមទៀត ស្របពេលកំពុងដំណើរការសាងសង់ជារៀងរាល់ថ្ងៃ។
ពិធីចុះអនុស្សារណៈយោគយល់គ្នានេះ បានធ្វើឡើងនាព្រលប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ក្រោមវត្តមានលោក លោក ឈិន ថៃអាន អគ្គនាយកក្រុមហ៊ុន យ៉ុនណាន សេងម៉ៅ អ៊ិនវេសម៉ិន និងជាម្ចាស់គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម TCC និងលោក លោក អួយ មីងតុន តំណាងក្រុហ៊ុន អ៊ីទឺ ព្រមទាំងអតិថិជនយ៉ាងច្រើនផងដែរ។
លោក ឈិន ថៃអាន បានឱ្យដឹងថា លោកមើលឃើញពីការគាំទ្រ របស់អាជីករកម្ពុជា និងការជួយជ្រោមជ្រែងរបស់រាជរដ្ឋាភិបាល ចំពោះការវិនិយោគលើដី១០ហិចតា ជាឃ្លាំងកំពង់ផែភ្នំពេញ ការចុះអនុស្សរណៈយោគយល់គ្នានាពេលនេះ ក៏ដូចជាដៃគូជាច្រើននៅប្រទេសចិន និងប្រទេសថៃ និងអឺរ៉ុបនាពេលកន្លងមក ដើម្បីធានាថាមជ្ឈមណ្ឌលពាណិជ្ជកម្មមួយនេះ ដំណើរការដោយរលូន អាជីវករកម្ពុជា និងចិនទទួលបានផលចំណេញរួមគ្នា។
អ្វីដែលធ្វើឱ្យលោកកាន់តែរីករាយនោះ គឺការសាងសង់អាគារ TCC បានតាមការកំណត់ និងកំពុងស្ថិតក្នុងដំណាក់កាលតុបតែងរៀបចំ និងត្រូវប្រគល់ជូនម្ចាស់ហាងអាជីវកម្មទាំងអស់ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ។ ម្យ៉ាងទៀត ការសាងសង់ដំណាក់កាលទី២ បានចាប់ផ្ដើមជាសញ្ញាបញ្ជាក់ការអភិវឌ្ឍន៍ ទៅមុខយ៉ាងឆាប់រហ័ស ហើយក្លាយជាផ្សារពាណិជ្ជកម្មចម្រុះមួយដ៏អស្ចារ្យ ខណៈបច្ចុប្បន្ន មានអតិថិជនជាង១ម៉ឺននាក់ ដែលមានអតិថិជនជាច្រើន នៅក្នុងដៃរួចស្រេចទៅហើយ។ ដោយឡែកម្ចាស់ម៉ាកយីហោរល្បីៗ លើពិភពលោកក៏កំពុងត្រៀមចូលមកផងដែឬ។
លោក អួយ មីងតុន បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកជាការបណ្ដាក់ទុនរួមគ្នារវាងចិន និងកម្ពុជា ដែលគ្របដណ្ដប់ លើការវិនិយោគ និងការពិគ្រោះយោបល់ផ្នែកអាជីវកម្ម ហើយជាដៃគូសហការជាមួយសហគ្រាសធំៗ និងដៃគូហិរញ្ញវត្ថុជាច្រើននៅកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបានយកប្រទេសកម្ពុជា ជាមជ្ឈមណ្ឌលកណ្ដាល និងខ្លាំងក្លានៅអាស៊ីអាគ្នេយ៍ ដោយផ្ដោតលើការធ្វើទីផ្សារ។
លោកបានបន្តថា ការសហការជាដៃគូជាមួយ TCC ដោយមើលឃើញពីសក្ដានុពលមជ្ឈមណ្ឌលពាណិជ្ជកម្មមួយនេះ ជាពិសេសបានឃើញ នូវសន្ទុះនៃការអភិវឌ្ឍន៍របស់កម្ពុជា មួយរយៈចុងក្រោយនេះកាន់តែខ្លាំងក្លាឡើង ដែលនាំមកនូវឥទ្ធិពល និងសេដ្ឋកិច្ចកាន់តែរីកចម្រើន។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលពាណិជ្ជកម្ម បានទទួលសិទ្ធិវិនិយោគលើឃ្លាំងកំពង់ផែស្វយ័តក្រុងភ្នំពេញ ដែលមានផ្ទៃ ដីសរុបប្រមាណជា១០ហិចតា ដោយសាងសង់ ជាមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើប អគារការិយាល័យអន្តរជាតិ សណ្ឋាគារលំដាប់ផ្កាយ និងជាមជ្ឈមណ្ឌលកម្សាន្ត ដែលរំពឹងថានឹងនាំមកនូវផលប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គមកម្ពុជា។ ការសារសាងសង់ដំណាក់កាលទី១ ដាក់ឱ្យដំណើរការ នៅពាក់កណ្ដាលឆ្នាំ២០២០ និងបញ្ចប់គម្រោងទាំងស្រុងនៅឆ្នាំ២០២៣៕