(ភ្នំពេញ)៖ ដោយសារការស្រលាញ់ និងចង់លើកស្ទួយវប្បធម៌សិល្បៈល្ខោនបុរាណ ឬរបាំព្រះរាជទ្រព្យរបស់ខ្មែរ លោកស្រី អ៊ូ ធីតាពៅ ដែលជាភរិយារបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នឹងបង្ហាញការសម្ដែងរបាំព្រះរាជទ្រព្យ «រឿងព្រះអនុរទ្ធនាងឱសា» ជាមួយសិល្បករដទៃទៀត ដើម្បីរៃអង្គាសប្រាក់យកទៅជួយអ្នករបាំបុរាណក្រីក្រ តាមរយៈកាកបាទក្រហមកម្ពុជា។
នេះជារឿងដែលប្រជាពលរដ្ឋភាគច្រើនស្មានមិនដល់សោះថា ភរិយាដ៏ស្រស់សោភារបស់លោកអភិបាលល្បីឈ្មោះ គួច ចំរើន ចេះសម្ដែងរបាំបុរាណ ហើយអ្វីដែលរឹតតែពិសេសទៀតនោះ បើទោះបីលោកទាំងពីរមានតួនាទី ឋានៈខ្ពង់ខ្ពស់យ៉ាងនេះហើយក្តី ក៏នៅតែមិនភ្លេចចូលរួមលើកស្ទួយមរតកវប្បធម៌របស់បុព្វបុរសខ្មែរ ព្រមទាំងប្រឹងប្រែងបម្រើប្រជាពលរដ្ឋយ៉ាងសស្រាក់សស្រាំទៀតផង។
ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នាថ្ងៃទី១៧ ខែវិច្ឆិកានេះ លោកស្រី អ៊ូ ធីតាពៅ គួចចំរើន បានឱ្យដឹងថា លោកស្រីកំពុងហាត់សម និងរៀបចំការសម្តែងរបាំព្រះរាជទ្រព្យ ដើម្បីបើកការសម្ដែងជាផ្លូវការនៅឆ្នាំក្រោយ គឺនៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
លោកស្រីបានបញ្ជាក់ថា លោកស្រីកំពុងបង្កើតក្រុមរបាំបុរាណមួយ ដោយចំណាយថវិកាផ្ទាល់ខ្លួន ដែលការស្ម័គ្រចិត្តធ្វើបែបនេះ គឺដើម្បីចូលរួមលើកស្ទួយសិល្បៈរបាំខ្មែរ ថែរក្សាវប្បធម៌ខ្មែរ ដើម្បីជាតិ និងប្រជាជនខ្មែរ។
លោកស្រី ធីតាពៅ ក៏បានអំពាវនាវដល់ជនរួមជាតិ ជិតឆ្ងាយសូមចូលរួមគាំទ្រ និងទស្សនាការសម្ដែងរបាំព្រះរាជទ្រព្យ «រឿងព្រះអនុរទ្ធនាងឱសា» នេះទាំងអស់គ្នា ដើម្បីចូលរួមលើកស្ទួយកេរដំណែលដូនតា លើកទឹកចិត្តដល់សិល្បករខ្មែរ ហើយបានបរិច្ចាគថវិកាចូលរួមជួយដល់អ្នករបាំបុរាណក្រីក្រដែលពួកគាត់មិនមានការងារធ្វើ ហើយជួបការខ្វះខាត។
សូមជម្រាបថា លោកស្រី អ៊ូ ធីតាពៅ ត្រូវបានកាកក្របាទក្រហមកម្ពុជា តែងតាំងជាអនុប្រធានកិត្តិយស នៃសាខាកាកបាទក្រហមកម្ពុជា ប្រចាំខេត្តព្រះសីហនុ។ ក្រៅពីនេះ លោកស្រីក៏ជាសមាជិកសមាគមអ្នកនិពន្ធខ្មែរ និងធ្លាប់ជាសិស្សរបស់លោកគ្រូ ជ័យ ចាប។
បើក្រឡេកទៅមើលទេពកោសល្យពីមុន លោកស្រីអាចតែងកំណាព្យ និពន្ធរឿងប្រលោមលោកបានថែមទៀតផង ហើយនាពេលថ្មីៗនេះ លោកស្រីបានបញ្ចេញស្នាដៃវប្បធម៌បុរាណមួយទៀត គឺយកក្រមាខ្មែរមករចនាតុបតែងដោយផ្ទាល់ដៃ ដើម្បីស្លៀកជាមួយសារុងខ្មែរ៕