(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅជួបសំណេះសំណាលដោយផ្ទាល់ ជាមួយពលករ ពលការិនី ដែលកំពុងបម្រើការងារនៅប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីស្វែងយល់ពីសុខទុក្ខ និងការរស់នៅប្រចាំថ្ងៃ។
ក្រោយទទួលបានដំណឹងដ៏រីករាយនេះ ប្រជាពលរដ្ឋខ្មែរ និងពលករដែលកំពុងបម្រើការងារនៅទីនោះទាំងអស់ បាននាំគ្នាបង្ហោះសារ និងវីដេអូត្រៀមស្វាគមន៍យ៉ាងកក់ក្ដៅនូវវត្តមានរបស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ដោយអ្នកខ្លះទន្ទឹងរង់ចាំឲ្យថ្ងៃនោះ ឆាប់មកដល់ ដើម្បីបានជួបដោយផ្ទាល់ជាមួយសម្ដេចតេជោ។
ពលករឈ្មោះ ថារ៉ុង កំពុងបម្រើការងារនៅតំបន់ 055 ឆាងវ៉ុនស៉ី បានលើកឡើងយ៉ាងដូច្នេះថា «អ្វីដែលសំខាន់ខែ១១នេះ សម្ដេចតេជោគាត់អញ្ជើញមកប្រទេសកូរ៉េ ខ្ញុំចង់ជួបគាត់ខ្លាំងមែនទែន ហើយខ្ញុំទន្ទឹងរង់ចាំថ្ងៃនោះមកដល់ ដើម្បីខ្ញុំបានថតរូបជាមួយគាត់បានមួយប៉ុស្ដិ៍ គឺខ្ញុំចង់រំភើបចិត្ត»។
ពលកររូបនេះបានបញ្ជាក់ថា វត្តមានរបស់សម្ដេចតេជោ ហ៊ុន សែន នៅប្រទេសកូរ៉េខាងត្បូង គឺជាឱកាសមួយដ៏ល្អសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងបម្រើការងារនៅប្រទេសកូរ៉េ៕