(ភ្នំពេញ)៖ ព្រះសពសម្ដេចព្រះធម្មលិខិត កិត្តិបណ្ឌិត លាស់ ឡាយ សម្តេចព្រះសង្ឃនាយករងទី១ ព្រះប្រធានថេរសភាពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តសន្សំកុសល កំពុងដម្កល់នៅវត្តសន្សំកុសល ហើយប្រជាពុទ្ធបរិស័ទ្ធជិតឆ្ងាយ អាចចូលរួមអុជធូប គោរពព្រះវិញ្ញាណក្ខន្ធ បានជារៀងរាល់ថ្ងៃ។
រហូតដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៦ព្រឹក ព្រះសព សម្ដេចព្រះធម្មលិខិត កិត្តិបណ្ឌិត លាស់ ឡាយ នឹងត្រូវដង្ហែចេញពីវត្តសន្សំកុសល ឆ្ពោះទៅកាន់ឈាបនដ្ឋាន មុខវត្តបទុមវតីរាជវរារាម ដើម្បីប្រារព្ធពិធីថ្វាយព្រះភ្លើង។ នេះបើតាមតារាងកម្មវិធី របស់គណៈកម្មការរៀបចំបុណ្យព្រះសព ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
សូមបញ្ជាក់ថា សម្តេចព្រះធម្មលិខិត លាស់ ឡាយ ព្រះចៅអធិការវត្តសន្សំកុសល បានទទួលព្រះអនិច្ចធម្ម (សុគត) នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ដោយព្រះជរាពាធក្នុងព្រះជន្ម ១០៦ ព្រះវស្សា។ ភ្លាមៗ ក្រោយទទួលបានដំណឹងដ៏សោកសៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញទៅដល់វត្តសន្សំកុសល ដើម្បីចូលរួមពិធីបុណ្យសព សម្តេចព្រះធម្មលិខិត លាស់ ឡាយ ផងដែរ។
សម្តេចព្រះធម្មលិខិត លាស់ ឡាយ ប្រសូតនៅថ្ងៃពុធ ៧កើត ខែភទ្របទ ឆ្នាំថោះ ក្នុងពុទ្ធសករាជ ២៤៥៧ ត្រូវនឹងគ្រឹស្គសករាជ១៩១៤ នៅភូមិធ្យូង ឃុំធ្យូង ស្រុកពញាឮ ខេត្ត កណ្តាល។ បិតាមាន ល័ក្ខ លាស់ ហៅអាចារ្យលាក់ និងមាតានាម ស៊ូ អ៊ុច មានបងប្អូនចំនួន១០នាក់ ប្រុស៧នាក់ ស្រី៣នាក់ សម្តេចជាបុត្រទី៥ នៅក្នុងគ្រួសារ៕
ខាងក្រោមនេះជាព្រះរាជជីវប្រវត្តិរូបសង្ខេប របស់សម្ដេចព្រះធម្មលិខិត លាស់ ឡាយ៖