(អង់គ្លេស)៖ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង (CDX) និងគណៈកម្មការមូលបត្រកម្ពុជា បាននាំទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ឆ្ពោះទៅមុខមួយជំហានទៀត តាមរយៈការចូលរួមយ៉ាងសកម្ម និងការផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅក្នុងពិព័រណ៍ London Summit 2019 ដែលជាពិព័រណ៍ហិរញ្ញវត្ថុដ៏ធំបំផុតរបស់ពិភពលោក។
ពិព័រណ៍ London Summit 2019 ប្រព្រឹត្តចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា នៅសាល Old Billingsgate នៃប្រទេសអង់គ្លេស ហើយបានប្រមូលផ្ដុំអ្នកជំនាញ ក្នុងវិស័យហិរញ្ញវត្ថុរាប់ពាន់នាក់ ក្នុងគោលបំណងបង្កើតទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ចាប់យកឱកាសវិនិយោគ ផ្លាស់ប្ដូរបទពិសោធន៍ និងយុទ្ធសាស្រ្ត និងផ្ដល់ការអប់រំ។
នេះជាលើកទី៣ហើយ ដែលក្រុមហ៊ុន CDX មានវត្តមានក្នុងពិព័រណ៍ London Summit បន្ថែមលើការចូលរួម របស់ខ្លួនក្នុងពិព័រណ៍ iFX Expo International នៅប្រទេសសាយប្រឺស និងពិព័រណ៍ iFX Expo Asia នៅទីក្រុងហុងកុង។
សម្រាប់គណៈកម្មការមូលបត្រកម្ពុជាវិញ ក៏ជាលើកទី២ដែលស្ថាប័នមួយនេះបានចូលរួម ពិព័រណ៍ហិរញ្ញវត្ថុបែបនេះ ក្រោយពីបានផ្សព្វផ្សាយពីប្រទេសកម្ពុជា ក្នុងពិព័រណ៍នៅទីក្រុងហុងកុង កាលពីខែមករាដើមឆ្នាំ២០១៩នេះ។ បច្ចុប្បន្នមិនមានក្រុមហ៊ុនឧបករណ៍និស្សន្ទ ពិសេសនិយ័តករច្រើនទេ នៅក្នុងតំបន់អាស៊ានដែលអាចសម្រេចជោគជ័យដូច្នេះបាន។
លោក សុខ ដារ៉ា អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា និងជាតំណាងនិយ័តករកម្ពុជា បានចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ។ លោកក៏បានលើកឡើងថា «ពេលវេលាដែលប្រទេសកម្ពុជា និងទីផ្សារឧបករណ៍និស្សន្ទរបស់កម្ពុជា មិនមានអ្នកស្គាល់នៅលើឆាកអន្តរជាតិនោះ ជិតដល់ទីបញ្ចប់ហើយ។ ក្នុងរយៈពេល២ថ្ងៃនេះយើងបានជួបក្រុមហ៊ុនហិរញ្ញវត្ថុ និងអ្នកមកចូលរួមក្នុងពិព័រណ៍នេះជាច្រើននាក់ ហើយបន្តិចម្ដងៗ យើងបានឱ្យពួកគេដឹងពីទិដ្ឋភាពទូទៅនៃប្រទេសរបស់យើង ក៏ដូចជាទស្សនៈវិស័យនៃ ទីផ្សារឧបករណ៍និស្សន្ទ»។
លោកបានបន្ថែមថា យើងពេញចិត្តនឹងការវិវត្តមួយនេះ ហើយក៏សប្បាយចិត្តពេលដែលមានមនុស្សជាច្រើន និយាយអំពីយើង និងប្រទេសកម្ពុជាយើង។
លោកបណ្ឌិត វិន ភក្ដី ប្រធាននាយកដ្ឋានត្រួតពិនិត្យអន្តរការីមូលបត្រនៃ គណៈកម្មការមូលបត្រកម្ពុជា មានជំនឿយ៉ាងមុតមាំថា សម្រាប់កម្ពុជាក្នុងពិព័រណ៍អន្តរជាតិ ជាសមិទ្ធិផលមួយគួរឱ្យមោទនៈភាព។
លោកបណ្ឌិតលើកឡើងថា «ពិព័រណ៍ London Summit 2019 ដើម្បីប្រទេសកម្ពុជា ហើយយើងមកទីនេះ ដើម្បីទីផ្សារឧបករណ៍និស្សន្ទ យើងពិតជាមានមោទ នភាព ក្នុងការបង្ហាញប្រទេសរបស់កម្ពុជា ទៅកាន់ពិភពលោក និងនាំយកបទពិសោធន៍ ព្រមទាំងគំនិតថ្មីៗត្រឡប់ទៅវិញ សម្រាប់ភាពរីកចម្រើន ក៏ដូចជាយុគសម័យកាន់តែប្រសើរនៃ ទីផ្សារឧបករណ៍និស្សន្ទ»។
ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង សម្រេចបាននូវយុទ្ធសាស្រ្តឈ្នះឈ្នះសម្រាប់ប្រទេសកម្ពុជា និងវិនិយោគិនបរទេសផងដែរ។
លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន CDX បានឲ្យដឹងថា «គុណសម្បត្តិជាច្រើនត្រូវបានទាញយក មិនត្រឹមតែប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់វិនិយោគិនបរទេសផងដែរ ដោយសារតែកម្ពុជា និងទីផ្សារឧបករណ៍និស្សន្ទរបស់ខ្លួន ត្រូវបានគេស្គាល់កាន់តែច្បាស់ ហើយវិនិយោគិនទាំងនោះបានដឹងពី ឱកាសវិនិយោគល្អៗនៅកម្ពុជា»។
លោកបានបន្ដថា ពេលដែលមានលំហូរចូលនៃ វិនិយោគិនបរទេសភាគីពាក់ព័ន្ធនឹង ទទួលបានអត្ថប្រយោជន៍ជាច្រើនរួមមាន៖ ការកើនឡើងនៃសេដ្ឋកិច្ច, ធនធានមនុស្ស, ការអប់រំ, អត្រាការងារ, អចលនទ្រព្យ និងផលត្រឡប់ពីការវិនិយោគ។ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃ ការវិនិយោគដោយផ្ទាល់ពីបរទេសនៅកម្ពុជា ពិសេសលើវិស័យឧបករណ៍និស្សន្ទ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង បានអភិវឌ្ឍខ្លួនជាក្រុមហ៊ុនផ្ដល់សេវាកម្មគ្រប់លក្ខណៈ និងជាមជ្ឈមណ្ឌល សម្រាប់ក្រុមហ៊ុនឈ្មួញជើងសាទាំងអស់។
លោកស្រី Monisa Yang អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន CDX បានឱ្យដឹងថា «យើងបានចាប់ផ្តើមបើកទ្វារ ទទួលក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទជាផ្លូវការក្នុងឆ្នាំ២០១៦ ហើយចាប់តាំងពីពេលនោះមក យើងបាននិងកំពុងចូលរួមចំណែក ជាបន្តបន្ទាប់ដល់ភាពរីកចម្រើននៃ ទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ក្រោមការដឹកនាំរបស់គណៈកម្មការមូលបត្រកម្ពុជា»។
លោកស្រីបន្ដថា ការប្តេជ្ញាចិត្ត និងការពេញចិត្តក្នុងការបង្កើតប្រវត្តិសាស្រ្ត គឺជាកំលាំងជំរុញដ៏ធំបំផុត ហើយគុណភាពល្អឥតខ្ចោះ ជាការកំណត់ស្តង់ដារ ហើយភាពគង់វង្សជាតម្លៃស្នូលរបស់យើង។ ដូច្នេះបានបន្តអភិវឌ្ឍខ្លួន និងធ្វើឱ្យប្រាកដថា ក្រុមហ៊ុនឈ្មួញជើងសា ទទួលបានសេវាកម្មល្អបំផុត។
លោកស្រីបញ្ជាក់ថា ចំពោះសកម្មភាពថ្មីៗក្នុងប្រទេសកម្ពុជាវិញ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេងបាននិងកំពុង សហការជាមួយគណៈកម្មការមូលបត្រកម្ពុជា និងរដ្ឋបាលខេត្តនានា ក្នុងការរៀបចំសិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩ ដែលជាការបន្តភាពជោគជ័យពី សិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៨ ដើម្បីចែករំលែកចំណេះដឹង, ជំនាញ, បទពិសោធន៍, បទប្បញ្ញត្តិ និងឱកាសវិនិយោគដល់សាធារណៈជនកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង សូមចូលទៅគេហទំព័រ www.cdx.com.kh៕