(ថៃ)៖ ក្នុងឱកាសការអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំចង្អៀត រដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM Retreat) និងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក លើកទី៦ (6th ADMM-Plus) នៅទីក្រុងបាងកក ប្រទេសថៃ កាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចូលជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក PROBOVO SUBIANTO រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី។
នៅក្នុងជំនួបនោះ តាមរយៈសម្តេចពិជ័យសេនា ទៀ បាញ់ លោក PROBOVO SUBIANTO រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី បានសម្តែងការសាកសួរសុខទុក្ខចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋនៃកម្ពុជា។ មានមតិឆ្លើយតបវិញ សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្តែងការអបអរសាទរចំពោះលោក PROBOVO SUBIANTO ដែលបានទទួលមុខដំណែងជារដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី។
សម្តេចពិជ័យសេនា បានបញ្ជាក់ថា៖ កម្ពុជា និង ឥណ្ឌូនេស៊ី មានប្រពៃណី ទំនាក់ទំនងមិត្តភាព និង កិច្ចសហប្រតិបត្តិការល្អជាមួយគ្នាតាំងពីយូរយាណាស់មកហើយ ហើយឥណ្ឌូនេស៊ី បានជួយស្វែងរកសន្តិភាពជូនប្រទេសកម្ពុជា ក្នុងកំឡុងសម័យអ៊ុនតាក់។ សម្តេចពិជ័យសេនា បានបញ្ជាក់ទៀតថា៖ ចាប់តាំងពីពេលនោះមក ឥណ្ឌូនេស៊ីនៅតែបន្តកិច្ចសហប្រតិបត្តិការ និង ជួយឧបត្ថម្ភដល់កម្ពុជាយ៉ាងច្រើន ក្នុងនោះលើផ្នែកវិស័យយោធា ឥណ្ឌូនេស៊ីបានជួយបណ្តុះបណ្តាល ហ្វឹកហ្វឺន ខភម ដល់កងពលតូចទ័ពពិសេសឆត្រ័យោងលេខ ៩១១ និង បញ្ជាការដ្ឋានអង្គរក្សជាបន្តបន្ទាប់។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា៖ នៅលើវេទិកាអន្តជាតិកម្ពុជា និងឥណ្ឌូនេស៊ី បានធ្វើការផ្លាស់ទស្សនៈគ្នាទៅវិញទៅមក និងបានរិះរកវិធីដើម្បីបំរើផលប្រយោជន៍រួម ហើយសម្តេចសង្ឍឹមថា៖ តាមរយៈកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន យើងនឹងបានពិភាក្សាគ្នា ជាមួយប្រទេសជាដៃគូរ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក។ ឆ្លៀតក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអញ្ជើញ លោក PROBOVO SUBIANTO ដែលទើបបានទទួលមុខដំណែងជារដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី ទៅធ្វើទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។
ជាចុងក្រោយ លោក PROBOVO SUBIANTO បានបញ្ជាក់ថា៖ កម្ពុជា និង ឥណ្ឌូនេស៊ី មានទំនាក់ទំនងមិត្តភាពជាមួយគ្នាតាំងពីរយូរលុងណាស់មកហើយ។ លោករដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ីបានបញ្ជាក់ទៀតថា៖ នឹងបន្តជួយបណ្តុះបណ្តាលដល់កងទ័ពកម្ពុជាតាមសំណើរដែលអាចធ្វើទៅបាន៕