(ភ្នំពេញ)៖ ពលករខ្មែរដែលកំពុងបម្រើការងារ នៅប្រទេសកូរ៉េខាងត្បូង បាននាំគ្នាបង្ហោះសារ និងវីដេអូពេញបណ្ដាញសង្គម Facebook ដោយពួកគេអះអាងថា នឹងត្រៀមចាំទទួលស្វាគមន៍ចំពោះវត្តមានរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ដែលអញ្ជើញទៅសំណេះសំណាល នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ។
តាមរយៈវីដេអូដែលត្រូវបានចែកចាយនោះ ពលករខ្មែរទាំងអស់បានបញ្ជាក់យ៉ាងដូច្នេះថា «ពួកយើងខ្ញុំសូមធ្វើវីដេអូមួយ ដើម្បីសម្ដែងនូវការគាំទ្រទៅលើ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំឡើយដោយសម្ដេចតេជោ ហ៊ុន សែន ហើយពួកយើងខ្ញុំកំពុងតែបម្រើការងារនៅក្នុងទីក្រុងអ៉ីនឆន ប្រទេសកូរ៉េ ពួកខ្ញុំទាំងអស់គ្នានឹងចូលរួមការធ្វើទស្សនកិច្ចផ្លូវការ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃអាទិត្យទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ»។
ពលរដ្ឋខ្មែរទាំងអស់ក៏បានអំពាវនាវដល់ ពលករ ពលការិនី ដែលកំពុងបម្រើការងារនៅប្រទេសកូរ៉េខាងត្បូងទាំងអស់ សូមកុំភ្លេចចូលរួមឲ្យបានច្រើនកុះករ៕