(ព្រះសីហនុ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះ បានបង្ហោះលើ Facebook ថា បន្ទាប់ពីបានមុជទឹកសមុទ្រ និងបានសម្រាកមួយយប់ នៅក្រុងព្រះសីហនុ ស្រូបយកខ្យល់សមុទ្រស្រឡះមុខមាត់រួចមក នៅព្រឹកនេះ សម្តេចនឹងអញ្ជើញធ្វើដំណើរត្រឡប់ពីខេត្តព្រះសីហនុ មកភ្នំពេញវិញ។
សម្តេចតេជោបានបញ្ជាក់ថា ដោយសារភ្ជាប់ជាមួយនឹងការងារអញ្ជើញមកបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែ នៅខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែវិច្ឆិកាម្សិលមិញ ទើបសម្តេចមានឱកាសបានមកសម្រាកនៅក្រុងព្រះសីហនុយូរម្តងៗ ខណៈដែលរាល់ថ្ងៃការងារប្រទេសជាតិ គឺរវល់ច្រើនខ្លាំងណាស់។
សម្តេចតេជោក៏មិនភ្លេចជូនពរឲ្យបងប្អូនជនរួមជាតិ ជួបតែសំណាងល្អ និងបានសម្រាកជួបជុំក្រុមគ្រួសារ ក្នុងថ្ងៃអាទិត្យនេះ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «សុខសប្បាយជាទេ បងប្អូនជនរួមជាតិ? កាលពីល្ងាចមិញ ក្រោយពីបានមុជទឹកសមុទ្រ នៅឆ្នេរអូរឈើទាលហើយ ក៏បានសម្រាកមួយយប់ នៅក្រុងព្រះសីហនុ ស្រូបយកខ្យល់សមុទ្រស្រឡះមុខមាត់។ យូរៗម្តងដោយភ្ជាប់ជាមួយនឹងការងារផង ទើបខ្ញុំមានឱកាសបានមកសម្រាកដូចនេះ ព្រោះរាល់ថ្ងៃការងារប្រទេសជាតិ គឺរវល់ច្រើនខ្លាំងណាស់។ បន្តិចទៀតខ្ញុំនឹងចេញដំណើរ ពីខេត្តព្រះសីហនុទៅកាន់រាជធានីភ្នំពេញវិញ។ សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសំណាងល្អ និងបានសម្រាកជួបជុំក្រុមគ្រួសារ ក្នុងថ្ងៃអាទិត្យនេះ»។
សូមជម្រាបថា នៅព្រឹកថ្ងៃម្សិលមិញនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដែលជាផ្លូវប្រណិតបំផុតនៅកម្ពុជា។ ផ្លូវទាំង៣៤ខ្សែនេះមានប្រវែង៨៤គីឡូម៉ែត្រ ប្រើប្រាស់ថវិកាសាងសង់២៩៤លានដុល្លារអាមេរិក ចំណាយពេលវេលា៨ខែប៉ុណ្ណោះ ដូច្នេះនៅឆ្នាំក្រោយនេះក្រុងព្រះសីហនុ នឹងប្រែមុខមាត់ថ្មី ក្លាយទៅជាទីក្រុង ដែលមានសុវត្ថិភាពបំផុត និងទាក់ទាញសម្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគនានា៕