(កំពង់ធំ)៖ អាជ្ញាធរក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានចាប់ផ្ដើមសកម្មភាពរៀបចំសណ្តាប់ធ្នាប់នៅផ្សារកំពង់ធំ និងសោភ័ណភាពក្រុងស្ទឹងសែនទាំងមូល ដោយកំណត់រយៈពេលលើសពីមួយខែក្នុងការសម្រេចកិច្ចការនេះ ដើម្បីបំពេញបំណងរបស់ប្រជាពលរដ្ឋដែលចង់ឱ្យក្រុងរបស់ខ្លួនក្លាយជាទីក្រុងស្អាត ឈានដល់ការដណ្ដើមបានជយលាភីផ្ការំដូល៣ទង។
លោក ម៉ាក់ ប៊ុនហុង អភិបាលរងក្រុងស្ទឹងសែន បានលើកឡើងថា ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់នៅផ្សារកំពង់ធំនេះ គឺដោយយោងករណីចាំបាច់ ដែលតម្រូវឲ្យចាត់វិធានការចំពោះអាជីរវករដែលលក់ដូររំលោភលើដីចំណីផ្លូវ និងប្រព័ន្ធលូសាធារណៈ ធ្វើកាកសំណល់មួយចំនួនហូរចូលលូសម្អាតមិនកើត បណ្តាលឲ្យកកស្ទះរាល់ពេលមានភ្លៀងធ្លាក់។
លោកបន្តថា ការរៀបចំនេះមានរយៈពេលប្រហែលមួយខែ ឬលើសពីនេះ អាស្រ័យលើអាជីវករចូលរួមសហការ។ ប៉ុន្តែរយៈពេលមួយខែរហូតដល់ចុងខែវិច្ឆិកា មិនមានការផាកពិន័យនោះទេ គ្រាន់តែប្រមូលយកទំនិញដែលលក់រំលោភលើដីចំណីផ្លូវ និងប្រព័ន្ធលូសាធារណៈប៉ុណ្ណោះ។
លុះដល់ផុតរយៈពេលមួយខែនេះ គឺនឹងធ្វើការផាកពិន័យ និងដកហូតទំនិញតាមសារាចរណ៍ណែនាំដែលបានចែកជូនកន្លងមក ប្រសិនបើអាជីវកររូបណានៅមិនព្រមអនុវត្តតាម នឹងត្រូវបិទតូបឈប់ឲ្យលក់ដូរតែម្តង។
ការរៀបចំធ្វើនេះ គឺក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពីលោក សុខ លូ អភិបាលខេត្តកំពង់ធំ ដែលមានកម្លាំងសហការរបស់ស្នងការនគរបាលខេត្ត គិតគូរដល់បរិស្ថានជុំវិញផ្សារទាំងមូល សណ្តាប់ធ្នាប់ សុវត្ថិភាពយានយន្តរបស់អ្នកដំណើរ និងអាជីវករ ជាពិសេសសុខមាលភាពរបស់ប្រជាពលរដ្ឋ។
លោកបញ្ជាក់ថា គោលដៅនឹងរៀបចំការដាក់លក់ទំនិញឲ្យមានសោភ័ណភាព ដោយមានការដាក់ឆ័ត្រត្រឹមត្រូវតាមស្តង់ដា និងស្តារប្រព័ន្ធលូរំដោះទឹកភ្លៀងនៅជុំវិញផ្សារ ធ្វើយ៉ាងណាកុំឲ្យមានការកកស្ទះ នាំឲ្យជះក្លិនមិនល្អប៉ះពាល់ដល់សុខ និងតាមរយៈចំណីអាហារមិនស្អាត ព្រមទាំងរៀបចំបើកផ្លូវឯកទិសជុំវិញផ្សារកំពង់ធំផងដែរ។ ការរៀបចំបើកផ្លូវឯកទិសនេះ គឺបានផ្តល់ប្រយោជន៍ចំពោះប្រជាពលរដ្ឋធ្វើដំណើមកកាន់ផ្សារ និងអាជីវករខ្លួនឯងបានស្រួលផង។
ជាមួយគ្នានេះ លោក ម៉ាក់ ប៊ុនហុង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមមេត្តាចូលរួម និងជួយសម្អាតបរិស្ថាននៅមុខតូបរបស់ខ្លួនឱ្យបានស្អាត ដើម្បីទីក្រុងមានសោភ័ណភាព សុខភាពល្អ។
ប្រជាពលរដ្ឋបានបង្ហាញការសប្បាយចិត្ត និងគាំទ្រចំពោះអាជ្ញាធរដែលបានរៀបចំផ្សារឲ្យមានភាពស្រលះ មានសោភ័ណភាព និងងាយស្រួលធ្វើដំណើរ ដើម្បីឲ្យក្រុងស្ទឹងសែនឈានទៅរកផ្ការំដួល៣ទង៕