(ភ្នំពេញ)៖ លោក អៀង សុធារ៉ា អគ្គ នាយកក្រុមហ៊ុនផ្កាឈូក បានថ្លែងថា បុគ្គលម្នាក់ដែលចិត្តខន្តីច្រើន មិនមែនជាបុគ្គលដែលទន់ខ្សោយនោះទេ តែផ្ទុយទៅវិញបុគ្គលនោះ គឺជាមនុស្សម្នាក់ដែលរឹងមាំ ខ្លាំង និងពូកែរទៅវិញនោះទេ ព្រោះតែបុគ្គលម្នាក់នោះ គឺអាចគ្រប់គ្រងខ្លួនឯងបានយ៉ាងល្អ ជាមួយនឹងការចេះអត់ឱន ចេះសណ្តោះប្រណីដល់អ្នកដែលនៅជុំវិញខ្លួន ហើយបុគ្គលនោះក៏ជាមនុស្ស ដែលជោគជ័យម្នាក់ផងដែរ។
លោក អៀង សុធារ៉ា បានលើកឡើងយ៉ាងដូចនេះនាល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីក្នុងទិវា «អន្តរជាតិ ដើម្បីការអត់ឱន» ១៦ វិច្ឆិកា ២០១៩ ដែលទិវាមួយនេះត្រូវបានបង្កើតឡើងចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងគោលបំណងដើម្បីចូលរួមក្នុងការ ជួយបណ្តុះស្មារតីដល់យុវជនឱ្យចេះយោគយល់អធ្យាស្រ័យ និងចេះអត់ឱនគ្នាទៅវិញទៅមក។
ទិវា «អន្តរជាតិ ដើម្បីការអត់ឱន»នេះដែរ បានរៀបចំឡើងអគារសហប្រតិបត្តិការកម្ពុជា-ជប៉ុន ( CJCC) ដោយមានការចូលរួមពីលោក ស៊ីណូហារ៉ា អតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា, ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន ប្រធានផ្នែកពុទ្ធកឧត្តមសិក្សា និងក្រោយឧត្តមសិក្សានៃអគ្គធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងដោយមានការចូលរួមពីព្រះតេជគុណ លោកតា លោកយាយ និងយុវជន យុវនារីជាច្រើនរូបផងដែរ។
លោក អៀង សុធារ៉ា បានឱ្យដឹងទៀតថា អត្ថន័យនៃ «ទិវាអន្តរជាតិដើម្បីការអត់ឱន» នេះ គឺមានសារៈសំខាន់ខ្លាំងសម្រាប់សង្គមយើង ជាពិសេសក្នុងចំណោមយុវជន ដូច្នេះ គោលបំណងរបស់កម្មវិធីនេះគឺ ដើម្បីអបអរទិវាអន្តរជាតិ ដើម្បីការអត់ឱន «International Day for Tolerance» ក្នុងឋានៈជាពលរដ្ឋនៃប្រទេសមួយ ដែលរាជរដ្ឋាភិបាលរបស់យើង ជាហត្ថលេខីមួយ ដែលបានចូលរួមបង្កើតឲ្យមានទិវានេះឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង និងដើម្បីលើកស្ទួយចរិយាធម៌ «ការអត់ឱនគ្នាទៅវិញទៅមក» ក្នុងសង្គមខ្មែរ ជាពិសេសក្នុងចំណោមយុវវ័យដែលគេអាចមើលឃើញបានដោយងាយតាមប្រព័ន្ធ Social Media។
លោក អៀង សុធារ៉ា បានបញ្ជាក់ទៀតថា បុគ្គលម្នាក់ដែលចិត្តខន្តីច្រើន មិនមែនជាបុគ្គលម្នាក់ដែលទន់ខ្សោយនោះទេ តែផ្ទុយទៅវិញបុគ្គលនោះ គឺជាមនុស្សម្នាក់ដែល រឹងមាំ ខ្លាំង និងពូកែរទៅវិញទេ ព្រោះតែបុគ្គលម្នាក់នោះគឺអាចគ្រប់គ្រងខ្លួនឯងបានយ៉ាងល្អ ជាមួយនិងការចេះអត់ឱន ចេះសណ្តោះប្រណីដល់អ្នកដែលនៅជុំវិញខ្លួន ក្នុងនោះដែរបើក្រុមហ៊ុនមួយដែលមានអ្នកដឹកនាំ ដែលមានចិត្តខន្តីច្រើននោះ ក្រុមហ៊ុននោះនឹងអាចដំណើរការទៅមុខបានយ៉ាងរលូនផងដែរ ហើយបើប្រទេសជាតិមួយ ដែលសំបូរទៅដោយអ្នកដែលចេះអត់ឱន ខន្តីនេះច្រើននោះ ប្រទេសនោះក៏និងទទួលបានក្តីសុខ និងភាពរីកចំរើនដូចគ្នាផងដែរ។
លោកបានបញ្ជាក់ទៀតថា បើបុគ្គលម្នាក់ដែលបានប្រកាន់ ចិត្តខន្តីក្នុងខ្លួនបានច្រើននោះ ភាពសុខសប្បាយ ភាពជា នឹងកើតឡើងលើបុគ្គលនោះកាន់តែច្រើនដូចគ្នា ហើយបើសិនជាចិត្តខន្តីនេះ ចុះច្រើនទៅវិញនោះ ភាពសុខសប្បាយភាពជានោះ ក៏នឹងចុះដូចគ្នាផងដែរ ដូចនេះហើយយើងគ្រប់គ្នាគួរតែប្រកាន់ពាក្យខន្តីនេះ នៅក្នុងខ្លួនឱ្យបានច្រើនផងដែរ ដើម្បីយើងអាចទទួលបានភាពសុខ និងសេចក្តីចម្រើនទាំងអស់គ្នាផងដែរ។
លោក អៀង សុធារ៉ា បានបញ្ជាក់ទៀតថា ការរៀបចំទិវានេះ ក៏ដើម្បីរំលឹកនិងរំលេចនូវពាក្យ ខន្តី របស់ព្រះសម្មាសម្ពុទ្ធ និងពុទ្ធសាសនា ដែលភាសាអង់គ្លេសបានប្រែទៅជា Tolerance ដែលអាចឲ្យយើងនិយាយបានថា ថ្ងៃនេះអង្គការសហប្រជាជាតិបានកំណត់ពាក្យខន្តី ឲ្យទៅជាពាក្យអន្តរជាតិ ដោយសុំបកប្រែពាក្យ International Day for Tolerance ជាថ្មី ដូច្នេះវិញថា «ទិវាអន្តរជាតិ ដើម្បីខន្តី»។ កម្មវិធីនេះក៏បានឆ្លុះបញ្ចាំង នូវសន្តានព្រះទ័យ និងចិត្តជាខន្តី អត់ឱន និងប្រោសប្រណី តាមគន្លងពាក្យ ប្រៀនប្រដៅ របស់ព្រះសម្មាសម្ពុទ្ធ ជាបរមគ្រូនៃយើងជាពិតប្រាកដ។
លោកក៏បានអំពាវនាវដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងអ្នកចូលរួមទាំងអស់ មេត្តាចែកចាយ ផ្សព្វផ្សាយ និងបណ្តុះធម៌ខន្តី និងការអត់ ឱនគ្នានេះឲ្យបានច្រើន និងទូលំទូលាយ ក្នុងចំណោមយុវជនយើង ដោយសេចក្តីសង្ឃឹមយ៉ាងមុតមាំថាកម្ពុជាយើង ដែលមានពុទ្ធសាសនា ជាសាសនារបស់រដ្ឋ នឹងមានប្រជាពលរដ្ឋគ្រប់រូប ដែលមានចិត្តជាខន្តី អត់ធ្មត់ អត់ទ្រាំ អត់ធន់ និងអត់ឱនជាពុំខាន៕