(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារចុះពិនិត្យមើលការបាក់ច្រាំងទន្លេជាថ្មី ស្ថិតនៅក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលប្រការនេះបណ្តាលឲ្យប៉ះពាល់ដល់អគារប៉ុស្តិ៍រដ្ឋបាលនេះ។
មន្ត្រីសាលាខេត្តកំពង់ចាម បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh Newsថា ដើម្បីដោះស្រាយបញ្ហាគ្រោះធម្មជាតិ ដែលតែងតែកើតមានឡើង, លោក អ៊ុន ចាន់ដា និងលោក ខ្លូត ផន ប្រធានក្រុម ក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ រួមនឹងអាជ្ញាធរក្រុង ចុះពិនិត្យស្ថានភាពបាក់ស្រុតដីច្រាំងទន្លេ ដែលមានប្រវែងជាង ១០ម៉ែត្រ ទទឹង ៥ម៉ែត្រ។
អភិបាលខេត្តកំពង់ចាម ក៏បានដាក់ចេញនូវផែនការឲ្យមន្ត្រីជំនាញ ត្រូវយកចិត្តទុកដាក់ក្នុងការចុះធ្វើការសិក្សាស្រាវជ្រាវ ឈានទៅដល់បង្កើតផែនការដោះស្រាយបញ្ហាចំពោះមុខឲ្យទាន់ ពេលវេលា។
ដោយឡែក នាព្រឹកថ្ងៃដដែលនេះ លោក អ៊ុន ចាន់ដា និងលោក ខ្លូត ផន រួមនឹងមន្ត្រីពាក់ព័ន្ធ បានអមដំណើរលោក ញ៉ែម វ៉ាលី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាអគ្គលេខាធិកាក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា អញ្ជើញចុះពិនិត្យគម្រោងកែលំអរសួនច្បារ ចាប់ពីចំណុចគល់ស្ពានគីហ្សូណា ឆ្ពោះទៅដល់ចំណុច អតីតកំពង់សាលាឡាងចាស់ នៅក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ដើម្បីពិនិត្យទីតាំងត្រៀមរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី២៨ ខែវិច្ឆិកា ខាងមុខនេះផងដែរ៕