(ឧត្តរមានជ័យ)៖ មេបញ្ជការយោធភូមិភាគទី៤កម្ពុជា និងមេបញ្ជាការយោធភូមិភាគទី២ថៃ បានប្តេជ្ញាពង្រឹងកិច្ចសហការតាមខ្សែបន្ទាត់ព្រំដែន ក្នុងទិសដៅឲ្យតំបន់ព្រំដែនក្លាយជាព្រំដែនសន្តិភាព និងការអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៃប្រទេសទាំង២កាន់តែប្រសើរឡើង។
នៅក្នុងកិច្ចប្រជុំពិភាក្សាកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការអភិវឌ្ឍន៍តាមបណ្តោយព្រំដែន យោធាកម្ពុជាដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ ដោយមានការចូលរួមពីលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងក្រុមការងារ ខណៈយោធាថៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ថាន់យ៉ា គៀតទិសាន មេបញ្ជាការ និងមានការចូលរួមពីអភិបាលខេត្តបុរីរាំ និងក្រុមការងារ។ ភាគីទាំង២ បានធ្វើការប្តេជ្ញា និងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យកាន់តែខ្លាំងក្លាថែមទៀត ស្របតាមទិសដៅរបស់ប្រមុខរាជរដ្ឋាភិបាល នៃប្រទេសទាំង២។
នៅក្នុងឱកាសនោះលោកឧត្តមសេនីយ៍ឯក ពៅ ហេង បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់អគ្គមេបញ្ជាការ ក៏ដូចជាមេបញ្ជាការកងទ័ពជើងគោក ចំពោះមេបញ្ជាការ អភិបាលខេត្ត នៃកងទ័ពភូមិន្ទថៃទាំងអស់ ដែលបានសហការល្អកន្លងមក។
ជាក់ស្តែង សភាពការណ៍កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ បានធ្វើឲ្យក្រុមក្បត់ជាតិទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ប្រសូត្រ ចេញពីការបោះឆ្នោត។ ការទទួលបានជោគជ័យរហូតមកដល់ថ្ងៃនេះ ក៏ដោយសារនាយករដ្ឋមន្ត្រីប្រទេសទាំង២ បានសហប្រតិបត្តិការស្អិតរមួត។
លោកឧត្តមសេនីយ៍ឯក ពៅ ហេង បានបញ្ជាក់ថា «យោធភូមិភាគទី៤ និងយោធភូមិភាគទី២ភាគីថៃ បានសហការគ្នាបានល្អ»។
ជាមួយគ្នានោះ លោកក៏បានថ្លែងអំណរគុណចំពោះភាគីថៃ ដែលបានខិតខំយកចិត្តទុកដាក់ជួយទប់ស្កាត់ រាល់អំពើពួកក្បត់ជាតិដែលបានជ្រៀតចូលតាមផ្លូវគោក តាមច្រកតំបន់ គឺយើងទប់ស្កាត់បានយ៉ាងល្អ ជាក់ស្តែងយើងបានទប់ស្កាត់រហូតដល់ថ្ងៃនេះ។ លោកថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានធូរស្រាលចំពោះសភាពការណ៍នយោបាយនេះ ហើយរដ្ឋាភិបាល បានលើកលែងទោសមួយចំនួន ដល់អ្នកចាញ់បោកមេចលនាក្បត់ជាតិឲ្យមានសេរីភាពវិញ ដើម្បីឲ្យពួកគាត់បានប្រកបរបរចិញ្ចឹមជីវិតជួបជុំគ្រួសារវិញ។
លោកឧត្តមសេនីយ៍ឯក ពៅ ហេង ក៍បានសំណូមពរឲ្យបន្តកិច្ចសហប្រតិបត្តិការលើសនេះទៀត នៅតាមបណ្តោយព្រំដែនរវាងយោធភូមិភាគទី៤ និងយោធភូមិភាគទី២ ក្នុការទប់ស្កាត់ បង្ក្រាបគ្រឿងញៀន ជួញដូរអាវុធខុសច្បាប់ បំផ្លាញព្រៃឈើ ឬឆក់ប្លន់ទ្រេព្យសម្បត្តិ ប្រជាពលរដ្ឋទាំងសងខាង យើងសហការឲ្យសម្រេចបានដើម្បីប្រទេសយើងទាំង២ មានសណ្តាប់ធ្នាប់ល្អ, ត្រូវផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក រាល់បញ្ហាដែលកើតមានឡើង បើមានការប៉ះពាល់ ឬកើតមានឡើងនៅតាមគោលដៅណាមួយនៅតាមព្រំដែន ពិសេសយោធភូមិភាគទី៤ និងទី២ គឺយើងសហការគ្នាដោះស្រាយដោយសន្តិវិធី។
ជាមួយគ្នានោះ លោកមេបញ្ជាការ បានសំណូមពរដល់អាជ្ញាធរខេត្ត នៃប្រទេសទាំង២ សំខាន់ខេត្តឧត្តរមានជ័យ និងខេត្តបុរីរាំ ត្រូវសហប្រតិបត្តិការឲ្យបានល្អ ដើម្បីបង្កើនការរកស៊ីទៅវិញទៅមក រវាងប្រជាពលរដ្ឋទាំងសងខាង ពិសេសគឺសំណូមពរឲ្យអាជ្ញាធរខេត្តប្រទេសទាំង២ និងសមត្ថកិច្ចទាំងសងខាងធ្វើយ៉ាងណាឲ្យដំណើរការបើកច្រកបានរហូតដល់ម៉ោង៥ ព្រោះកន្លងមកយើងបើក ត្រឹមម៉ោង៣ ដែលជាហេតុធ្វើឲ្យមានការលំបាកដល់ប្រជាពលរដ្ឋនៃប្រទេសទាំង២។
ជាការឆ្លើយតប លោកឧត្តមសេនីយ៍ទោ ថាន់យ៉ា គៀតទិសាន បានទទួលយកនូវសំណើររបស់ភាគីកម្ពុជា ដើម្បីយកទៅឆ្លងក្រសួងមហាផ្ទៃ និងរដ្ឋសភា ដើម្បីឲ្យដំណើរការច្រកនៅតំបន់ជប់គរគីនេះ បើករហូតដល់ម៉ោង៥ល្ងាច។ ជាមួយគ្នានោះ លោកក៏បានប្តេជ្ញាជាមួយភាគីកម្ពុជា ក្នុងការរៀបចំច្រកតំបន់ជប់គរគី ដើម្បីឲ្យក្លាយជាច្រកអន្តរជាតិក្នុងពេលឆាប់ៗនេះ៕