(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង០៨៖៤០នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៩ (GS9-F5) មូលហេតុដោយសារអេស្កាវ៉ាទ័រក្រុមហ៊ុន China Construction Four Division (Novotel BKK) កាយប៉ះខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ក្រោមដី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួននៅក្នុងខណ្ឌដូនពេញ ខណ្ឌបឹងកេងកង ខណ្ឌចំការមន និងខណ្ឌ៧មករា។

តំបន់ដែលដាច់ចរន្តអគ្គិសនីនោះរួមមាន៖

*ទី១ ៖ ផ្លូវ៥១ ផ្លូវ៦៣ ផ្លូវ១៧២ ផ្លូវ២១៤ ផ្លូវតេជោតំឌិន ផ្លូវត្រសក់ផ្អែម សង្កាត់ផ្សារថ្មី១ សង្កាត់ផ្សារថ្មី២ សង្កាត់ផ្សារថ្មី៣ សង្កាត់បឹងរាំង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ
*ទី២ ៖ ផ្លូវ១៦០ វិថីព្រះសីហនុ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង
*ទី៣ ៖ ផ្លូវនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
*ទី៤ ៖ ផ្លូវ៩៣ ផ្លូវ១០៧ ផ្លូវ១១១ ផ្លូវ១១៥ ផ្លូវដឺហ្គោល សង្កាត់អូរឫស្សី១ សង្កាត់អូរឫស្សី៣ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេស បានធ្វើការផ្លាស់ប្តូរប្រភពផ្គត់ផ្គង់ និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១១៖៣៤នាទីព្រឹក។

អគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ។

ជាមួយគ្នានេះ អគ្គិសនី ក៏សូមអាស្រ័យចំពោះសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី និងបងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្ត អគ្គិសនី នេះដោយអនុគ្រោះ៕