(ស្វាយរៀង)៖ ទឹកផុសចេញពីក្នុងដី នៅទីតាំងទឹកស្រះមួយកន្លែងកណ្តាលវាលស្រែ នាំឲ្យពលរដ្ឋមួយចំនួនមានជំនឿថា ពូកែស័ក្តិសិទ្ធិអាចព្យាបាលជំងឺបាន រហូតនាំគ្នាទៅអុចធូបសុំដងទឹក ដែលពុះផុសចេញពីក្នុងស្រះនោះ មកផឹកដោយខ្លះអះអាងថា បានជាធូរស្រាលមែន។ ករណីទឹកស្រះពុះនេះកើតឡើងក្នុងភូមិថ្នល់ទទឹង សង្កាត់ច្រកម្ទេស ក្រុងបាវិត។
បើតាមម្ចាស់ស្រែលោក សឹង ណារិទ្ធិ អាយុ៥៥ឆ្នាំ រស់នៅភូមិថ្នលទទឹង សង្កាត់ច្រកម្ទេស ក្រុងបាវិត បានឲ្យដឹងថា ទឹកពុះក្នុងស្រះរបស់គាត់នេះកើតឡើង ៣ទៅ៤ឆ្នាំមកហើយ ក៏ប៉ុន្តែពុះនៅពេលរដូវវស្សា ហើយការពុះទឹកនេះ គឺពុះតូចៗដូចត្រីបណ្តើរកូន ទើបតែឆ្នាំ២០១៩នេះគឺពុះខ្លាំង។
លោក សឹង ណារិទ្ធ បានបញ្ជាក់ថា ដើមចមនាំឲ្យមានការផ្អើល មកសុំទឹកយកទៅផឹកព្យាបាលជំងឺ ដោយមានរឿងចម្លែកអ្នកភូមិថ្នល់ទទឹងម្នាក់ មានមេគោកើតកូន ក្រោយពីកើតកូនហើយ មេគោនោះ មានជំងឺដើរមិនរួច ម្ចាស់គោក៏បានទៅរកអ្នកចូលរូប ក្នុងភូមិឲ្យចូលរូបមើលតើខុសអី បានជាហៅពេទ្យចាក់ថ្នាំឲ្យមេគោនេះហើយ មិនជាសោះ ពេលនោះអ្នកចូលរូបបានប្រាប់ថា ឯងទៅដង ទឹកពុះស័ក្តិសិទ្ធិយកឲ្យមេគោផឹកទៅជាហើយ។
លោកបានបន្តថា ប៉ុន្តែអ្នកចូលរូបនោះមិនបានប្រាប់ថា កន្លែងទឹកពុះនៅកន្លែងណាទេ ខណៈម្ចាស់គោត្រឡប់មកផ្ទះវិញ និយាយប្រាប់គេឯងតាមដំណើររឿង ក៏បានឮដល់អ្នកភូមិម្នាក់ទៀត បានប្រាប់ថា ភូមិយើងមានទឹកពុះនៅស្រះទឹកក្នុងស្រែរបស់លោក ពេលនោះម្ចាស់គោ និងអ្នកភូមិក៏នាំគ្នាមកអុចធូបសុំដងទឹកពុះនោះដោយបួងសួងថា បើបារមីចាំស្រះទឹកពុះនេះ ពូកែស័ក្តិសិទ្ធិ ខ្ញុំសុំដងទឹកនេះ យកទៅឲ្យមេគោខ្ញុំ ដែលឈឺនៅផ្ទះសូមឲ្យជាសះស្បើយ ខ្ញុំនឹងមកថ្វាយនំចំណីផ្លែឈើ ក្រោយពីដងទឹកច្រកឲ្យគោផឹកមកមេគោនោះ ស្រាប់តែជាស្ទុះឡើងឈររួចដើរបាន ធម្មតាវិញ។
លោកបានបន្តទៀតថា ម្ចាស់គោក៏បាននិយាយតៗគ្នា ទៅក៏ឮដល់អ្នកស្រុក ដែលមានជំងឺរ៉ាំរ៉ៃ ដូចជា ឈឺស្ពឹកដៃជើងឈឺក្បាលវិលមុខមិនបាត់ ស្គមស្គាំងនាំគ្នាមកបន់ស្រន់ សុំដងទឹកពុះនោះយកទៅផឹក ក៏បានធូរស្រាល និងអះអាងថាជា ហើយបានទៅនិយាយតៗគ្នា ក៏លេចឮនាថ្ងៃពេញបរមីខែកក្តិក ក៏បានផ្អើលនាំគ្នាមកអុចធូប សុំដងទឹកទៅផឹកព្យាបាលជំងឺគ្រប់ៗគ្នា ហើយប្រាប់ថា ធូរស្រាលចាប់ពីថ្ងៃពេញបរមីនោះ មកក៏មានមនុស្សជិតឆ្ងាយ ដែលបានដឹងតៗគ្នា មកអុចធូបសុំបារមីទឹកផុះ ឬទឹកពុះយកទៅផឹកហូហែរ ក្នុងមួយថ្ងៃមានចាប់ពី១០០នាក់ ទៅ២០០នាក់រៀងរាល់ថ្ងៃ ហើយមានគេមកប្តូរខ្ទមរានទេវតា ដែលធ្វើនៅមាត់ស្រះជាថ្មី សម្រាប់មហាជនដែលមកសុំដងទឹកពុះនេះ អុចធូប និងបន់ស្រន់សុំសេចក្តីសុខ និងថ្វាយតង្វាយដែលគេបានបន់ស្រន់ សុំឲ្យជាជំងឺហើយបានជាអ្នកខ្លះគេហៅថា អ្នកតាទឹកពុះ មានបារមីពូកែរស័ក្តិសិទ្ធិ។
លោក សឹង ណារិទ្ធិ បានបន្ថែមថា ប៉ុន្តែការពិតទីនេះ មិនដែលមានអ្នកតាទេ គឺគាត់ជាម្ចាស់ស្រែ គ្រាន់តែធ្វើរានទេវតា ដាក់ក្រោមដើមឈើនៅកែងស្រែ គ្រាន់អុចធូបសុំសេចក្តីសុខ ពេលមកធ្វើស្រែ ឬជ្រកម្លប់ពេលមករកត្រី និងឃ្វាលគោប៉ុណ្ណោះ។ ដោយនៅក្នុងក្រុងបាវិតនេះ តាំងពីបុរាណមកមិនដែលមានទឹកផុស ឬទឹកពុះនោះទេ ពេលមានទឹកពុះកើតឡើងបែបនេះហើយ មានអ្នកចូលរូបប្រាប់ថា ទឹកផុសនេះមានបារមីកាន់ពូកែស័ក្តិសិទ្ធិ បើអ្នកណាមានជំនឿ ជឿជាក់អុចធូប សុំដងទឹកពុះនេះយកទៅផឹក គឺអាចព្យាបាលជំងឺជាសះស្បើយតាមបំណងប្រាថ្នា ផ្ទុយទៅវិញ ប្រសិនបើអ្នកមិនជឿ និងប្រមាថ គឺគ្មានលទ្ធផលនោះទេ។
នៅថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០១៩នេះ មានមនុស្សម្នាមកពីក្រុងបាវិត ស្វាយរៀង នាំគ្នាទៅអុចធូបសុំដងទឹកពុះ យកទៅផឹកព្យាបាលជំងឺហូរហែរផងដែរ ហើយគ្មានបង្គាប់អ្វីទេ គឺតាមសទ្ធា ខ្លះក៏ដាក់ផ្លែឈើ ខ្លះដាក់ថ្វាយនំចំណី ខ្លះគ្រាន់តែអុចធូប និងអ្នកខ្លះថ្វាយជាប្រាក់ ១ពាន់រៀល ខ្លះ១ដុល្លារ ពុំមានអ្នកចាំទាយកលាភនោះឡើយ។ ម្ចាស់ស្រែគ្រាន់តែបោះតង់ ដាក់គ្រែអង្គុយចាំស្រែប៉ណ្ណោះ។ ហើយទឹកពុះនេះ គឺកណ្តាលវាលស្រែ ចុះពីភូមិទៅចម្ងាយប្រមាណ ៧០០ម៉ែត្រ ទើបដល់ ដូច្នេះត្រូវទុកម៉ូតូ និងរថយន្តនៅផ្ទះអ្នកស្រុក និងនៅតាមភ្លឺប្រឡាយ ហើយនាំគ្នាដើរទៅតាមភ្លឺភ្លោះ ដែលមានទឹកល្បាប់រអិលផងដែរ។ បើតាមអ្នកភូមិ គេក៏ឃើញមានអ្នកមានជំងឺទឹកនោមផ្អែម និងលើសឈាម ទៅសុំដងទឹកពុះនោះច្រើននាក់ដោយចង់ជាពីជំងឺ។
ទោះបីយ៉ាងណាពាក់ព័ន្ធ ទៅនឹងបាតុភូតទឹកពុះ នៅសង្កាត់ច្រកម្ទេស ក្រុងបាវិតនេះ លោក ប៉ុក តក ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តស្វាយរៀង បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះថា លោកមិនទាន់ទទួលបានព័ត៌មានថា មានករណីទឹកពុះនេះទេ តែបើមានករណីនេះមែន នៅថ្ងៃទី១៨ ខែវិច្ឆិកា ខាងមុខនេះ លោកឲ្យមន្ត្រីជំនាញ ចុះទៅពិនិត្យស្ថានភាពជាក់ស្តែងឲ្យពិតប្រាកដ ថាតើករណីទឹកពុះនេះ បណ្តាលមកពីមូលហេតុអ្វីឲ្យពិតប្រាកដ៕