(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសកូរ៉េខាងត្បួង បាននាំគ្នាបង្ហោះសារ និងវីដេអូព្រោងព្រាតនៅលើបណ្ដាញសង្គម Facebook ត្រៀមទទួលស្វាគមន៍វត្តមាន របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលនឹងអញ្ជើញទៅជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរ នៅទីនោះ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ។
ពលរដ្ឋខ្មែរទាំងអស់នោះ បានបញ្ជាក់ថា ពួកគាត់បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចាំទទួលស្វាគមន៍វត្តមានរបស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ដែលនឹងអញ្ជើញចុះទៅជួបដោយផ្ទាល់ជាមួយពលករដែលកំពុងបំពេញការងារនៅកូរ៉េ ដែលទាំងអស់នេះ សបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ របស់ប្រមុខដឹកនាំកំពូល ជាមួយប្រជាពលរដ្ឋ ពិសេសអ្នកដែលកំពុងចំណាក់ស្រុក។
ពលរដ្ឋខ្មែរសុទ្ធតែបានអះអាងដូចៗគ្នាថា ពួកគាត់មានក្ដីរំភើបរីករាយឥតឧបមា ដែលសម្ដេចប្រមុខនៃរាជរដ្ឋាភិបាល បានផ្ដល់កិត្តិយសជូនពួកគាត់ បានជួបដោយផ្ទាល់ ដើម្បីជម្រាបពីសុខទុក្ខ និងការរស់នៅប្រចាំថ្ងៃ គ្រាដែលពួកគាត់បានចាកឆ្ងាយពីស្រុកកំណើត។
ជាមួយគ្នានេះ ឪពុកម្ដាយ អាណាព្យាបាល ដែលមានកូនកំពុងធ្វើការនៅប្រទេសកូរ៉េ បានសម្ដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ដល់ឱកាសឲ្យកូនៗរបស់ពួកគាត់ អាចទៅបំពេញការងារនៅប្រទេសកូរ៉េ ហើយធ្វើឲ្យជីវភាពរបស់ពួកគាត់ កាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ពួកគាត់ថា គុណបំណាច់របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានជួយដល់ប្រជាពលរដ្ឋទាំងអស់ ពួកគាត់មិនអាចបំភ្លេចបាននោះឡើយ និងប្ដេជ្ញាបន្ដគាំទ្រសម្ដេចតេជោនាយករដ្ឋមន្ដ្រីជារៀងរហូត៕