(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានថ្លែងលើកទឹកចិត្តដល់មន្ត្រីក្រោមឱវាទ ដែលទទួលភារកិច្ចលើគម្រោងបឹងទន្លេសាប ឲ្យបន្តអនុវត្តកិច្ចការនេះ ក្នុងទិសដៅដើម្បីអភិវឌ្ឍមូលដ្ឋាន និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ការលើកឡើងដូច្នេះ ខណៈពេលលោកអភិបាលខេត្ត បានសន្និដ្ឋានចុងកម្មវិធីប្រជុំស្ដីពី ការអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់បឹងទន្លេសាបជំហានទី២ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។
តាមលោក ពោយ សុខជា ប្រធានគាំទ្រគម្រោងថ្នាក់ខេត្តឲ្យដឹងថា គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាបជំហាន២ (TSS D-AF) នឹងពង្រីកតំបន់គោលដៅពី១៩៦ ឃុំ/សង្កាត់៥ ខេត្តគោលដៅទៅ ២៧០ ឃុំ/សង្កាត់ ៧ខេត្ត (៧៤ឃុំ/សង្កាត់ ២ខេត្តថ្មី)។
ដោយឡែកខេត្តកំពង់ចាម មាន ៥ស្រុក គោលដៅមានចំនួន៤០ឃុំ (ស្រុកបាធាយមាន៩ឃុំ/១២ឃុំ ស្រុកជើងព្រៃមាន៨ឃុំ/១០ឃុំ ស្រុកកងមាសមាន៨ឃុំ/១១ឃុំ ស្រុកកោះសូទិនមាន៧ឃុំ/៨ឃុំ និងស្រុកស្ទឹងត្រង់មាន៨ឃុំ/១២ឃុំ)។
គម្រោងជំហាន ២នេះ ផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ដែលឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ បង្កើនផលិត ភាពកសិកម្ម ពិពិធកម្ម កសិកម្ម ភាពធន់នឹងអាកាសធាតុ ការផលិតសម្រាប់លក់ ការអភិវឌ្ឍន៍សហគ្រាស ការរៀបចំទីផ្សារសម្រាប់លក់ផលិតផល។ គម្រោងបានទទួលថវិកាសរុបចំនួន ៦៦លានដុល្លារ ក្នុងនោះ មានហិរញ្ញបទានចំនួន ៤,៧លានដុល្លារ មកពី៖ រាជរដ្ឋាភិបាលកម្ពុជាចំនួន ៦លានដុល្លារ, ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំនួន៥០លានដុល្លារ និងមូលនិ ធិអន្តរជាតិ សម្រាប់ការអភិវឌ្ឍន៍កសិកម្ម (IFAD) ចំនួន១០លាន ដុល្លារ។
បើតាមអភិបាលរងខេត្តកំពង់ចាម លោក ហាន កុសល មានតួនាទីទទួលបន្ទុកផ្នែកគម្រោងបឹងទន្លេសាប បានឲ្យដឹងថា កិច្ចការចុះអនុវត្តគម្រោង មានការជួបផលលំបាកជាច្រើន ដូចជា មន្ត្រីធ្វើការគ្មានប្រាក់បៀវត្ស ឬប្រាក់បៀវត្សតិច និងប្រការមួយចំនួនទៀត, ប្រជាពលរដ្ឋក្រីក្រខ្ចីលុយប្រកបមុខរបរខាតបង់ ហើយមិនសងត្រឡប់មកវិញ។
ប៉ុន្តែទោះជាយ៉ាងនោះក្តី អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានណែនាំ និងលើកទឹកចិត្តដល់មន្ត្រីស្ម័គ្រចិត្តទាំងអស់ ដែលមានតួនាទីជាប់ពាក់ ព័ន្ធជាមួយនឹងកិច្ចការអនុវត្តគម្រោង បឹងទន្លេសាបនេះ ត្រូវធ្វើការសហការគ្នា ដោះស្រាយរាល់បញ្ហាអសកម្មទាំងឡាយ ដែលកំពុងប្រឈម ហើយបន្តអនុវត្តគម្រោងបឹងទន្លេសាបនេះឲ្យបានល្អប្រសើរបន្ថែមទៀត ក្នុងគោលដៅដើម្បីអភិវឌ្ឍន៍មូលដ្ឋាន និងដើម្បីកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ៕