(សៀមរាប)៖ ក្រោយចេញសេចក្ដីជូនដំណឹង និងចុះទៅណែនាំផ្ទាល់ មិនទទួលបានលទ្ធផល ចំពោះរោងអនាធិបតេយ្យ ដែលសាងសង់ដោយខុសច្បាប់ រំលោភយកដីគម្រប់ព្រៃឈើ និងឧទ្យានជាតិ ដែលជាដីសាធារណៈរបស់រដ្ឋ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាបនោះ អាជ្ញាធរបានអនុវត្តវិធានការរដ្ឋបាល ដោយចុះទៅរុះរើរោងទាំងអស់នោះចោលតែម្ដង។
ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដឹកនាំដោយលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ក្រោមការសម្របសម្រួលពីលោក រៀម ចន្ទមុនី ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុក និងកម្លាំងគណៈបញ្ជាការឯកភាពខេត្ត។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក ឃឹម ហ្វីណង់ បានឲ្យដឹងថា សំណង់ខុសច្បាប់ ដែលទើបតែសាងសង់ថ្មីៗ និងរោងអនាធិបតេយ្យគ្មានមនុស្សរស់នៅ ដែលអាជ្ញាធរចុះរុះរើចេញពីតាមដងផ្លូវឡើងទៅជើងភ្នំគូលែន ដែលជាតំបន់គម្របព្រៃឈើ ឧទ្យានជាតិ និងជាដីសាធារណៈរបស់រដ្ឋ មានចំនួន៤៩ខ្នង។
យ៉ាងណាមិញ សម្រាប់ប្រតិបត្តិការកាលពីម្សិលមិញនេះ ត្រូវបានលោកអភិបាលស្រុក អះអាងថា អាជ្ញាធរមិនបានប៉ះពាល់លំនៅដ្ឋានពិតប្រាកដ របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងការរុះរើនេះឡើយ ហើយក៏មិនដែលបណ្តោយឲ្យប្រជាជនណាគ្មានទីជំរកដែរ។ រាល់សំណង់ដែលបានរុះរើសុទ្ធសឹង តែជាសំណង់លួចធ្វើខុសច្បាប់ លក្ខណៈបំភ័ន្តភ្នែក និងអាចក្លាយទៅជាលំនៅដ្ឋានរឹងមាំ ប្រសិនបើមិនមានវិធានការទប់ស្តាត់ទាន់ពេលវេលា។
អភិបាលស្រុកបន្ទាយស្រីរូបនេះ បានបន្ថែមទៀតថា រដ្ឋបាលស្រុក កំពុងធ្វើការស្វែងរកសកម្មជនមួយក្រុមតូច ដែលបានបំផុសបំផុល ញុះញុងឲ្យមានចលនាតវ៉ា ក្រោមលេសថា មានការរុះរើលំនៅដ្ឋានពិតប្រាកដរបស់ប្រជាពលរដ្ឋ ថែមទាំងជំរុញមិនឲ្យមានការរុះរើដោយស្ម័គ្រចិត្ត និងសាងសង់បន្ថែម ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
លោក ឃឹម ហ្វីណង់ សង្ឈឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋនៅទីនោះ ក៏ដូចជាសាធារណៈជនទូទៅ នឹងចូលរួមជាមួយអាជ្ញាធរ ក្នុងបេសកកម្មការពារឧទ្យានជាតិភ្នំគូលែន និងតំបន់នៅជុំវិញនោះ ឲ្យរួចផុតពីការទន្ទ្រានចាប់យកដីដ៏ខុសច្បាប់នេះ ដើម្បីដណ្តើមយកមកវិញ នូវភាពរៀបរយនៃការគ្រប់គ្រងតំបន់នេះ ទុកជាប្រយោជន៍រួមរបស់យើងទាំងអស់គ្នា។
គួរជម្រាបថា កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ រដ្ឋបាលស្រុក បានចេញសេចក្ដីជូនដំណឹងលើកទី១ ថែមទាំងមានការពន្យារពេលឱសានវាទ ការហៅតំណាង មកបំភ្លឺពិភាក្សា ការចុះទៅជួបផ្ទាល់ចំនួន២ដង និងក្រោយមានការសន្យាជាសាធារណៈថា នឹងរុះរើដោយស្ម័គ្រចិត្ត ក៏នៅតែមានប្រជាពលរដ្ឋមួយចំនួន បានទទួលការញុះញុងឲ្យនៅបន្តរក្សាទុកសំណង់ខុសច្បាប់ទាំងនោះ ហើយថែមទាំងមានការបំផុសបំផុលឲ្យមានការលួចសាងសង់បន្ថែមថ្មីទៀត។
ជាមួយនឹងប្រតិបត្តិការ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលស្រុកបន្ទាយស្រី ក៏បានចេញសេចក្ដីជូនដំណឹងបន្ថែមថ្មីមួយទៀត កំណត់ឲ្យរោងដែលនៅសេសសល់ ត្រូវធ្វើការរុះរើចេញដោយខ្លួនឯង ក្នុងរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ និងត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាព សាងសង់សំណង់ថ្មីបន្ថែម៕