(ភ្នំពេញ)៖ ជនជាតិម៉ាឡេស៊ីម្នាក់ រួមជាមួយថ្នាំញៀនជាង១គីឡូក្រាម ត្រូវកម្លាំងជំនាញ (ក៦) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្ក្រាបបាននៅចំណុចផ្ទះ លេខ៤Z ផ្លូវលេខ១០៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ការចុះប្រតិបត្ដិការបង្ក្រាបនេះ អនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សារវឿន អគ្គស្នងការនគរបាលជាតិ ក្រោមការបញ្ជាដឹកនាំដោយផ្ទាល់ របស់នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ និងឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន។
ក្នុងនោះកម្លាំងជំនាញ (ក៦) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហម គន្ធី នាយករងមន្ទីរ សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន និងដឹកនាំសម្របសម្រួល ដោយលោក សឿន មុនីរត្ន័ ព្រះរាជអជ្ញារងនៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ។
បើតាមមន្ដ្រីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា ជនសង្ស័យឈ្មោះ KEK CHIN SENG ភេទប្រុស ជនជាតិម៉ាឡេស៊ី កើតថ្ងៃ០៧ ខែតុលា ឆ្នាំ១៩៨០ មុខរបរបម្រើការងារនៅកាស៊ីណូ កាន់លិខិតឆ្លងដែនលេខ A37098072។
មន្ដ្រីដដែលរូបនោះ បានបញ្ជាក់ទៀតថា ក្នុងនោះ កម្លាំងនគរបាលចាប់យកវត្ថុតាងសារធាតុញៀនរួមមាន៖ អ៊ិចស្តាស៊ី១,០៩៩.៨៧ក្រាម, កេតាមីន២៩.៥៥ ក្រាម, មេតំហ្វេតាមីន (ICE) ០.៨៨ក្រាម, នីមេតាហ្សេប៉ាម ៤៤.៩៩ក្រាម ។ សរុបរួមទម្ងន់១គីឡូ ១៧៥.២៩ក្រាម៕