(ព្រះសីហនុ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានគូសបញ្ជាក់ថា គ្រាន់តែចំណូលពន្ធគយមួយ ក្នុង១ខែៗ ទទួលបានប្រមាណ២៥០លានដុល្លារសហរដ្ឋអាមេរិក អាចបើកប្រាក់បៀវត្សរ៍ គ្រប់គ្រាន់សម្រាប់មន្ត្រីរាជការ ខណៈមួយខែកម្ពុជា រកចំណូលបាន៥០០លានដុល្លារ។
ការគូសបញ្ជាក់បែបនេះ បានធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដែលជាផ្លូវប្រណិតបំផុតនៅកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។ ពិធីនេះ មានការចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ និងបណ្តាថ្នាក់ដឹកនាំក្រុមហ៊ុននានា នៅក្នុងប្រទេសកម្ពុជា ជាច្រើនពាន់នាក់។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «អ្នកខ្លះគេគិតថា ហ៊ុន សែន ជិតដាច់ខ្យល់ហើយ ដោយសារតែសម្ពាធបរទេស សុំទោស ខ្ញុំគ្រាន់តែប្រាប់អ្នកឯងថា គ្រាន់តែចំណូលពន្ធគយមួយ គឺចិញ្ចឹមប្រាក់ខែគ្រប់គ្រាន់ លើសពីសេចក្ដីត្រូវការ គ្រាន់តែចំណូលពន្ធគយ ដែលក្នុងមួយខែៗ គិតជាមធ្យម២៥០លានដុល្លារសហរដ្ឋអាមេរិក។ យើងមានប្រាក់ចំណូលក្នុង១ខែ គឺប្រមាណ៥០០លានដុល្លារសហរដ្ឋអាមេរិក ហើយយើងចាយត្រឡប់ទៅវិញ ចំណាយអស់៣០០ ទៅ៤០០លានដុល្លារ។ ក្នុងខែ១យើងអាចសន្សំប្រាក់ពី១០០លានដុល្លារ ទៅ២០០លានដុល្លារសហរដ្ឋអាមេរិក»។
ជាមួយគ្នានោះសម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងប្រាប់ថា សូមកុំភ័ន្ឌច្រឡំជាមួយនិងការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងសេដ្ឋកិច្ច គ្រប់គ្រងហិរញ្ញវត្ថុ នៅក្នុងដំណាក់កាលកំណែទម្រង ហិរញ្ញវត្ថុសាធារណៈផងដែរ។
ពាក់ព័ន្ធនឹងការបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា យើងធ្វើផ្លូវត្រឹមតែ៨៤គីឡូម៉ែត្រតែប៉ុណ្ណោះ ប៉ុន្ដែយើងត្រូវចំណាយទុន រហូតទៅដល់២៩៤លានដុល្លារ សហរដ្ឋអាមេរិក ចោទចេញសំណួរថា ហេតុអ្វីបានជាផ្លូវនេះថ្លៃម្ល៉េះ ហើយបងប្អូនមួយចំនួន ក៏បានឃើញថា ធ្វើផ្លូវធំៗ តើបានលុយមកពីណាធ្វើ?
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា យើងធ្វើជារាជរដ្ឋាភិបាលមិនមែនបានសេចក្ដីថា យើងវៃអស់សន្លឹកបៀចេញពីដៃនោះទេ ប្រាក់សន្សំរបស់រាជរដ្ឋាភិបាល ដែលបញ្ចេញឲ្យខេត្តព្រះសីហនុ១០០លានដុល្លារនេះ វាតិចតួចណាស់ បើប្រៀបធៀបជាមួយនិងប្រាក់សន្សំដែលរាជរដ្ឋាភិបាលមានជាសាច់ប្រាក់តែម្ដង។
ទន្ទឹមគ្នានោះសម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា ប៉ូលសេដ្ឋកិច្ចចំនួន៣ គឺប៉ូលទី១ភ្នំពេញ ទី២ព្រះសីហនុ និងទី៣ សៀមរាប គឺជាចក្ខុវិស័យ ដែលដាក់ចេញតាំងពីទសវត្សរ៍ឆ្នាំ៩០។ សម្ដេច នឹងធ្វើឲ្យប៉ូលទី១ ភ្នំពេញ និងប៉ូលទី២ ខេត្ដព្រះសីហនុ ក្លាយទៅច្រកកំណើនសេដ្ឋកិច្ច។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យើងបាននិងកំពុងសម្រេចគោលដៅរបស់យើងតាមរយៈធ្វើឲ្យតាមដងផ្លូវជាតិលេខ៤ ពោលពេញទៅដោយរោងចក្រ សហគ្រាស ខណៈដែលខេត្តព្រះសីហនុ មានតំបន់ឧស្សាហកម្ម រហូតដល់៩ទីតាំង, ៥ទីតាំងកំពុងដំណើរការ និង៤ទីតាំង កំពុងដាក់ឲ្យដំណើរការ៕