(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅកម្ពុជាមិនមានការចាប់ខ្លួននរណាម្នាក់ តាមទំនើងចិត្តនោះឡើយ។
ថ្លែងនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដែលជាផ្លូវប្រណិតបំផុតនៅកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមថា អ្នកចាប់ខ្លួននរណាម្នាក់ដោយទំនើង ជារឿងខុសច្បាប់ដោយត្រូវមានទោស ពោលគេមិនអាចចាប់ខ្លួននរណាម្នាក់ ដោយគ្មានដីការបស់តុលាការបាននោះឡើយ។
នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្នកខ្លះថា ចាប់គេតាមទំនើងចិត្ត។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានធ្វើការបញ្ជាក់ហើយ ចាប់ដោយទំនើងចិត្តមានន័យថាខុសច្បាប់ ហើយមិនមែនគ្រាន់តែច្បាប់ទេ អ្នកដែលចាប់គេក៏ត្រូវមានទោសទៀត។ អាហ្នឹងចាប់គេតាមទំនើងចិត្ត គេអត់មានដីកា គេអត់មានកំហុស អត់មានភស្តុតាងគ្រប់គ្រាន់ ជាពិសេសអត់មានដីកាតុលាការ ហើយទៅចាប់គេ។ [ចាប់គេដោយគ្មានដីកា] បានតែបទល្មើសជាក់ស្តែងទេ។ ប៉ុន្តែក្រៅពីនោះ ត្រូវមានដីកាតុលាការ»។
ឆ្លើយតបនឹងក្រុមរិះគន់ថា នៅកម្ពុជាមានការចាប់ខ្លួនតាមទំនើងចិត្តនោះ សម្តេចតេជោ ហ៊ុន សែន បានច្រានចោល ដោយអះអាងថា មិនមាននោះទេ ពោលការចាប់ខ្លួននរណាម្នាក់ ត្រូវធ្វើតាមនីតិវិធីជាធរមាន។
សម្តេចថ្លែងថា «អ្នកឯងត្រូវចាំ កុំប្រើពាក្យចាប់ដោយទំនើង ហើយភាសាចាប់ដោយទំនើងនេះ សូមបញ្ជាក់ នៅកម្ពុជាអត់មានទេ ចាប់ដោយទំនើងគឺខុសច្បាប់»។
សូមបញ្ជាក់ថា ថ្មីៗនេះមានការចាប់ខ្លួនជនសង្ស័យជាច្រើននាក់ ដោយសារពួកគេចូលរួមក្នុងផែនការធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមផែនការរបស់មេក្រុមឧទ្ទាម សម រង្ស៉ី ដែលគ្រោងអនុវត្តន៍នៅថ្ងៃទី០៩ ខែវិច្ឆិកា។ ប៉ុន្តែផែនការមួយនេះ ត្រូវបរាជ័យយ៉ាងអាម៉ាស់ជាទីបំផុត។
ការបរាជ័យរបស់ទណ្ឌិត សម រង្ស៉ី ត្រូវបានអ្នកគាំទ្រ និងសកម្មជនរបស់លោកវាយប្រហារយ៉ាងខ្លាំងៗ ដោយចាត់ទុកថាជាមេដឹកនាំដែលបានតែនិយាយ តែមិនអាចធ្វើបាន ព្រមទាំងបានធ្វើឲ្យអ្នកគាំទ្រ ជាប់ពន្ធនាគារកាន់តែច្រើនថែមទៀតផង។
ទោះបីជាយ៉ាងណា ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ នូវរោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុង នៅខេត្តកំពត នៅព្រឹកទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានបង្គាប់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ធ្វើការជាមួយព្រះរាជអាជ្ញា ដោយសហការខាងតុលាការ ដើម្បីឈានទៅដល់ការដាក់ឲ្យអ្នកចាញ់បោកក្រុមឧទ្ទាម ដែលត្រូវឃាត់ខ្លួនទាំងអស់ នៅក្រៅឃុំជាបណ្តោះអាសន្ន។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ដែលចាញ់បោកការញុះញង់របស់ក្រុមក្បត់ជាតិ សម រង្ស៉ី ហើយរត់ទៅប្រទេសថៃ រត់ចេញពីលំនៅដ្ឋាននោះ វិលត្រឡប់ចូលប្រទេសកម្ពុជា ឬទៅកាន់លំនៅដ្ឋានវិញ ដោយរាជរដ្ឋាភិបាលនឹងមិនយកទោសពៃរ៍នោះទេ៕