(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានអនុញ្ញាតឲ្យប្រតិភូខេត្តត្រាត ប្រទេសថៃ ដឹកនាំដោយលោក ភិឈាន លិមវ៉ាំងយូ អភិបាលថ្មីខេត្តត្រាត ចូលជួបពិភាក្សាការងារ ដើម្បីស្វែងរកបញ្ហាមួយចំនួន ទាក់ទងទៅនឹងការពន្លឿនបើកច្រកព្រំដែនកម្ពុជា-ថៃ រវាងខេត្តទាំង២។
កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយបានការចូលរួមពីលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ មន្ទីរជំនាញពាក់ព័ន្ធ អភិបាលស្រុកវាលវែង និងភាគីថៃជាច្រើននាក់។
ក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានជម្រាបជូនថា ខេត្តពោធិ៍សាត់ជាខេត្តមួយក្នុងចំណោមខេត្តទាំង២៥ខេត្ត/ក្រុង មានចម្ងាយពីទីរួមខេត្ត ទៅរាជធានីភ្នំពេញ និងពីទីរួមខេត្ត ទៅច្រកព្រំដែន៥៥ ជិត២០០គីឡូម៉ែត្រ។
ខេត្តពោធិ៍សាត់មាន ០៧ក្រុង/ស្រុក មាន៤៩ឃុំ/សង្កាត់ និងមាន៥១១ភូមិ, មានផ្ទៃដីសរុប១២,៦៩២គីឡូម៉ែតការ៉េ ក្នុងនោះផ្ទៃដីកសិកម្ម ១២ម៉ឺនហិកតា និងមានតំបន់ទេសចរណ៍ធម្មជាតិចំនួន ៣៨កន្លែង។
ខេត្តពោធិ៍សាត់ និងខេត្តត្រាត មានច្រកព្រំដែនមួយ ឈ្មោះថា ច្រកផ្លូវលេខ៥៥ ឬ(ច្រកថ្មដា) ដែលកន្លងមកនេះប្រជាពលរដ្ឋខេត្តទាំងពីរ មានទំនាក់ទំនងល្អ ក្នុងការចេញចូលដោះដូរ ទំនិញគ្នាទៅវិញទៅមក។ កន្លងមកនេះរាជរដ្ឋាភិបាលកម្ពុជា-ថៃ បានសហការគ្នា ដើម្បីតម្លើងបើកច្រកតំបន់នេះ ជាច្រកអន្តរជាតិ ព្រមទាំងបានស្ថាបនាផ្លូវជាតិលេខ៥៥ រួចរាល់ជាស្ថាពរផងដែរ។
លោកអភិបាលខេត្ត ម៉ៅ ធនិន បានបញ្ជាក់ថា «ច្រកថ្មដា ក្នុងមួយសប្ដាហ៍ ទាំងថៃ និងកម្ពុជា បានសម្រេចបើកឲ្យប្រជាពលរដ្ឋចេញចូលតែ ០៣ថ្ងៃ ក្នុងមួយសប្តាហ៍ គឺថ្ងៃចន្ទ ថ្ងៃពុធ និងថ្ងៃសៅរ៏ តែមិនអាចបំពេញសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋទាំងសង្ខាងបានឡើយ»។
លោកបានស្នើឲ្យលោកអភិបាលខេត្តត្រាត នៃប្រទេសថៃ សម្រួលបើកច្រកព្រំដែននេះ ឲ្យបានមួយសប្ដាហ៍ ០៥ថ្ងៃ គឺថ្ងៃចន្ទ ថ្ងៃពុធ ថ្ងៃព្រហស្បត្ត៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដើម្បីឲ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ពិសេសមន្ត្រីរាជការដែលមានពេលឈប់សម្រាកតែថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិ បានទៅលេងកំសាន្ដតំបន់ទេសចរណ៍នានា ក្នុងខេត្តត្រាត និងប្រទេសកម្ពុជា។
លោកអភិបាលខេត្តពោធិ៍សាត់ សង្ឃឹមថា ខេត្តត្រាត នៅតែបន្តកិច្ចសហប្រតិបត្តិការល្អទៅលើការងារព្រំដែនដូចជា ផ្នែកកសិកម្ម សិប្បកម្ម និងការដោះដូរទំនិញ និងសម្រួលឲ្យមានអ្នកវិនិយោគ ចូលមកដាក់ ការវិនិយោគឲ្យបានច្រើន ព្រមទាំងជួយពន្លឿននីតិវិធី នៃការបើកច្រកព្រំដែនខេត្តទាំងពីរនេះឲ្យបានឆាប់រហ័ស។
លោក ភិឈាន លិមវ៉ាំងយូ អភិបាលថ្មីខេត្តត្រាត បានថ្លែងកោតសរសើរអំពីសក្តានុពលក្នុងខេត្តពោធិ៍សាត់ និងការដឹកនាំរបស់លោកអភិបាលខេត្ត ដែលក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ មានការរីកចម្រើនខុសប្លែកគួរឲ្យកត់សម្គាល់។
លោកអភិបាលខេត្តត្រាតបានថ្លែងថា «ពីមុនពលករកម្ពុជា ទៅធ្វើការនៅប្រទេសថៃ មានកម្រិតមធ្យម តែឥឡូវនេះបានវិលមកធ្វើការនៅប្រទេសកម្ពុជាវិញជាបណ្ដើរៗ ដោយសារប្រទេសកម្ពុជា មានសុខសន្តិភាព និងមានរោងចក្រ សហគ្រាស ក្រុមហ៊ុន យ៉ាងច្រើនពោរពាស»។
លោកអភិបាលខេត្តត្រាត បន្ថែមថា ខាងភាគីថៃមានគម្រោងដាក់ថវិកាជាង ៥០លានបាត ក្នុងការកសាងផ្លូវគមនាគមន៍ តភ្ជាប់គ្នាពីច្រកថាសេន ប្រទេសថៃ ទៅច្រក៥៥ (ច្រកថ្មដា) ប្រទេសកម្ពុជា ដែលនឹងចាប់ផ្ដើមសាងសង់ ក្នុងអំឡុងពេលឆាប់ៗខាងមុខ បន្ទាប់ពីសភាថៃបានអនុម័ត ៣ខែបន្ទាប់។
ក្នុងឱកាសនោះ លោកអភិបាលខេត្តត្រាត ក៏បានទទួលយកនូវសំណើរបស់លោកអភិបាលខេត្តពោធិ៍សាត់ ដើម្បីទៅពិភាក្សាគ្នា រកដំណោះស្រាយ ក្នុងការពន្លឿនបើកច្រក៥៥ ក៏ដូចជាសម្រួលដល់ការចរាចរចេញចូលរបស់ប្រជាពលរដ្ឋប្រទេសទាំងពីរ ឲ្យបានឆាប់រហ័ស៕
</p