(ភ្នំពេញ)៖ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានបើកវគ្គបំប៉នគ្រូបង្រៀនភាសាចិន ជនជាតិខ្មែរ និងគ្រូឯកទេសជនជាតិចិន ឆ្នាំសិក្សា២០១៩-២០២០ ដើម្បីពង្រឹងទំនាក់ទំនង តាមរយៈការប្រើប្រាស់ភាសា និងដើម្បីពិភាក្សា ផ្លាស់ប្តូរពុទ្ធិ នៃការបង្រៀនភាសាចិន ទៅកាន់ប្រជាជនកម្ពុជា ផ្សារភ្ជាប់ជាមួយនឹងចំណុចខ្លាំង និងចំណុចពិសេសរបស់គ្រូភាសាចិនក្នុងតំបន់ និងគ្រូឯកទេស ដោយផ្អែកលើតម្រូវការរបស់សិស្សនីមួយៗខុសៗគ្នា បំពេញនូវចំណុចខ្វះខាតរវាងគ្នានិងគ្នា ប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក លើកកម្ពស់សមត្ថភាពការងារ និងជំនាញវិជ្ជាជីវៈ។
វិទ្យាស្ថានខុងជឺ គឺជាស្ថានប័នក្នុងការផ្សព្វផ្សាយភាសាចិន ក៏ដូចជាវប្បធម៌ចិនទៅកាន់ពិភពលោករបស់ហាន់ប៉ាន់ប្រទេសចិន។ វគ្គបំប៉នគ្រូបង្រៀនភាសាចិន ជនជាតិខ្មែរ និងគ្រូឯកទេសជនជាតិចិន ឆ្នាំសិក្សា២០១៩-២០២០នេះ គឺមានការ គាំទ្រដោយវិទ្យាស្ថានខុងជឺទីស្នាក់ការកណ្តាល-ហាន់ប៉ាន់ រៀបចំឡើងដោយ វិទ្យាស្ថានខុងជឺនៃរាជ បណ្ឌិត្យសភាកម្ពុជា និងមានគ្រូប្រមាណ១០០នាក់ ក្នុងនោះមានគ្រូឯកទេសចំនួន២០នាក់ គ្រូបង្រៀនភាសាចិន ក្នុងតំបន់ចំនួន៨០នាក់ បានអញ្ជើញចូលរួមផងដែរ។
ថ្លែងនៅក្នុងឱកាសនោះ បណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា វគ្គបំប៉នគ្រូបង្រៀនភាសាចិន ជនជាតិខ្មែរ និងគ្រូឯកទេសជនជាតិចិន ឆ្នាំសិក្សា២០១៩-២០២០ គឺផ្តោតសំខាន់លើជំនាញវិជ្ជាជីវៈខ្លាំង ខ្លឹមសារល្អ វិធីសាស្ត្រច្រើន រួមមានសូរសព្ទ អក្សរចិន វាក្យសព្ទ វេយ្យាករណ៍ ការវិភាគឯកសារបង្រៀន ការគ្រប់គ្រង ថ្នាក់រៀនជាដើម ព្រមទាំងសិក្សាក្នុងអំឡុងពេលបង្រៀន គ្រូបង្រៀន និងសិស្ស ដើម្បីឱ្យកាន់តែយល់ច្បាស់ពីបញ្ហាខ្វះចន្លោះ។ នៅទីនេះ គឺបានប្រមូលផ្តុំនូវ ធនធានភាសាចិនជនជាតិខ្មែរជាច្រើន ហើយក៏មានវត្តមានមិត្តពិសេស មកពីប្រទេសចិនផងដែរ។ កិច្ចខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូបានជំរុញការផ្លាស់ប្តូរវប្បធម៌ និងបានពង្រឹងមិត្តភាពរវាងប្រទេសយើងទាំងពីរកម្ពុជា-ចិន។
ជាមួយគ្នានោះ បណ្ឌិត យង់ ពៅ ជឿជាក់ថា ឆ្លងកាត់វគ្គបំប៉នលើកនេះ លោកគ្រូ អ្នកគ្រូ ដែលជាអ្នកក្រេបពុទ្ធិ នឹងទទួលបានផ្លែផ្កាគួរជាទីគាប់ចិត្ត។ ឆ្នាំនេះ ជាខួបអនុស្សាវរីយ៍៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ហើយគឺជាខួប៦១ឆ្នាំនៃការបង្កើតចំណងការទូតរវាងប្រទេសកម្ពុជានិងចិន។
លោកឧកញ៉ា តែ មាន អនុប្រធានអចិន្ត្រៃយ៍សមាគមសម្ព័ន្ធ ខ្មែរ-ចិន នៅកម្ពុជា បានលើកឡើងថា ការបង្រៀនភាសាចិននៅកម្ពុជាតែងតែទទួលបានការយកចិត្តទុកដាក់ ការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ប្រទេសចិនតាំងពីដើមមក ហើយសមាគមសម្ព័ន្ធខ្មែរ ចិននៅកម្ពុជា តែងតែយកចិត្តទុកដាក់ដល់កិច្ចអភិវឌ្ឍន៍គ្រូបង្រៀនតាម សាលាចិន។ លោកឧកញ៉ា តែ មាន សង្ឃឹមថា នឹងមានគ្រូបង្រៀនឯកទេសដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ចូលរួមលើកស្ទួយវិស័យអប់រំភាសាចិន។
លោកស្រី ជ័រ វ៉ិនស៊ីង ភារធារីស្ថានទូតចិនប្រចាំកម្ពុជា តំណាងស្ថានទូតចិនប្រចាំកម្ពុជា សូមថ្លែងអំណរគុណដល់មិត្តកម្ពុជា-ចិន ដែលខិតខំប្រឹងប្រែងរៀបចំកម្មវិធីនេះឡើង និងសូមស្វាគមន៍យ៉ាងកក់ក្តៅ ដល់លោកស្រីសាស្ត្រាចារ្យ ដែលបានខិតខំធ្វើដំណើរពីចម្ងាយមកធ្វើការចែករំលែកពុទ្ធិ ក្នុងការបង្រៀនភាសាចិន។
បច្ចុប្បន្ន ប្រទេសចិន និងប្រទេសកម្ពុជា មានទំនាក់ទំនងគ្នាលើគ្រប់វិស័យ ទុកចិត្តគ្នាទៅវិញទៅមកលើវិស័យនយោបាយ ផ្តល់អត្ថប្រយោជន៍រួមគ្នាលើវិស័យសេដ្ឋកិច្ច រីឯទំនាក់ទំនងរវាងមនុស្សជាតិ ក៏បានបន្តពង្រឹងជាលំដាប់ផងដែរ ដោយទំនាក់ទំនងរវាងប្រទេសទាំងពីរ ស្ថិតក្នុងដំណាក់កាលល្អប្រសើរបំផុតនៅក្នុងប្រវត្តិសាស្ត្រ។ ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្ម ជាម្ចាស់ជំនួយ ជាប្រទេសវិនិយោគទុន និងជាប្រភពភ្ញៀវទេសចរ ច្រើនជាងគេ និងធំជាងគេនៅប្រទេសកម្ពុជា។
លោក ឆាយ ឃឹឈីង នាយកភាគីចិនវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា តំណាងឱ្យវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា វគ្គបំប៉ននេះ គឺធ្វើឡើងក្នុងគោលបំណងពិភាក្សា ផ្លាស់ប្តូរពុទ្ធិនៃការបង្រៀនភាសាចិនទៅកាន់ប្រជាជនកម្ពុជា ផ្សារភ្ជាប់ជាមួយនឹងចំណុចខ្លាំង និងចំណុចពិសេសរបស់គ្រូភាសាចិនក្នុងតំបន់ និងគ្រូឯកទេស ដោយផ្អែកលើតម្រូវការរបស់សិស្សនីមួយៗខុសៗគ្នា បំពេញនូវចំណុចខ្វះខាតរវាងគ្នានិងគ្នា ប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក លើកកម្ពស់សមត្ថភាពការងារ និងជំនាញវិជ្ជាជីវៈ។ លោក ឆាយ ឃឹឈីង សង្ឃឹមថា លោកគ្រូ អ្នកគ្រូទាំងអស់ នឹងអាចទទួលយកពុទ្ធិក្នុងវគ្គបំប៉ននេះ ដើម្បីជាយានមួយសម្រាប់យកមកអនុវត្ត ក្នុងពេលបំពេញការងារបង្រៀននាថ្ងៃអនាគត។
គួរបញ្ជាក់ថា ប្រទេសកម្ពុជា និងប្រទេសចិន មានទំនាក់ទំនងគ្នាតាំងពីយូរលង់ណាស់មកហើយ ប្រទេសទាំងពីរ គឺជាអ្នកជិតខាងល្អ មិត្តពិតប្រាកដ ជាពិសេស ទំនាក់ទំនងនៃប្រទេសយើងទាំងពីរ ជាគំរូដល់ល្អសម្រាប់ឱ្យពិភពលោកយកគំរូតាម។ រយៈពេល១០ ឆ្នាំមកនេះ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាគឺជា ស្ពានចម្លងដ៏រឹងមាំ លើវិស័យផ្លាស់ ប្តូរវប្បធម៌ រវាងប្រទេសកម្ពុជានិងចិន។ លោកគ្រូ អ្នកគ្រូ ទាំងអស់គ្នាក៏បានរួមចំណែកយ៉ាងច្រើនទាំងវិស័យ វប្បធម៌ និង ការបង្រៀនភាសាចិន៕