(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងចំអកឱ្យទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់ ដែលបានធ្វើមាតុភូមិនិវត្តន៍ទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំងវិញ ទាំងរខេករខាក រញ៉េររញ៉ៃពិបាកមើលជាងឆាវឆាវចាញ់បាក់ទ័ពក្នុងរឿងសាមកុកទៀត។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដែលជាផ្លូវប្រណិតបំផុតនៅកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រខេករខាក ខ្ញុំមិនចង់និយាយទេ ប៉ុន្តែរូបភាពយប់មិញអា Fresh News ផ្សាយល្អមើលអស់ទាស់ហើយ វារញ៉េរញ៉ៃ ដែលហៅថា អានេះយ៉ាប់ជាងឆាវឆាវបាក់ទ័ព»។
សម្តេចបានបន្តថា «ឥឡូវ(យន្តហោះ)អត់ទាន់ចុះទេ ! មាតុភូមិនិវត្តន៍ម៉េចបានយើងប្រើអញ្ចឹង គឺស្រុករបស់គេ (សម រង្ស៉ី) មិនមែនខ្មែរឯណា ស្រុករបស់គេបារាំងតើ គេធ្វើមាតុភូមិនិវត្តន៍បន្ទាប់ពីរដ្ឋប្រហារត្រូវបរាជ័យ»។
ទណ្ឌិត សម រង្ស៉ី បានប្រញាប់ប្រញាល់ធ្វើមាតុភូមិនិវត្តន៍យ៉ាងរខេករខាកគួរឲ្យអាសូរឆ្ពោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំងវិញ ដោយស្ពាយនូវភាពបរាជ័យយ៉ាងអាម៉ាស់ និងធ្ងន់ធ្ងរនៃផែនការរដ្ឋប្រហារ ៩ វិច្ឆិកា។
ជនបរាជ័យ សម រង្ស៉ី បានចាកចេញពីទឹកដីឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ទៅកាន់ប្រទេសសិង្ហបុរី ហើយធ្វើមាតុភូមិនិវត្តន៍ឆ្ពោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ទីដែលលោកមានសញ្ជាតិនៅទីនោះជាមួយកូនចៅតែម្នាក់ប៉ុណ្ណោះគឺលោក ម៉ែន ថាវរិទ្ធ។ ជនបរាជ័យ សម រង្ស៉ី ធ្វើដំណើរតាមជើងហោះលេខ Singapore Airline SQ336 ដោយចាប់ផ្តើមហោះហើរចាកចេញពីអាកាសយានដ្ឋានសឹង្ហបុរី នៅម៉ោង០០៖១៥នាទី ទៅដល់ទីក្រុងប៉ារីស នៅម៉ោង៧៖១៥ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ (ម៉ោងនៅបារាំង) ។
សូមជំរាបថា ទណ្ឌិត សម រង្ស៉ី និងបក្ខពួក បានប្រកាសផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈដំណើរចូលប្រទេសកម្ពុជារបស់លោក នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយធ្វើចលនាចេញពីទឹកដីថៃ ទម្លុះព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចូលមកកម្ពុជា ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ប៉ុន្តែរយៈពេលពេញ១ថ្ងៃ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកពុំបានត្រឡប់មកកាន់ប្រទេសកម្ពុជា ដូចអ្វីដែលលោកប្រកាសនោះទេ ហើយផ្ទុយទៅវិញ លោក សម រង្ស៉ី បានប្រកាសពន្យារពេលដោយមិនកំណត់ ដោយគ្រាន់តែប្រើលេសដ៏គួរឲ្យអស់សំណើចគឺសំបុត្រយន្តហោះ។
ការបរាជ័យរបស់ទណ្ឌិត សម រង្ស៉ី ត្រូវបានអ្នកគាំទ្រ និងសកម្មជនរបស់លោកវាយប្រហារយ៉ាងខ្លាំងៗ ដោយចាត់ទុកថាជាមេដឹកនាំដែលបានតែនិយាយ តែមិនអាចធ្វើបាន ព្រមទាំងបានធ្វើឱ្យអ្នកគាំទ្រជាប់ពន្ធនាគារកាន់តែច្រើនថែមទៀតផង៕