(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ ទៅចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM Retreat) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បូក លើកទី០៦ (6th ADMM Plus) រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ។
នៅក្នុងកិច្ចប្រជុំង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងផ្លាស់ប្តូរទស្សនៈស្តីពី «បរិស្ថានសន្តិសុខក្នុងតំបន់ និងអន្តរជាតិ» ជាមួយរដ្ឋមន្ត្រីការពារជាតិអាស៊ាន។
ស្របពេលគ្នានេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន, កិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្រ្តីការពារជាតិ អាស៊ាន-ជប៉ុន, កិច្ចប្រជុំក្រៅផ្លូវការដ្ឋមន្ត្រីការពារជាតិអាស៊ា-រុស្ស៊ី និងកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្រ្តីការពារជាតិអាស៊ាន សហរដ្ឋអាមេរិក។ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-រុស្សី សម្ដេចពិជ័យសេនា នឹងធ្វើការផ្លាស់ប្តូរទស្សនៈ ស្តីពី «បញ្ហាប្រឈមសន្តិសុខតំបន់ និងអន្តរជាតិ»។
ដោយឡែកនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក សម្ដេចពិជ័យសេនានឹងចូលរួម ផ្លាស់ប្តូរទស្សនៈស្តីពី «បរិស្ថានសន្តិសុខតំបន់ និងអន្តរជាតិ» ជាមួយរដ្ឋមន្ត្រីការពារជាតិអាស៊ាន បូក ហើយក៏នឹងអនុម័តសេចក្តីថ្លែងការណ៍រួម ស្តីពីការលើកកម្ពស់ភាពជាដៃគូរ សម្រាប់សន្តិសុខ ប្រកបដោយចីរកាល។
នៅក្នុងពេលនៃកិច្ចប្រជុំខាងលើ សម្តេចពិជ័យសេនា ក៏មានជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសអាស៊ានផងដែរ៕