(ព្រះសីហនុ)៖ ផ្លូវធំៗ និងប្រកបដោយប្រណិតភាពបំផុតមិនធ្លាប់មាននៅកម្ពុជាចំនួន ៣៤ខ្សែក្នុងក្រុងព្រះសីហនុ នឹងបើកការដ្ឋានសាងសង់ហើយនៅថ្ងៃសៅរ៍ ៥រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
ពិធីបើកការដ្ឋានសាងសង់ផ្លូវដ៏ប្រណិតក្នុងក្រុងព្រះសីហនុនាព្រឹកថ្ងៃនេះ ធ្វើឡើងយ៉ាងអធិកអធមក្រោមអធិបតីភាពដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ និងបណ្តាថ្នាក់ដឹកនាំក្រុមហ៊ុននានានៅក្នុងប្រទេសកម្ពុជាជាច្រើនពាន់នាក់។
អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានឱ្យដឹងថា ផ្លូវទាំង៣៤ខ្សែនេះ មានប្រវែងសរុបជាង ៨៤គីឡូម៉ែត្រ មានរង្វង់មូលចំនួន៣ និងស្ពានចំនួន៦ប្រវែង ២៥២ម៉ែត្រ។ ផ្លូវទាំង៣៤ខ្សែនេះចែកចេញជា៣ប្រភេទរួមមាន៖
១៖ មហាវិថីចំនួន ៣ខ្សែប្រវែងជាង ២២គីឡូម៉ែត្រ មានទទឹង ៥០ម៉ែត្រ ទ្រូងផ្លូវទទឹង ២៥.៧៥ម៉ែត្រ មានគន្លងផ្លូវរថយន្ត៦គន្លង (៣ទៅ ៣មក) ផ្លូវទោចក្រយានយន្ត២គន្លង រួមមាន៖ មហាវិថីរាម (លេខ៤៥), មហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅ (លេខ៤៧)។
២៖ វិថីមានចំនួន១៦ខ្សែ មានប្រវែងជិត ៥០គីឡូម៉ែត្រ មានទទឹង ២០ម៉ែត្រ ទៅ ៤០ម៉ែត្រ ទ្រូងផ្លូវទទឹង ១០.២៥ម៉ែត្រ ទៅ ១៧.២៥ម៉ែត្រ មានគន្លងផ្លូវរថយន្ត២គន្លង ទៅ៤គន្លង, ផ្លូវទោចក្រយានយន្ត២គន្លង។ វិថីទាំង ១៦ខ្សែនេះរួមមាន៖ វិថីលេខ ៨៣៧-១ វិថីអូត្រេះ, វិថីឆ្នែរអូរឈើទាល (លេខ៥០) វិថីកោះពូឡូវៃ (លេខ៣០០), វិថីឯករាជ្យ (លេខ១០០), វិធី២ធ្នូ (លេខ៦០០), វិថីលំហែព្រះភូមិន្ទ, វិថីឆ្នេរអូរត្រេះ, វិថីគុជអាស៊ី (លេខ១២៣៧), វិថីបុរីកម្មករ (លេខ១១២), វិថីជោតញ្ញាណ (លេខ៧០១), វិថី២៨មិថុនា (លេខ១២៣), វិថីមិត្តភាពកម្ពុជា-រុស្ស៉ី (លេខ៧០៥) វិថីចំណោតអូរត្រាវ និងវិថីឆ្នេរពយជំទាវម៉ៅ និងវិថីអូរត្រជាក់ចិត្ត។
៣៖ អនុវិថី មានចំនួន ១៥ខ្សែ មានប្រវែងជិត ១២គីឡូម៉ែត្រ មានទទឹងផ្លូវពី ១៥ម៉ែត្រ ទៅ៤៥ម៉ែត្រ ទ្រូងផ្លូវទទឹង ១០.២៥ម៉ែត្រ មានគន្លងផ្លូវរថយន្ត ២គន្លង និងផ្លូវទោចក្រយានយន្ត២គន្លង។ អនុវិថីទាំង១៥ខ្សែនេះ រួមមាន៖ ផ្លូវកាត់ទទឹងវិថីអូរត្រេះ និងវិថីឆ្នេរអូរត្រេះ, ផ្លូវលេខ៨០១, ផ្លូវលេខ៥០១, ផ្លូវលេខ៥០៣, ផ្លូវលេខ៥០៥, ផ្លូវលេខ៥០៧, ផ្លូវលេខ១១៥, ផ្លូវលេខ៦០២, ផ្លូវលេខ៥០២, ផ្លូវលេខ៨១០, ផ្លូវលេខ ៨១៨៨, ផ្លូវលេខ១០២, ផ្លូវលេខ៨០៦, ផ្លូវលេខ១០៦ និងផ្លូវលេខ១២៦ លើកលែងតែកំណាត់ទី៣ នៃផ្លូវលេខ៨០១ ប្រវែង ១០៣ម៉ែត្រ ផ្លូវមានទទឹង ១០ម៉ែត្រ។
លោកអភិបាលបានបន្ថែមថា ក្នុងគោលដៅប្រែក្លាយក្រុងព្រះសីហនុ ទៅជាទីក្រុងទំនើបដែលមានសោភណភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ច ជាពិសេសធានាបានគុណភាពខ្ពស់ រឹងមាំ ប្រើប្រាស់បានយូរអង្វែង ការស្ថាបនាផ្លូវទាំង៣៤ខ្សែ ត្រូវគោរពតាមគោលការណ៍ និងលក្ខណៈបច្ចេកទេសដូចខាងក្រោម៖
១៖ គោរពតាមផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០។
២៖ កំណត់អ័ក្សផ្លូវតាមចំណុចកណ្តាលនៃដីចំណីផ្លូវសាធារណៈស្របតាមប្លង់សុរិយោដី។
៣៖ សាងសង់តាមគម្រោងប្លង់បច្ចេកទេសលម្អិតនៃខ្សែផ្លូវនីមួយៗដែលសិក្សាដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាអនុលោមតាមបទដ្ឋានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖ ទ្រូងផ្លូវធ្វើពីបេតុងកម្រាស់ ២៥០មិល្លីម៉ែត្រ ក្រាលកៅស៊ូបេទីមកម្រាស់ ៧០មិល្លីម៉ែត្រ បេតុងត្រូវពង្រឹងដោយប្រើដែកសរសៃទំហំ ១២មិល្លីម៉ែត្រ, ចិញ្ចើមផ្លូវមានផ្លូវថ្មើរជើងក្រាលសន្លឹកបេតុង និងផ្លូវជិះកង់ទទឹង ១.៥០ម៉ែត្រ ក្រាលកៅស៊ូបេទីមកម្រាស់ ៥០មិល្លីម៉ែត្រ មានដាំស្មៅ និងដើមឈើជាផ្ទៃបៃតងជ្រាបទឹក, ដាំដើមតែ និងរុក្ខជាតិលម្អរនៅតាមផ្លូវដែលមានខឿនសួនកណ្តាលចែកទ្រូងផ្លូវ, បង្កប់លូទឹកភ្លៀងមុខកាត់ ១ម៉ែត្រ និងលូទឹកកខ្វក់មុខកាត់ ១ម៉ែត្រ តាមបណ្តោយសងខាងផ្លូវ, មានបង្គោលភ្លើងបំភ្លឺសាធារណៈ, មានគំនូសចរាចរណ៍ និងផ្លាកសញ្ញាចរាចរណ៍តាមបទដ្ឋានបច្ចេកទេស។
បន្ថែមពីលើនេះ ផ្លូវសំខាន់ៗនឹងត្រូវបំពាក់កាមេរ៉ាសុវត្ថិភាពផងដែរ។
បើតាមគណៈកម្មការសាងសង់ផ្លូវបានឲ្យដឹងថា ផ្លូវទាំង៣៤ខ្សែត្រូវសាងសង់នៅខេត្តព្រះសីហនុនេះ ត្រូវប្រើប្រាស់ថវិកាប្រមាណជាង២០០លានដុល្លារ ដែលមានក្រុមហ៊ុនចំនួន៧ទទួលសិទ្ធិសាងសង់ ប្រើប្រាស់រយៈពេលតែ៨ខែប៉ុណ្ណោះ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់ក្នុងផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០ គឺរៀបចំ និងអភិវឌ្ឍខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើប ដែលមានសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ។
ការសាងសង់ផ្លូវប្រកបដោយប្រណិតភាពទាំង៣៤ខ្សែនេះ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការធ្វើឱ្យសម្រេចនូវចក្ខុវិស័យឆ្នាំ២០៣០ របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ៕