(ភ្នំពេញ)៖ កុមារី ហ៊ុន ពេជ្រមុន្នីលីណា ចៅស្រីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាកូនស្រីទី២របស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី បានបន្តសាងភាពល្បាញល្បីសម្រាប់កម្ពុជាទៀតហើយ ដោយដណ្តើមបានតំណែងលេខ១ នៃតារាងកម្មវិធីប្រកួតប្រជែងសមត្ថភាពផ្នែកគណិតវិទ្យាប្រចាំតំបន់អាស៊ី (Asia's Top 100 Students)។ នេះបើយោងតាមតារាងពិន្ទុដែលអង្គភាព Fresh News ទទួលបាននៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
លទ្ធផលដែលបង្ហាញនៅលើគេហទំព័រប្រឡងគណិតវិទ្យា បានបង្ហាញថា កុមារី ហ៊ុន ពេជ្រមុន្នីលីណា បានឈរនៅលើកំពូលតារាងតំបន់អាស៊ីជាមួយពិន្ទុ ១៧,៣៥៦។ ដោយឡែកអ្នកដណ្តើមបានលេខ២ ជាមួយពិន្ទុ ៤៧៦០ បានទៅលើកុមារមកពីប្រទេសចិន។
តាមរយៈគេហទំព័រប្រកួតប្រជែងគណិតវិទ្យាកម្រិតថ្នាក់អាស៊ី និងពិភពលោកនេះកុមារី ហ៊ុន ពេជ្រមុន្នីលីណា តែងតែបានចូលរួមប្រកួតប្រជែងសមត្ថភាពជារឿយៗ ហើយតែងតែទទួលបានចំណាត់ថ្នាក់ល្អៗផងដែរ។
ការដណ្តើមបានចំណាត់ថ្នាក់កំពូលតារាងរបស់កុមារី ហ៊ុន ពេជ្រមុន្នីលីណា បានធ្វើឲ្យរូបសញ្ញាទង់ជាតិរបស់កម្ពុជា ត្រូវបានបង្ហាញលើកំពូលតារាងគេហទំព័រ «Mathletics» ដែលជាគេហទំព័រមួយមានការប្រកួតប្រជែងគណិតវិទ្យារបស់កុមារា កុមារី មកពីប្រទេសជាច្រើននៅលើពិភពលោក។
កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ កុមារី ហ៊ុន ពេជ្រមុន្នីលីណា បានឈរនៅលើកំពូលតារាងក្នុងចំណោមសិស្ស១០០នាក់ទាំងនៅក្នុងតំបន់អាស៊ី និងពិភពលោកជាមួយពិន្ទុ១២,១៩៦។ លទ្ធផលនេះក៏បានលើកតម្លៃអប់រំនៅកម្ពុជានាពេលបច្ចុប្បន្ន ហើយបានបង្ហាញថា ភាពវៃឆ្លាតរបស់កុមារកម្ពុជា មិនចាញ់កុមារនៅលើពិភពលោកនោះឡើយ៕