(ភ្នំពេញ)៖ ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) តំណាងដោយសាកលវិទ្យាធិកា លោក Jean-Paul de Gaudemar និងក្រសួងអប់រំ យុវជន និងកីឡាកម្ពុជាតំណាងដោយរដ្ឋមន្ត្រី លោកបណ្ឌិត ហង់ ជួនណារ៉ុន បានចុះហត្ថលេខានាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លើកិច្ចព្រមព្រៀងជាដៃគូដើម្បីពង្រឹងសកម្មភាពសហប្រតិបត្តិការដើម្បី ជាប្រយោជន៍ដល់ការអភិវឌ្ឍន៍ ការអប់រំនៅកំរិតឧត្តមសិក្សា និងការស្រាវជ្រាវនៅកម្ពុជា។
នាឱកាសមហាសន្និបាតលើកទី១៣ នៃសន្និសីទសាកលវិទ្យាធិការ នៃគ្រឹះស្ថានឧត្តមសិក្សាជាសមាជិករបស់ AUF ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក(CONFRASIE) ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី៧ឧសភា ២០១៩នៅទីក្រុងហូជីមិញប្រទេសវៀតណាម ក្រសួងអប់រំ យុវជន និងកីឡា និងAUF បានសម្រេចចិត្តបង្កើតសមាសភាពរួមមួយក្នុងគោលបំណងដាក់អោយដំណើរការ នូវគណៈកម្មការសន្ទនានិងការផ្លាស់ប្តូរជំនាញឯកទេសបំរើអោយទស្សនវិស័យនៃការវិវត្តន៍ការអប់រំនៅកំរិតឧត្តមសិក្សានិងការស្រាវជ្រាវនៅកម្ពុជា និងក្នុងតំបន់។
ភាពជាដៃគូរនេះនឹងអាចនាំអោយមហិច្ឆតានេះបង្កើតចេញជារូបរាង។ ការសហការណ៏ជាផ្លែផ្ការវាងក្រសួងអប់រំ យុវជន និងកីឡា និង AUF បានបង្កើតជាស្នាដៃរួចហើយនូវគំរោងហេដ្ឋារចនាសម្ព័ន្ធនាំមុខជាច្រើន។ នាខែឧសភា២០១៩ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការណ៏របស់សាកលវិទ្យាធិកាAUFនៅកម្ពុជា គំរោងជំរុញការច្នៃប្រឌិតនិងសហគ្រិនភាព(CNEUF)នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) ដែលជាវិទ្យាស្ថានសំខាន់ក្នុងវិស័យបណ្តុះបណ្តាលវិស្វករនិងអ្នកបច្ចេកទេសនៅកម្ពុជា បានដាក់សម្ពោធអោយដំណើរការក្រោមអធិបតីភាពលោក យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក អ៊ុម រម្យណី អគ្គនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។
តាមរយៈការិយាល័យតំបន់អាស៊ីប៉ាស៊ីហ្វិក AUF មានបណ្តាញគ្រឹះស្ថានឧត្តមសិក្សាចំនួន ៧៩ដែលមានវត្តមាននៅក្នុងប្រទេសចំនួន១២ ក្នុងនោះមាន១០គ្រឹះស្ថាននៅកម្ពុជា និងមានទីស្នាក់ការតំណាងចំនួន៧នៅក្នុងប្រទេសចំនួន៤ដែលមានទីស្នាក់ការមួយនៅកម្ពុជា។
លោកបណ្ឌិត ហង់ ជួនណារ៉ុន បានថ្លែងថា «ខ្ញុំសូមថ្លែងអំណរគុណជាខ្លាំងដល់គ្រួសារសាកលវិទ្យាល័យប្រើប្រាស់ភាសាបារាំងចំពោះការគាំទ្រដល់សាកលវិទ្យាល័យនៅកម្ពុជា។ យើងមានសាកលវិទ្យាល័យចំនួន១០ដែលចូលក្នុងបណ្តាញនៃទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង ហើយដោយគុណប្រយោជន៍នៃកិច្ចសហប្រតិបត្តិការនេះហើយ ដែលយើងបានបណ្តុះបណ្តាលគ្រូ បង្កើនគុណភាពអប់រំ ជួយដល់យុវជនដែលបានបញ្ចប់ការសិក្សាអោយទទួលបានការងារ។ ហើយខ្ញុំជឿជាក់ថា កិច្ចព្រមព្រៀងនេះនឹងជួយយើងអោយបង្កើន គុណភាពអប់រំអោយកាន់តែប្រសើរឡើងថែមទៀតនៅកម្ពុជា»។
លោក Jean-Paul de Gaudemar សាកលវិទ្យាធិការ AUF បានមានប្រសាសន៍ថា៖ «កិច្ចសហប្រតិបត្តិការជាមួយកម្ពុជាដែលមានគ្រឹះស្ថានចំនួន១០ជាសមាជិក និងមានទីស្នាក់ការមួយផងនោះ គឺជាយុទ្ធសាស្ត្រសំរាប់ទីភ្នាក់ងារយើង។ កិច្ចព្រមព្រៀងជាដៃគូរថ្មីនេះអាចពង្រឹងការអភិវឌ្ឍន៍លើការអប់រំនៅកំរិតឧត្តមសិក្សានិងការស្រាវជ្រាវនៅក្នុងប្រទេសនេះ។ វាបានកើតឡើងតែប៉ុន្មានខែប៉ុណ្ណោះក្រោយពីការសម្ពោធន៍ដាក់អោយប្រើប្រាស់នូវគម្រោងជំរុញការច្នៃប្រឌិតនិងសហគ្រិនភាព(CNEUF)នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា»៕