(ភ្នំពេញ)៖ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ២០១៩នេះ បាននាំអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនធំ ឧបត្ថម្ភដល់គ្រួសារក្រីក្រ ចាស់ជរាចំនួន ៥០គ្រួសារ នៅក្នុងសង្កាត់ចោមចៅទីពីរ ៣០គ្រួសារ សង្កាត់ចោមចៅទីមួយ ២០គ្រួសារ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ពិធីចែកអំណោយនេះ បានប្រព្រឹត្តទៅនៅក្នុងវត្តគោកបញ្ជាន់ ក្រោមការដឹកនាំដោយ លោក ហែម ដារិទ្ធិ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ មអមដំណើរលោក ប៉ាង លីដា អភិបាលរង ខណ្ឌ លោកស្រី អ៊ឹម ថាវី អនុប្រធានកាកបាទក្រហមខណ្ឌពោធិ៍សែនជ័យ ព្រះចៅអធិការវត្តជម្ពូវ័ន ព្រះចៅអធិការវត្តគោកបញ្ជាន់ ព្រមទាំងសមាជិក សមាជិកាសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ-សង្កាត់ ជាច្រើនកុះករ។
អំណោយដែលចែកជូនរួមមាន៖ ក្នុងមួយគ្រួសារទទួលបានអង្ករ ៣០គីឡូក្រាម មានទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ឆ្នាំងដាំបាយ កំសៀវទឹក ធុងទឹក បំពុងទឹកក្តៅ ជ្រុញ និងថវិកាចំនួន៥ម៉ឺនរៀល ក្នុងមួយគ្រួសារ។
ក្នុងឱកាសនោះ លោក ហែម ដារិទ្ធិ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខសេក្តីនឹករលឹក ពីសំណាក់លោកស្រីកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ។
លោក ហែម ដារិទ្ធិ បានថ្លែងអំណរគុណផងដែរ ដល់ព្រះសង្ឃ ពុទ្ធបរិស័ទ និងសប្បុរសជននានា ដែលតែងតែចូលរួមឧបត្ថម្ភតាមរយៈកាកបាទក្រហមកម្ពុជា ដើម្បីនាំអំណោយយកទៅចែកជូន ដល់ប្រជាពលរដ្ឋក្រីក្រ និងរងគ្រោះផ្សេងៗផងដែរ៕