(ភ្នំពេញ)៖ ផ្លូវជាច្រើនខ្សែនៅមូលដ្ឋានខណ្ឌដង្កោ បានលេចចេញជារូបរាងយ៉ាងព្រោងព្រាត បើទោះបីផ្លូវខ្លះ ស្ថិតក្រោមការសាងសង់ ជួសជុល និងផ្លូវខ្លះទៀតកំពុងបើការដ្ឋាន សាង់សង់ក៏ដោយនោះ។
សម្រាប់ការបើកការដ្ឋានសាងសង់ និងជួសជុលផ្លូវវិញ លោកអភិបាលខណ្ឌ បានរៀបចំមិនលោះថ្ងៃនោះឡើយ ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាជន សម្រាប់ធ្វើដំណើរទៅមក ប្រែក្លាយពីស្ថានភាពដ៏លំបាក ទឹកលិច ភក់ជ្រាំ មកជាផ្លូវបេតុង និងកៅស៊ូជាដើម។
ជាក់ស្តែងនៅព្រឹកថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយលោកអភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់ បានចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងថ្មី០១ខ្សែ ប្រវែង ៦៥០ម៉ែត្រ ទទឹង៤ម៉ែត្រ ក្នុងភូមិគងនយ សង្កាត់គងនយ ព្រមទាំងបានរៀបចំពិធីពិសារនំបញ្ចុកសាមគ្គី ជាមួយបងប្អូនប្រជាពលរដ្ឋ ប្រកបដោយភាពរីករាយ និងស្និទ្ធស្នាល។
ក្រៅពីការលើកឡើងចំពោះការរីកចំរើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជានោះ លោកអភិបាលខណ្ឌ ក៏បានផ្តាំផ្ញើការសួរសុខទុក្ខ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនចំពោះបងប្អូនផងដែរ។
នៅចំពោះមុខប្រជាពលរដ្ឋ ដែលបានចូលរួមជាច្រើនរយនាក់នេះ លោកអភិបាលខណ្ឌដង្កោ បានគូសរំលេចពីសមិទ្ធិផលថ្មីមួយនេះទៀត ដើម្បីងាយស្រួលធ្វើដំណើរ។ ជាមួយគ្នានេះលោក នុត ពុធដារ៉ា ក៏សុំការយោគយល់ពីបងប្អូន ដែលរស់នៅតាមសងខាងផ្លូវ សូមអាធ្រាស្រ័យចំពោះក្រុមការងារជួសជុលផ្លូវផង និងចូលរួមសហការជាមួយមន្រ្តីក្រុមការងារឲ្យបានល្អប្រសើរ ដែលទាំងនេះជាផលប្រយោជន៍រួមរបស់បងប្អូននោះទេ។
បើតាមលោកអភិបាលខណ្ឌ ដែលបានថ្លែងទៅកាន់ប្រជាពលរដ្ឋនោះ ក៏បានលើកឡើងទៀតថា នេះក៏មិនមែនជាសមិទ្ធិផលចុងក្រោយ សម្រាប់បងប្អូននោះឡើយ គឺនៅមានបន្តទៀត ទាំងនេះជាការចូលរួមទាំងផ្ទាល់ និងប្រយ៉ោលលើការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលជាការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាល៕