(ឧត្តរមានជ័យ)៖ លោកឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជការកងពលធំអន្តរាគមន៍លេខ២ បានបញ្ជាក់ប្រាប់ទៅនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ថា ក្នុងនាមជាកងទ័ពត្រូវការពារឱ្យបាននូវជាតិ សាសនា ព្រះមហាក្សត្រ និងត្រូវការពារឱ្យបានរាជរដ្ឋាភិបាលស្របច្បាប់ និងបង្ក្រាបជាដាច់ខាតរាល់សកម្មភាព ឧទ្ទាមណាមួយដែលចង់បំផ្លាញសន្តិភាពនៅកម្ពុជា។
ការបញ្ជាក់បែបនេះ របស់លោកឧត្តមសេនីយ៍ឯក កែវ ធី បានធ្វើឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញត្រួតពិនិត្យមើលការងារប្រឡងប្រណាំង លើគ្រប់វិស័យការងារយោធា សន្តិសុខ នៅខែវិច្ឆិកា និងទិសដៅបន្ត នៅខែធ្នូ ឆ្នាំ២០១៩ របស់កងពលតូចអន្តរាគមន៍លេខ៦ នៅខេត្តឧត្តរមានជ័យ។
លោកឧត្តមសេនីយ៍ឯក កែវ ធី បានថ្លែងថា «ដូច្នេះកងទ័ពទាំងអស់ត្រូវប្តូរផ្តាច់ការពារ រាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា ដោយមិនឱ្យក្រុមជនក្បត់ជាតិ ដែលដឹកនាំដោយទណ្ឌិត សម រង្សី មកផ្តួលរំលំបានជាដាច់ខាត»។
លោកឧត្តមសេនីយ៍ឯក ក៏បានគូសបញ្ជាក់ថា «កងទព័ទាំងអស់អព្យាក្រឹត្យ តែជាមួយគណបក្សនយោបាយ តែមិនអព្យាក្រឹត្យជាមួយរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត នោះទេ។ ផ្ទុយទៅវិញយើងទាំងអស់គ្នា ត្រូវការពារឱ្យបានដាច់ខាតជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ដោយមិនអនុញ្ញាតឱ្យក្រុមក្បត់ជាតិមកបំផ្លាញបានឡើយទោះក្នុងតម្លៃ ណាក៏ដោយ»។
លោកឧត្តមសេនីយ៍ឯក កែវ ធី ក៏បានថ្លែងការកោតសរសើរ ដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ចំណុះកងពលតូចអន្តរាគមន៍លេខ៦ ដែលបានខិតខំបំពេញការងារ គ្រប់បែបយ៉ាងបានយ៉ាងល្អ ពិសេសគឺក្បាច់គុណកងយោធពលខេមរភូមិន្ទ គឺហាត់បានយ៉ាងល្អ និងស្វាហាប់ណាស់ចំណែកការងារលើវិសយ័ផ្សេងៗទៀត ក៏បានល្អដែរ៕