(ព្រះសីហនុ)៖ នៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តព្រះសីហនុ បានលើកឡើងថា ខេត្តព្រះសីហនុ នឹងចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ដោយបានសង្កត់ធ្ងន់ថា៖ «ការអភិវឌ្ឍន៍ថ្មីៗ បានកំពុងចាប់ផ្តើមយ៉ាងសកម្ម សម្រាប់ធ្វើឱ្យខេត្តព្រះសីហនុ ឈានទៅខេត្តមួយដែលមានសេដ្ឋកិច្ចរីកចម្រើនរបស់ប្រទេសកម្ពុជា»។
លោក សាយ សំអាល់ បានបញ្ជាក់ថា ប្រទេសមានសុខសន្តិភាពពេញលេញ និងមានកំណើនសេដ្ឋកិច្ចជាប្រចាំ ហើយប្រជាពលរដ្ឋបានប្រែក្លាយជីវភាពពីការរស់នៅតាមជនបទមកធ្វើការជាបុគ្គលិក កម្មករ និយោជក ហើយបាននិងកំពុងអភិវឌ្ឍជីវភាពបន្ថែមទៀតទៅជាអ្នកធ្វើការងារ និងគ្រប់គ្រងវិស័យសេវាកម្មយ៉ាងសំខាន់នៅក្នុងប្រទេសកម្ពុជា។ ម្យ៉ាងវិញទៀតកម្ពុជា បានកំណត់ទស្សនវិស័យយ៉ាងច្បាស់លាស់ ប្រែក្លាយជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេសចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
នៅក្នុងផែនការយុទ្ធសាស្រ្ត លោក សាយ សំអាល់ បានឱ្យដឹងថា ខេត្តព្រះសីហនុកំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន ផ្លូវថ្នល់ ដែលក្នុងនោះកម្រោងស្ដារផ្លូវ៣៤ខ្សែរ ចំណាយទឹកប្រាក់ប្រមាណ៣០០លានដុល្លារ និងសម្ពោធបើកការដ្ឋាននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ លោករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរ ពីផែនការគ្រប់គ្រងសេវាអនាម័យបរិស្ថាន ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងព្រះសីហនុ ជាមួយនឹងការពង្រឹង និងពង្រីកប្រព័ន្ធគ្រប់គ្រងទឹកស្អាត ដើម្បីផ្តល់ឱ្យប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ស្របទៅតាមការរីកចម្រើននៃទីក្រុងនាពេលបច្ចុប្បន្ន និងទៅអនាគត។
លើសពីនេះ លោកក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានបង្កើនការការចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់លើទីផ្សារម្ហូបអាហារ បន្ថែមទៅលើផលនេសាទសមុទ្រ ដែលទទួលបានសម្រាប់បម្រើឲ្យសេដ្ឋកិច្ចជាតិ។ ជាចុងក្រោយ លោក សាយ សំអាល់ បានលើកទឹកចិត្តបន្ថែមទៀត ដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ រក្សាការពារសន្តិភាព និងបង្កើនការវិនិយោគទៅលើអនាគតរបស់ខ្លួនឯងផងដែរ។
ក្រោយបញ្ចប់កិច្ចប្រជុំឯកឧត្តម រដ្ឋមន្ត្រីក៏បានចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយបងប្អូនអាជីវករនៅក្នុងផ្សារវាលរេញ ស្រុកព្រៃនប់ ដើម្បីស្វែងយល់បន្ថែមទៀតពីការរីកចម្រើនលើផ្នែកជីវភាពរបស់ប្រជាជននៅតាមមូលដ្ឋាន៕