(ថៃ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់ប្រទេសកម្ពុជា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានដឹកនាំប្រតិភូនៃស្ថាប័ន ត្រួតពិនិត្យគ្រឿងញៀនកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី នៃប្រទេសហត្ថលេខី អនុស្សារណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ១៩៩៣ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ក្នុងមហាអនុតំបន់ទន្លេមេគង្គ នៅទីក្រុងបាងកក ប្រទេសថៃ។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងថា តំបន់ត្រីកោណមាស នៅតែជាប្រភពគ្រោះថ្នាក់ផ្គត់ផ្គង់គ្រឿងញៀន នៅក្នុងបណ្តាប្រទេស នៃតំបន់របស់យើង ហើយក្រុមឧក្រិដ្ឋជន នៅតែអាចមានលទ្ធភាពលួចដាំដុះ ផលិត កែច្នៃ ចរាចរគ្រឿងញៀន និងសារធាតុគីមីផ្សំនៅក្នុងតំបន់ ហើយប្រជាជនមួយចំនួន នៅតែទទួលរងនូវគ្រោះថ្នាក់ ដែលបណ្តាលមកពីការប្រើប្រាស់ និងការចរាចរគ្រឿងញៀន ពិសេសការកើនឡើង ការប្រើប្រាស់សារធាតុញៀនប្រភេទថ្មី ដែលប៉ះពាល់ប្រព័ន្ធសរសៃប្រសាទ (NPS) និងការសំអាតប្រាក់របស់ក្រុមឧក្រិដ្ឋជនគ្រឿងញៀនផងដែរ។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបន្តទៀតថា ដើម្បីឆ្លើយតបទៅនឹងស្ថានភាពដ៏ស្មុគស្មាញ កម្ពុជាបានខិតខំប្រឹងប្រែងបង្កើនប្រសិទ្ធភាព នៃការប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាំងនៅក្នុងប្រទេសរបស់ខ្លួន និងនៅក្នុងអនុតំបន់ចូលរួមអនុវត្តផែនការ សកម្មភាពអនុតំបន់ ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ការផលិត និងការចរាចរគ្រឿងញៀន គ្រប់ប្រភេទចេញពីតំបន់ត្រីកោណមាស ទៅកាន់ប្រទេសផ្សេងៗ ទាំងក្នុងតំបន់ និងជុំវិញពិភពលោក។
លោកបន្ដថា ជាមួយគ្នានេះ កម្ពុជា ក៏បាននិងកំពុងដំណើរការយ៉ាងសកម្ម ក្នុងការអនុវត្តន៍យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី៤ ជាពហុវិស័យសំដៅលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ទប់ស្កាត់ការផលិត និងការចរាចរគ្រឿងញៀនខុសច្បាប់ នៅក្នុងតំបន់យើងទាំងមូល ហើយកម្ពុជាបានបង្រ្កាប និងទប់ស្កាត់ការចរាចរគ្រឿងញៀនឆ្លងកាត់ ទៅកាន់ប្រទេសនានាជាច្រើនករណី និងក្នុងបរិមាណច្រើនរាប់រយគីឡូក្រាមរួចមកហើយ។
ជាមួយគ្នានេះដែរ ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាព នៃការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងតំបន់របស់យើងទាំងមូល កម្ពុជាយល់ឃើញថា៖
* គួរយកចិត្តទុកដាក់ពង្រឹងយន្តការ ដែលមានស្រាប់ និងការបង្កើតបន្ថែមយន្តការថ្មីៗ មួយចំនួនថែមទៀត ឲ្យស្របទៅនឹងស្ថានភាពថ្មី នៃបញ្ហាគ្រឿងញៀននៅក្នុងតំបន់របស់យើង។
* គួរជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ឲ្យកាន់តែសកម្មថែមទៀត នូវការងារត្រួតពិនិត្យបទល្មើសគ្រឿងញៀន ជាពិសេសនៅតាមតំបន់ និងតាមច្រកព្រំដែននីមួយៗ។
* គួរផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការទប់ស្កាត់ការផលិត និងការចរាចរគ្រឿងញៀន ចេញពីតំបន់ត្រីកោណមាស។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានគូសបញ្ជាក់ថា យើងគួរបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការគៀងគរប្រភពគាំទ្រហិរញ្ញវត្ថុ និងបច្ចេកទេស ពីបណ្តាប្រទេសផ្តល់ជំនួយ និងដៃគូអភិវឌ្ឍន៍ ដើម្បីគាំទ្រផែនការសកម្មភាព អនុតំបន់របស់យើងឲ្យកាន់តែល្អប្រសើរ ថែមមួយកម្រិតទៀត។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនោះ ប្រទេសសមាជិកនៃអនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីការត្រួតពិនិត្យគ្រឿងញៀន បានសម្តែងនូវការព្រួយបារម្ភចំពោះការកើនឡើង នៃការផលិត និងការជួញដូរគ្រឿងញៀន សំយោគដោយក្រុមឧក្រិដ្ឋជន ដែលមានអង្គការចាត់តាំង ដែលភាគច្រើនអាចធ្វើឡើង ដោយសារការបង្វែរសារធាតុគីមីផ្សំពីប្រភពស្របច្បាប់ ទៅផលិតគ្រឿងញៀនសំយោគខុសច្បាប់។
ហេតុនេះ ដើម្បីឆ្លើយតប ទៅនិងបញ្ហានេះ ក៏ដូចជានិន្នាការនៃបញ្ហាគ្រឿងញៀន នាពេលបច្ចុប្បន្ន អង្គប្រជុំបានសម្រេចចេញនូវសេចក្តីប្រកាសទីក្រុងបាងកក ស្តីពីការឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងអនុម័តនូវផែនការ សកម្មភាពអនុតំបន់ទី១១។
ដោយក្នុងនោះ ផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀនឆ្លងដែន ការទប់ស្តាត់ និងបង្ក្រាបការផលិត ការជួញដូរ និងការចរាចរគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ និងសារធាតុគីមីផ្សំ តាមផ្លូវគោក ផ្លូវអាកាស និងផ្លូវសមុទ្រ ព្រមទាំងការពង្រឹងកិច្ចខិតខំប្រឹងប្រែង ក្នុងការព្យាបាលអ្នកញៀនគ្រឿងញៀន គៀគរជំនួយផ្នែកបច្ចេកទេស និងផ្នែកហិរញ្ញវត្ថុ៕