(ភ្នំពេញ)៖ ឆ្លើយតបនឹងសំណើរបស់អគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា, លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា បានសម្រេចជាគោលការណ៍ អនុញ្ញាតឱ្យវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ជួលម៉ោងវិទ្យុសំបុកឃ្មុំ និងវិទ្យុ១០២ ដើម្បីផ្សព្វផ្សាយនៅកម្ពុជា។ ចំណែកវិទ្យុអាស៊ីសេរី (RFA) លោករដ្ឋមន្រ្តីទាមទារឱ្យកែតម្រូវពាក្យ «របបក្រុងភ្នំពេញ» ជាមុនសិន ទើបអនុញ្ញាតឱ្យផ្សព្វផ្សាយ។
ការបញ្ជាក់ជំហររបស់កម្ពុជា បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរបស់ លោក W.Patrick Murphy អគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ជាមួយលោក ខៀវ កាញារីទ្ធ នៅទីស្តីការក្រសួងព័ត៌មាន នាវេលាថ្ងៃត្រង់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
ក្រោយបញ្ចប់ជំនួបនេះ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា នៅក្នុងជំនួបនោះ អគ្គរដ្ឋទូតអាមេរិក បានស្នើឱ្យក្រសួងព័ត៌មានពិនិត្យលទ្ធភាព ក្នុងការអនុញ្ញាតឱ្យវិទ្យុរបស់សហរដ្ឋអាមេរិកទាំង២ ជួលម៉ោងផ្សព្វផ្សាយនៅកម្ពុជា។
លោកបានអះអាងដូច្នេះថា៖ «ឯកឧត្តមអគ្គរដ្ឋទូត បានស្នើសុំការជួយជ្រោមជ្រែងរបស់ក្រសួងព័ត៌មាននៅក្នុងការពិនិត្យលទ្ធភាព ឱ្យវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA អាចជួលមោងផ្សាយបាននៅក្នុងប្រទេសកម្ពុជាឡើងវិញ។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តីលោកក៏បានឯកភាពឱ្យវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA ហ្នឹងអាចផ្សព្វផ្សាយឡើងវិញបាន នៅតាមវិទ្យុសំបុកឃ្មុំ និងអតីតវិទ្យុ១០២ ឡើងវិញ ដោយធ្វើយ៉ាងណាឱ្យម្ចាស់ស្ថានីយ៍វិទ្យុទាំង២ហ្នឹង ធ្វើលិខិតស្នើសុំជាផ្លូវការមកក្រសួងព័ត៌មាន»។
សម្រាប់វិទ្យុអាស៊ីសេរីវិញ អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ថា «ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូន ឯកឧត្តមអគ្គរដ្ឋទូតដែរ អំពីវិទ្យុអាស៊ីសេរីថា រាជរដ្ឋាភិបាល នឹងមិនអនុញ្ញាតទេ ប្រសិនបើវិទ្យុអាស៊ីសេរី នៅតែប្រើពាក្យ "របបក្រុងភ្នំពេញ" ជំនួសឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា»។
លោកអះអាងថា អកប្បកិរិយា ដែលបានផ្សព្វផ្សាយហៅរាជរដ្ឋាភិបាលកម្ពុជាថា «របបក្រុងភ្នំពេញ» គឺធ្វើឡើងមិនស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជានោះទេ។
សូមជំរាបថា វិទ្យុអាស៊ីសេរី RFA និង VOA ដែលបានបើកការិយាល័យលួចលាក់របស់ខ្លួននៅកម្ពុជាជាច្រើនឆ្នាំ បានសម្រេចបិទការិយាល័យនោះទៅវិញដោយឯកឯង កាលពីចុងឆ្នាំ២០១៧ បន្ទាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានស្នើឱ្យក្រសួងព័ត៌មានចាត់វិធានការ ដោយសារតែវិទ្យុអាមេរិកទាំងពីរនេះ បានធ្វើសកម្មភាព ដោយគ្មានអាជ្ញាប័ណ្ណ និងមិនបានមកចុះបញ្ជីពន្ធដារ តាមច្បាប់ស្តីពីសារពើពន្ធដែលបានកំណត់ត្រឹមត្រូវ។
បន្ទាប់ពីបិទរយៈពេល២ឆ្នាំ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ក្រសួងព័ត៌មានបានចេញលិខិតផ្លូវការមួយ សម្រេចឱ្យវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA បើកការិយាល័យតំណាងតាមផ្លូវច្បាប់ របស់ខ្លួន នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីវិទ្យុនេះបានដាក់ពាក្យស្នើសុំផ្លូវការ។ ទោះជាយ៉ាងនេះក្តី សម្រាប់វិទ្យុអាស៊ីសេរី មិនទាន់ត្រូវបានអនុញ្ញាតឱ្យបើកការិយាល័យនៅឡើយទេ៕