(ភ្នំពេញ)៖ លោកវរសេនីយ៍ទោ ម៉ាក រ៉ាហ្សាដ្រាណាលី (Marc Razafindranaly) អនុព័ន្ធយោធាបារាំង ប្រចាំកម្ពុជា បានបញ្ជាក់ថា ប្រទេសបារាំង និងកងទ័ពបារាំង នឹងនៅបន្តជួយរៀបចំ សរសេរសៀវភៅ «ស» ការពារជាតិ ព្រោះប្រទេសបារាំង មានការចាប់អារម្មណ៍ខ្លាំងណាស់ ហើយបារាំង ស្នើសុំកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីផ្លាស់ប្ដូរនៃការរៀបកិច្ចប្រជុំដែល អាចធ្វើឡើងនៅកម្ពុជា ឬនៅប្រទេសបារាំង ដែលទាក់ទងទៅនឹងរបៀបសរសេរ និងការរៀបចំយុទ្ធសាស្ត្រមួយចំនួន ដើម្បីចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក។
ការបញ្ជាក់ជំហរបែបនេះរបស់លោកវរសេនីយ៍ទោ ម៉ាក រ៉ាហ្សាដ្រាណាលី បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅអគ្គបញ្ជាការដ្ឋាន ក្រុងភ្នំពេញ ដើម្បីបន្តការងារពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទំនាក់ទំនង រវាងកងទ័ពប្រទេសទាំងពីរកម្ពុជា-បារាំង ឱ្យកាន់តែប្រសើរ ក្នុងឱកាសដែលលោកមកបំពេញការងារកម្ពុជា។
លោកវរសេនីយ៍ទោ ម៉ាក រ៉ាហ្សាដ្រាណាលី បានថ្លែងយ៉ាងដូច្នេះថា៖ «ហើយបន្ទាប់ពីនេះភាគីកងទ័ពបារាំង នឹងនៅតែបន្តទំនាក់ទំនងជាមួយកងទ័ពកម្ពុជា ក្នុងការជួយដល់នៅការរៀបចំ សរសេរសៀវភៅសការពារជាតិ ដែលការសរសេរសៀវភៅ «ស» ការពារជាតិនេះ ប្រទេសបារាំង មានការចាប់អារម្មណ៍ខ្លាំងណាស់ ដូច្នេះ បារាំងស្នើសុំកិច្ចសហប្រតិបត្តិការជាមួយនឹងកម្ពុជា ដើម្បីផ្លាស់ប្ដូរ នៃការរៀបកិច្ចប្រជុំដែលអាចធ្វើឡើងនៅប្រទេសកម្ពុជា ឬនៅប្រទេសបារាំង ដែលទាក់ទងទៅនឹងរបៀបសរសេរ និងការរៀបចំយុទ្ធសាស្ត្រមួយចំនួន ដើម្បីចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក»។
ក្នុងជំនួបនាឱកាសនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជំនួសមុខឱ្យសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ រីករាយបំផុត ចំពោះវត្តមានលោកវរសេនីយ៍ទោ ប្រធានការិយាល័យអនុព័ន្ធយោធាបារាំង ប្រចាំកម្ពុជា និងលោកវរសេនីយ៍ទោ ប្រធានបេសកកម្មសហប្រតិបត្តិការ និងការពារបារាំង ប្រចាំនៅកម្ពុជា ដោយលោកបានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារ របស់លោកអនុព័ន្ធយោធា និងលោកប្រធានបេសកកម្ម ការពារបារាំង ដែលក្នុងអាណត្តិបេសកកម្មការទូតយោធា របស់លោកនៅកម្ពុជា បានធ្វើទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ដ៏ល្អជាមួយកងយោពលខេមរភូមិន្ទ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានសំដែងនូវអំណរគុណជាពន់ពេកចំពោះ រដ្ឋាភិបាល និងកងទ័ពនៃសាធារណរដ្ឋបារាំង ដែលជានិច្ចជាកាល តែងបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ ថវិកា និងផ្នែកបច្ចេកទេស ក្នុងការជួយបណ្ដុះបណ្ដាលធនធានមនុស្ស ដល់កងយោធពលខេមរភូមិន្ទ រហូតមកនៅកម្ពុជា និងនៅប្រទេសបារាំង។ ដែលមានជាអាថ៌ដូចជា ការជួយបណ្ដុះបណ្ដាលនាយទាហានសកម្ម ដែលមានវ័យក្មេង នៅសាលានាយទាហានសកម្ម នៃកងយោពលខេមរភូមិន្ទ ការជួយបណ្ដុះបណ្ដាលកងកម្លាំងផ្នែកច្បាប់ ដល់កងរាជអាវុធហត្ថ ការជួយបណ្ដុះបណ្ដាល កងកម្លាំងរក្សាសន្តិភាព របស់កម្ពុជា និងជួយលើផ្នែកបច្ចេកទេសផ្សេងៗ ដទៃទៀតជាច្រើន សំដៅជួយឱ្យកងយោធពលខេមរភូមិន្ទ មានគ្រប់លទ្ធភាព ក្នុងការពង្រឹងប្រៀបការពារជាតិ ការពារអធិបតេយ្យ បូរណភាពទឹកដី របស់ព្រះរាជាណាចក្រកម្ពុជា កាន់តែមានភាពរឹងមាំ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ សង្ឃឹមយ៉ាងមុតមាំថា លោកអនុព័ន្ធយោធា និងលោកប្រធានបេសកកម្មសហប្រតិបត្តិការ ផ្នែកការពារបារាំង និងបន្តធ្វើឱ្យកិច្ចសហប្រតិបត្តិការទំនាក់ទំនងរវាងកងទ័ព ប្រទេសទាំងពីរ កម្ពុជា បារាំង កាន់តែល្អប្រសើរថែមទៀត។ លោកវរសេនីយ៍ទោ ម៉ាក រ៉ាហ្សាហ្វីនដ្រាណាលី បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិ្ទ ដែលក្នុងរយៈពេល នៃអាណត្តិកាទូតយោធា របស់លោកនៅកម្ពុជាកន្លងមកនេះ ថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ គ្រប់លំដាប់ថ្នាក់បានបង្កគ្រប់លក្ខណៈសម្បត្តិ ជំរុញឱ្យបេសកម្មការទូតយោធា របស់លោកនៅកម្ពុជា ទទួលបានជោគជ័យ។
លោកវរសេនីយ៍ទោ ម៉ាក រ៉ាហ្សាដ្រាណាលី បានបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលមានការនិយាយ និងប្រើប្រាស់ភាសាបារាំង តាំងពីយូរណាស់មកហើយ ហើយលោកចង់បន្តពង្រឹងពង្រីក និងការបណ្ដុះបណ្ដាលផ្នែកភាសាបារាំងនេះ ឱ្យដល់កម្ពុជាបន្តទៀតដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទំនាក់ទំនង ឱ្យកាន់តែល្អជាមួយនឹងកងយោធពលខេមរភូមិន្ទ។
លោកវសេនីយ៍ទោ ម៉ាក រ៉ាហ្សាហ្វីនដ្រាណាលី ក៏បានសុំកិច្ចសហប្រតិបត្តិការ ពីនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ផងដែរថា នៅក្នុងខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ មានដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាព របស់លោកឧត្តមសេនីយ៍ទោ គូ គឹមបេ ដែលជានាយសេនាធិការកងទ័ពបារាំង នឹងមកធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា ហើយក្នុងដំណើរទស្សនកិច្ច របស់លោកនាយសេនាធិការកងទ័ពបារាំង នៅកម្ពុជាលើកនេះដែរ គឺជាឱកាសមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការ រវាងកងទ័ពបារាំង និងកងទ័ពកម្ពុជា។
ជាការឆ្លើយតបនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា លោកនឹងទទួលយករាល់សំណើររបស់អនុព័ន្ធយោធាបារាំង ទាំងផ្នែកនៃការផ្ដល់ការពង្រឹងពង្រីកផ្នែកភាសាបារាំង ការជួយបណ្ដុះបណ្ដាលផ្នែកកងរក្សាសន្តិភាព។
នាយឧត្តមសេនីយ៍ ឥត សារ៉ត់ ក៏បានស្នើសុំដល់ភាគី កងទ័ពបារាំង តាមរយៈលោកអនុព័ន្ធយោធាបារាំង ប្រចាំនៅកម្ពុជា ឱ្យបន្តជួយដល់កងកម្លាំង រក្សាសន្តិភាពរបស់កម្ពុជា នៅអង្គការសហប្រជាជាតិ ដែលឈរជើងនៅបណ្ដាប្រទេសនានា ព្រោះថាកម្លាំងទាំងនោះមិនមែនជាកម្លាំង ប្រយុទ្ធមានអាវុធនោះទេ តែជាកម្លាំងដោះមីន និងមនុស្សធម៌តែប៉ុណ្ណោះ ដូច្នេះសូមជួយថែរក្សាការពារដល់កម្លាំងរបស់កម្ពុជា នៅបណ្ដាប្រទេសទាំងនោះផង។
ចំណែកឯដំណើរទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ទោ គូ គឹមបេ នៅកម្ពុជា នាយឧត្តមសេនីយ៍ ស្វាគមន៍ជានិច្ច ចំពោះដំណើរទស្សនកិច្ច របស់លោកនៅកម្ពុជា ហើយលោកសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចរបស់លោក គូ គឹមបេរ នៅកម្ពុជា និងនាំនូវការពិភាក្សា ដ៏ល្អនឹងទទួលបានផ្លែផ្កា ក្នុងការពង្រឹងពង្រីក និងការអភិវឌ្ឍន៍រវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-បារាំង ឱ្យកាន់តែប្រសើរឡើង។ ដោយឡែកចំពោះការចង់ជួយ របស់បារាំង លើការសរសេរសៀវភៅការពារជាតិ របស់ភាគីបារាំង សម្រាប់កម្ពុជា។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានបញ្ជាក់ថា កម្ពុជាទទួលស្វាគមន៍ជានិច្ច តែសូមឱ្យមានការពិភាក្សាលម្អិត នឹងទទួលការសម្រេចពីថ្នាក់ដឹកនាំ ក្រសួងការពារជាតិកម្ពុជា ជាមុនសិន៕