(វៀតណាម)៖ តបតាមការអញ្ជើញរបស់ លោក ង្វៀន វ៉ាន់ ថេ (Nguyen Van The) រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាម, នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន លើកទី២៥ ពីថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ការចូលរួមប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន លើកទី២៥ ខាងលើនេះដើម្បីចុះហត្ថលេខា៖
១៖ ពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរ ទី៥ ក្រោមកិច្ចព្រមព្រៀង ដឹកជញ្ជូនតាមផ្លូវអាកាសរវាងអាស៊ាន និងសាធារណរដ្ឋប្រជាមានិតចិន។
២៖ ពិធីសារអនុវត្តកញ្ចប់កិច្ចសន្យា ទី១១ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម។
ចំពោះការចុះហត្ថលេខាលើពិធីសារទី៣ និង ពិធីសារទី១១នេះ នឹងជួយជំរុញការផ្សារភ្ជាប់ ការដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងតំបន់អាស៊ាន កាន់តែទូលំទូលាយថែមទៀត ជាពិសេសការជំរុញសកម្មភាពហោះហើរ ដឹកជញ្ជូនតាមផ្លូវអាកាស រវាងអាស៊ាន និងចិន។
ការសម្រេចបាននូវពិធីសារថ្មី សម្រាប់ការចុះហត្ថលេខានេះ ក៏នឹងជួយរួមចំណែកដល់ការទ្រទ្រង់ រីកចំរើនដោះដូរពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគ សេដ្ឋកិច្ច និងសង្គម នៅក្នុងតំបន់អាស៊ាន និងរវាងអាស៊ាននិងចិនផងដែរ៕