(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ត្រីភាគី នៃការប្តេជ្ញាចិត្តរួមគ្នាឆ្ពោះទៅរកប្រទេសកម្ពុជា ដែលគ្មានមីនរវាងអាជ្ញាធរមីន អង្គការ UNDP និងប្រទេសអូស្រ្តាលី សម្រាប់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ២០២០-២០២៥ (Clearing For Results, Phase IV)។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់អាជ្ញាធរមីន ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីអង្គការ UNDP រដ្ឋាភិបាលអូស្រ្តាលី គឺជាដៃគូដ៏យូរអង្វែង និងមានសារៈសំខាន់មួយ ក្នុងការងារមនុស្សធម៌ និងការងារអភិវឌ្ឍន៍ ដែលបានចូលរួមក្នុងគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល របស់រាជរដ្ឋាភិបាលកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ លោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ការងារសកម្មភាពមីន គឺជាការងារអាទិភាពមួយរបស់រដ្ឋាភិបាលអូស្រ្តាលី ដែលអូស្រ្តាលីបានចូលរួមការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជាចាប់តាំងពីឆ្នាំ២០០៦ មកម្ល៉េះ ដោយលោកស្រី Angela Corcoran បានអះអាងថា រដ្ឋាភិបាលអូស្រ្តាលី នឹងបន្តប្តេជ្ញាជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីធ្វើការបោសសម្អាតមីនមនុស្សធម៌ និងការអភិវឌ្ឍ នៅកម្ពុជា។
ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលអូស្រ្តាលី និងអង្គការ UNDP ក៏ដូចជាប្រទេសម្ចាស់ជំនួយដទៃទៀត ដែលតែងតែគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីកាត់បន្ថយភាពក្រីក្រ ការជួយសង្រ្គោះជនរងគ្រោះ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ តាមរយៈការងារបោសសម្អាតមនុស្សធម៌នៅកម្ពុជា។
ទន្ទឹមនឹងនោះ លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ដោយមានការយកចិត្តទុកដាក់ជាខ្លាំងពីរាជរដ្ឋាភិបាលកម្ពុជា វិស័យសកម្មភាពមីន ត្រូវបានគាំទ្រយ៉ាងខ្លាំងក្លា និងដាក់បញ្ចូលក្នុង ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩ ២០២៣ ផងដែរ។
លោកទេសរដ្ឋមន្រ្តី លី ធុជ បានជម្រាបជូនដល់់ដៃគូអភិវឌ្ឍន៍ និងប្រទេសម្ចាស់ជំនួយថា ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា អាចដំណើរការពេញលេញ បន្ទាប់ពីកម្ពុជា បានបញ្ចប់នូវសង្រ្គាមដែលអូសបន្លាយរាប់ទស្សវត្សរ៍ និងទទួលបាននូវសុខសន្តិភាព ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ហើយសុខសន្តិភាពនេះ ពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាសម្រាប់ការអភិវឌ្ឍ និងការស្តារឡើងវិញរបស់ប្រទេសជាតិ ផងដែរ។ ការងារបោសសម្អាតមីន ត្រូវបានចូលរួមចំណែកយ៉ាង សំខាន់ក្នុងកិច្ចគាំពារដល់សន្តិភាព និងការអភិវឌ្ឍ។
ជាចុងបញ្ចប់ លោកទេសរដ្ឋមន្រ្តី ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទូទាំងប្រទេសត្រូវចូលរួមគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្រុមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីរក្សាការពារសន្តិភាព ពីព្រោះវាមានតម្លៃណាស់រហូតដល់យើងមិនអាចកាត់ថ្លៃបាន ហើយកុំជឿពួកក្រុមឧទ្ទាម ដែលដឹកនាំដោយ ទណ្ឌិត សម រង្សី ដែលប៉ុនប៉ងផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់៕