(ភ្នំពេញ)៖ តបតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន បាននិងកំពុងរៀបចំការធ្វើសមាហរណកម្មក្រុមអធិការកិច្ចការងារឱ្យទៅជាក្រុមតែមួយ ដើម្បីសម្រួលការលំបាក កាត់បន្ថយពេលវេលាក្នុងការចុះធ្វើអធិការកិច្ច ព្រមទាំងសម្រួលមធ្យោបាយមួយចំនួនទៀតដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន និងវិស័យឯកជននានា និងដើម្បីបង្កើនប្រសិទ្ធភាពអធិការកិច្ច។
ដើម្បីឱ្យការច្របាច់បញ្ចូលនេះប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រសួងទាំង ៤ខាងលើ បានបើកកិច្ចពិភាក្សាស្ដីពី ការច្របាច់បញ្ចូលក្រុមអធិការកិច្ចការងារក្នុងកម្រិតអន្តរស្ថាប័នលើកដំបូង នៅទីស្ដីការក្រសួងការងារ ក្រោមអធិបតីភាពលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ។
លោករដ្ឋមន្ត្រីបានលើកឡើងថា យោងតាមលទ្ធផលវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនលើកទី១៨ រាជរដ្ឋាភិបាលបានចាត់តាំងឱ្យក្រសួងការងារ ទទួលបន្ទុកការច្របាច់បញ្ចូលក្រុមអធិការកិច្ចការងារក្នុងកម្រិតអន្តរក្រសួង-ស្ថាប័ន ក្នុងនោះ ចែកជា២ជំហាន៖
* ជំហានដំបូង៖ គ្រប់ក្រសួង-ស្ថាប័នទាំងអស់ដែលមានអធិការកិច្ចទៅតាមរោងចក្រ សហគ្រាសលើសពីមួយក្រុម ត្រូវច្របាច់បញ្ចូលគ្នាទាំងអស់ឱ្យទៅជាក្រុមតែមួយ និងចុះតែមួយលើកក្នុងមួយឆ្នាំចំពោះគោលដៅមួយ ដោយរៀបចំបញ្ជីសកម្មភាពអធិការកិច្ច និងការកំណត់ពេលវេលាចុះឱ្យបានច្បាស់លាស់ លើកលែងតែមានករណីចាំបាច់ ឬករណីជាបទល្មើស។
ចំពោះក្រសួងការងារ គឺបានបន្តប្រើយន្តការក្រុមអធិការកិច្ចការងារតែមួយ ដែលចុះក្នុងពេលតែមួយ និងប្រើបទដ្ឋានវាយតម្លៃតែមួយ ដែលក្រសួងបានដាក់ឱ្យអនុវត្តតាំងពីឆ្នាំ២០១៤។ ក្រុមអធិការកិច្ចការងារនេះ នឹងចុះធ្វើអធិការកិច្ចការងារលើសហគ្រាស គ្រឹះស្ថានចំនួនតែម្ដងគត់ក្នុងមួយឆ្នាំ ចំពោះគោលដៅមួយ។
* ជំហានបន្ទាប់៖ គឺក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំដឹកនាំក្រុមការងារដោយមានការចូលរួមពីគ្រប់ក្រសួងស្ថាប័ន មានក្រុមអធិការកិច្ចការងារទៅតាមសហគ្រា សហគ្រាស ដើម្បីពិនិត្យពីសារសំខាន់នៃការចុះធ្វើអធិការកិច្ចនីមួយៗ កំណត់ឱ្យបាននូវអធិការមួយណាគួរទុក និងមួយណាគួរដកចេញ និងរៀបចំជាបញ្ជីក្រុមអធិការកិច្ច មុខងារ និងពេលវេលាចុះអធិការកិច្ចឱ្យបានច្បាស់លាស់។
លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ បានបញ្ជាក់បន្ថែមថា ក្នុងកិច្ចពិភាក្សាជាមួយអន្តរក្រសួងនាព្រឹកនេះ យើងបានស្នើសុំបញ្ជីអធិការកិច្ចការងាររបស់ក្រសួងនីមួយៗមកពិនិត្យរួមគ្នា «ប្រសិនបើកម្មវត្ថុអធិការកិច្ចណាខ្លះដូចគ្នា យើងនឹងសំយោគបញ្ចូលគ្នា ហើយកម្មវត្ថុណាខ្លះស្រដៀងគ្នា និងវាមានស្តង់ដាផ្សេងគ្នា យើងអាចសំយោគស្តង់ដានេះឱ្យទៅជាស្តង់ដារួម»។
លោករដ្ឋលេខាធិការបានបន្តថា ក្នុងដំណើរការនៃការធ្វើអធិការកិច្ចការងារនេះ ដំបូងឡើយម្ចាស់សហគ្រាស គ្រឹះស្ថាន និងវិស័យឯកជននានា ត្រូវធ្វើស្វ័យប្រកាសដោយខ្លួនឯងជាមុនសិន បន្ទាប់មក ក្រុមអធិការកិច្ចការងារអន្តរក្រសួង-ស្ថាប័ននឹងចុះទៅត្រួតពិនិត្យរួមគ្នាលើស្វ័យប្រកាសរបស់ផ្នែកឯកជនទាំងនោះ «ថាតើកិច្ចការដែលគាត់ធ្វើសមស្រប ឬត្រឹមត្រូវតាមស្វ័យប្រកាសរបស់គាត់ដែរឬទេ»។ ដល់ពេលនោះ ក្រុមអធិការកិច្ចការងារអន្តរក្រសួងនឹងធ្វើការវាយតម្លៃជាក់ស្ដែងទៅលើអាជីវកម្មរបស់ពួកគាត់តែម្ដង៕