(ព្រះសីហនុ)៖ ដើម្បីសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាសុខភាពប្រជាពលរដ្ឋ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដឹកនាំដោយលោក ប៊ុន ចំរើន ប្រធានស្តីទី នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះ ផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ នៅផ្សារទំនប់រលក ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
មន្រ្តីកាំកុងត្រូល សាខាខេត្តព្រះសីហនុ បានឲ្យដឹងថា នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូ ម្ហូបអាហារមួយចំនួន មកធ្វើតេស្តបឋមរួមមាន៖ បង្គារ មឹកស្រស់ មីសសៃ ត្រីងៀត សណ្តែកបណ្តុះ សាច់ក្រក ខ្ញីហាន់ និងស្ពៃជ្រក់ ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ សុខភាពប្រជាពលរដ្ឋ។
មន្រ្តីកាំកុងត្រូលបានឲ្យដឹងបន្ថែមថា ជាលទ្ធផល មន្ត្រីជំនាញ ពុំបានរកឃើញមានវត្តមាន សារធាតុគីមីហាមឃាត់ នៅលើគ្រឿងសមុទ្រនោះទេ ។ ប៉ុន្តែមន្រ្តីជំនាញបានរកឃើញ ការដាក់តាំងលក់ទំនិញ ខូចគុណភាព និងហួសកាលបរិច្ឆទប្រើប្រាស់ រួមមាន៖ ផ្សិតកំប៉ុង LYLY ចំនួន៩កំប៉ុង, ត្រីខ CBT ចំនួន១កំប៉ុង
សរុបទំនិញដកហូត បានប្រហែល ចំនួន ៧,៧៩គីឡូក្រាម។
បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក នៅសាខាខេត្តព្រះសីហនុ ដើម្បីធ្វើការកម្ទេចចោល និងបានធ្វើការណែនាំដល់អាជីវករដទៃ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវាចៀសវាងបង្កផលប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈម ចំពោះមុខច្បាប់ថែមទៀត៕