(កោះកុង)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តកោះកុង នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានសហការជាមួយមន្ត្រីពាណិជ្ជកម្ម អាជ្ញាធរស្រុកមណ្ឌលសីមា ចុះត្រួតពិនិត្យទៅលើបន្លែ ផ្លែឈើ ត្រី សាច់ និងគ្រឿងឧបភោគ បរិភោគ និងមុខទំនិញដែលអាជីវករដាក់តាំងលក់ ក្នុងផ្សារប៉ាក់ខ្លង និងនៅតាមលំនៅដ្ឋាន ស្ថិតភូមិសាស្ត្រឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយផ្តោតសំខាន់ទៅលើភេសជ្ជៈគ្រឿង ឧបរិភោគ បរិភោគ ណាដែលហួសការបរិច្ឆេទ ថ្ងៃ ខែ ឆ្នាំផលិត។
បើតាមលោក ជា នី អនុ ប្រធានសាខាកាំកុងត្រូលខេត្តកោះកុង បានឱ្យដឹងថា ការចុះប្រតិបត្តិការនេះ ធ្វើឡើងដោយផ្អែកទៅលើច្បាប់ស្តីពី «ការគ្រប់គ្រងគុណភាពសុវត្តិភាពផលិតផលទំនិញ និងសេវានឹងកិច្ចសម្របសម្រួលពាណិជ្ជកម្ម» តាមរយៈគ្រប់គ្រងហានិភ័យដែលការត្រួតពិនិត្យ លក្ខណៈរូបវ័ន្តត្រួតពិនិត្យលក្ខណៈទូទៅខាងក្រៅ របស់ម្ហូបអាហារទៅស្លាកសញ្ញាសំបក វេចខ្ចប់ការបរិច្ឆេទ កំបុ័ងកំពិតប៉ោងរលួយ។ល។ និងត្រួតពិនិត្យគុណភាព និងភាពអនុលោមដោយធ្វើការវិភាគ ជាបឋមទៅផលិតផលទំនិញដោយប្រើ Test kit ដើម្បីស្វែងរកសាធាតុគីមី ដែលហាមឃាត់ ដូចជាប៉ូរ៉ាក់ និងហ្វ័រម៉ាលីនជាដើម ក្នុងករណីមានការសង្ស័យត្រូវយកគម្រូបញ្ជូនទៅវិភាគបន្តនៅមន្ទីរពិសោធន៍ របស់អគ្គនាយដ្ឋានកាំកុងត្រូល ដើម្បីកំណត់រកហានិភ័យ។
លោក ជា នី បានបន្តថា ជាលទ្ធផលមន្ត្រីជំនាញសាខាកាំកុងត្រូល បានត្រួតពិនិត្យ និងធ្វើតេស្ត ទៅលើរាល់មុខទំនិញដូចជា៖ បន្លែ ផ្លែឈើ ត្រី សាច់ ភេសជ្ជៈ គ្រឿងឧបភោគបរិភគ ដែលអាជីវកដាក់តាំងលក់នៅក្នុងផ្សារ និងតាមលំនៅដ្ឋាន ហើយការស្វែងរកសារធាតុគីមី មន្ត្រីជំនាញសាខាកាំកុងត្រូល បានរកឃើញនៅទឹកសារ៉ូជិត១០ដប់ ហួសការបរិច្ឆេទ និងតៅហ៊ូរ ដែលមិនមានស្លាកសញ្ញាត្រឹមត្រូវ ចំពោះគ្រឿងឧបរិភោគ ពុំបានរកឃើញ កាលបរិច្ឆេទ ថ្ងៃ ខែ ឆ្នាំផលិតនោះឡើយព្រោះប្រជាពលរដ្ឋគាត់បានយល់ដឹងច្រើន ពីបញ្ហាសុខភាព ម៉្យាងមន្ត្រីជំនាញបាន ធ្វើការផ្សព្វផ្សាយ បន្ថែមដល់អាជីវករឱ្យចេះ មើលរាល់មុខទំនិញមុននឹងយកចូលមកលក់ ហើយណែនាំបើ របស់ណាមានការសង្ស័យ ឬជិតផុតកំណត់ថ្ងៃ ខែ ឆ្នាំ ផលិតកុំទិញយកមកលក់ឱ្យសោះវាអាច ប៉ះពាល់សុខភាពអ្នកទិញយកមកបរិភោគ។
លោកបានបញ្ជាក់បន្ថែមថា មន្ត្រីជំនាញធ្វើការត្រួតពិនិត្យ ជាបន្តបន្ទាប់ និងប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ហើយធ្វើការណែនាំអាជីវករ ឱ្យមានការយល់ដឹងកាន់តែខ្ពស់ ចំពោះបញ្ហានេះ ហើយចំពោះប្រជាពលរដ្ឋគាត់ បានយល់ដឹងច្រើន ចំពោះបញ្ហានេះ មុនគាត់ទិញ យកទៅបរិភោគរាល់មុខទំនិញណាមួយដែលគាត់ត្រូវទិញ។
លោក ជា នី ក៏បានអំពាវរនាវ ដល់អ្នកនាំទំនិញចូលទាំងអស់ សូមនាំចូលតែទំនិញទាំងឡាយណា ដែលមានលក្ខណៈអនុលោមខ្ពស់ គ្មានសារធាតុគីមី ហើយមានសំបកខ្ចប់វិចខ្ចប់ត្រឹមត្រូវមានការបរិច្ឆេទ ដើម្បីចូលរួមចំណែកការពារសុវត្តិភាពសុខភាព និងផ្សព្វផ្សាយណែនាំ ដល់អាជីវករ នៅក្នុងផ្សារប៉ាក់ខ្លង និងតាមលំនៅដ្ឋាន និងធ្វើការពន្យល់ពីលក្ខណៈពិសេសៗ មុននឹងទិញយកទៅប្រើប្រាស់ ឬបរិភោគដើម្បីសុខភាព របស់បងប្អូនប្រជាពលរដ្ឋ៕