(ភ្នំពេញ)៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម បានថ្លែងថា ប.ស.ស គ្រោងនឹងដាក់ឱ្យដំណើរការរបបប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាស នាវាសមុទ្រ និងអ្នកបម្រើក្នុងផ្ទះនៅកម្ពុជា នាឆ្នាំ២០២០ខាងមុខ។
ការថ្លែងបែបនេះធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការដាក់ឱ្យដំណើរការ «របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពី ការងារដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ» នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគារតារាអ៊ែរផត។
លោក អ៊ុក សមវិទ្យា បានបញ្ជាក់ថា ការបង្កើតឱ្យមានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះឡើង គឺដើម្បីការពារហិរញ្ញវត្ថុពលរដ្ឋពេលចាស់ជរា តាមរយៈការផ្តល់ប្រាក់ចំណូលសមរម្យចំពោះប្រជាជន ដែលបានចូលរួមក្នុងរបបបា្រក់សោធន ដោយបញ្ឈប់នូវទម្លាប់ចិញ្ចឹមគ្នាទៅវិញទៅមក ដែលធ្វើឲ្យបន្ទុកចំណាយក្នុងគ្រួសារកាន់តែមានការកើនឡើង ជាហេតុធ្វើឱ្យជីវភាពគ្រួសារនៃប្រជាជនកម្ពុជាកាន់តែឆ្លាក់ចុះ។
លោកបានឱ្យដឹងទៀតថា តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នីតិកាលទី៦ គោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ ពិតជាមានវឌ្ឍនភាពល្អប្រសើរ ក្នុងនោះគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជា ក៏ត្រូវបានយកចិត្តទុកដាក់ និងជំរុញឱ្យមានការកែលម្អកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព សំដៅដល់ការជំរុញការការពារសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសកម្មករនិយោជិត។
លោក អ៊ុក សមវិទ្យា បានបន្ថែមថា កន្លងមក បេឡាជាតិរបបសន្តិសុខសង្គមបានដាក់ឲ្យដំណើរការរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងថែទាំសុខភាពរួចមកហើយ ដែលរបបទាំងពីរនេះក៏បានជួយសម្រាលបន្ទុកយ៉ាងច្រើនដល់និយោជិតក្នុងវិស័យឯកជន ក៏ដូចជាមន្រី្តរាជការផងដែរ នៅពេលជួបប្រទះហានិភ័យផ្សេងៗ។
គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតឱ្យមានច្បាប់ស្តីពី របបសន្តិសុខសង្គម (ថ្មី) ដែលរួមមាន ១១ជំពូក និង ១០៧មាត្រា ដោយបានប្បញ្ញត្តិអំពីតួនាទី ភារកិច្ចច្បាស់លាស់របស់និយ័តករសន្តិសុខសង្គម ប្រតិបត្តិករសន្តិសុខសង្គម ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស និងក្រុមប្រឹក្សាធនាភិបាល ដែលជាអង្គភាពវិនិយោគមូលនិធិសន្តិសុខសង្គមនៅកម្ពុជា និងជាពិសេសគោលការណ៍ទូទៅនៃរបបសន្តិសុខសង្គម រួមមាន៖ របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន និងផ្នែកនិកម្មភាពការងារ។
យោងតាមរបាយការណ៍នៃការសិក្សាស្រាវជ្រាវមួយរបស់អង្គការអន្តរជាតិខាងការងារ (ILO) បានចង្អុលបង្ហាញថា បច្ចុប្បន្នមានប្រជាជនកម្ពុជា ៦.៥ភាគរយ ដែលមានអាយុលើសពី ៦០ឆ្នាំ។ ទិន្នន័យក្នុងពេលបច្ចុប្បន្ននេះ ក្រុមប្រជាជនអាយុចាប់ពី ០-១៤ ឆ្នាំ មានចំនួន ៥លាននាក់ ក្រុមប្រជាជនអាយុចាប់ពី ១៥-៥៤ឆ្នាំ មានចំនួនជាង ៩លាននាក់ និងក្រុមប្រជាជនអាយុចាប់ពី ៥៥ឆ្នាំឡើងទៅ មានចំនួនជាង ១លាននាក់ សមាមាត្រនេះត្រូវបានរំពឹងថា នឹងមានការកើនឡើងប្រមាណ ២៤ភាគរយ ប្រហែលជាជាង ៧លាននាក់ នាឆ្នាំ២០៦៨ ក្នុងរយៈពេល៥០ឆ្នាំខាងមុខ៕