(ព្រះសីហនុ)៖ ទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញប្រគល់តួនាទីជាប្រធានកិត្តិយស ប្រធាន និងអនុប្រធានសមាគមអតីតយុទ្ធជនជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីខេត្តព្រះសីហនុ ដើម្បីចូលរួមចំណែកបម្រើការងារបងប្អូនអតីតយុទ្ធជនឱ្យកាន់តែល្អប្រសើរថែមទៀត។ ពិធីនេះត្រូវបានធ្វើឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលាខេត្តព្រះសីហនុ។
លោក គួច ចំរេីន អភិបាលខេត្តព្រះសីហនុ ត្រូវបានប្រគល់តួនាទីជាប្រធានកិត្តិយសសមាគម, លោក នូវ សំអុល ត្រូវបានតែងតាំងជាប្រធានសមាគម។ ក្រៅពីប្រធានកិត្តិយស និងប្រធានសមាគម ក្នុងពិធីនោះ ក៏មានការប្រគល់តួនាទីអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាជូនមន្ត្រីពីររូបផ្សេងទៀតផងដែរ។
នៅក្នុងពិធីប្រគល់តួនាទីនោះ លោកអគ្គលេខាធិការ គន់ គីម បានស្នើសុំថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនទើបទទួលបានតួនាទីថ្មី ត្រូវយកចិត្តទុកដាក់លេីការងារសាងសង់ផ្ទះជូនអតីតយុទ្ធជនដែលគ្មានផ្ទះ អ្នកអត់ដីអត់ផ្ទះ អ្នកមានផ្ទះមិនសមរម្យជាដើម។
លោកទេសរដ្ឋមន្ត្រី ក៏បានក្រើនរំលឹកឱ្យថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនថ្មី ចុះទៅពិនិត្យ និងដោះស្រាយសាងសង់ផ្ទះជូនគ្រួសារអតីតយុទ្ធជន ៦៧គ្រួសារ ដែលសមាគមអតីតយុទ្ធជនខេត្តបានកំណត់មុខសញ្ញារួចហេីយ។ ទន្ទឹមនោះក្រុមការងារចម្រុះ ត្រូវចុះសិក្សាដីអតីតយុទ្ធជននៅស្រុកស្ទឹងហាវ ធ្វេីការវាយតម្លៃលេីកយោបល់ជូនគណៈអចិន្ត្រៃយ៍របស់សមាគម។
លោក គន់ គីម ក៏បានដាស់តឿនដល់ថ្នាក់សមាគមអតីតយុទ្ធជនខេត្តព្រះសីហនុ បន្តចុះជួបបងប្អូនអតីតយុទ្ធជន ដេីម្បីពិនិត្យមេីលស្ថានភាព ជីវភាព សុខភាព របស់ពួកគាត់ ហើយត្រូវជួយដោះស្រាយបញ្ហានៅពេលពួកគាត់ជួបទុក្ខលំបាក ខ្វះខាតខាងជីវភាព ត្រូវជួយឧបត្ថម្ភ បេីមានជំងឺត្រូវបញ្ជូនទៅមន្ទីរពេទ្យ ឬបង្កលក្ខណៈឱ្យទទួលបានសេវាសាធារណៈផ្សេងៗឱ្យសមទៅនឹងគុណបំណាច់របស់ពួកគាត់ដែលបានលះបង់ ដេីម្បីបុព្វហេតុជាតិមាតុភូមិក្នុងរយ:កាលកន្លងមក។
លោកទេសរដ្ឋមន្ត្រី ក៏បានណែនាំបន្តសហការគ្នាអនុវត្តការចូលរួមបុណ្យសព បើកផ្តល់ប្រាក់មរណ:សង្គ្រោះ និងប្រាក់ធានារ៉ាប់រងសង្គមឱ្យបានទាន់ពេលវេលា។
លោក នូវ សំអុល ក្នុងនាមជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្ត បានប្តេជ្ញាប្រឹងប្រែងបន្តយកចិត្តទុកដាក់បំពេញការងារឱ្យបានល្អដោយបន្តការសហការល្អជាមួយបណ្តាអង្គភាព ស្ថាប័ន ពាក់ព័ន្ធ និងកៀរគរ សប្បុរសជន ដើម្បីរកប្រភពសម្រាប់ដោះស្រាយការលំបាករបស់អតីតយុទ្ធជន៕