(សិង្ហបុរី)៖ ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet ត្រូវបានផ្តល់ពានរង្វាន់ក្នុងនាម «ជាក្រុមហ៊ុនអាកាសចរណ៍គិតថ្លៃសេវាទាបក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ប្រចាំឆ្នាំ» ដោយ មជ្ឈមណ្ឌលសម្រាប់អាកាសចរណ៍អាស៊ី-ប៉ាស៊ីហ្វិកហៅកាត់ថា CAPA។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ Vietjet ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកានេះ។
កម្មវិធីប្រគល់ពានរង្វាន់នេះ បានប្រព្រឹត្តទៅអំឡុងកិច្ចប្រជុំវិស័យអាកាសចរណ៍អាស៊ី CAPA ដែលត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១៤ ដល់ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងប្រទេសសិង្ហបុរី។
ពានរង្វាន់ប្រចាំឆ្នាំរបស់ CAPA មួយនេះ គឺជាការទទួលស្គាល់លើក្រុមហ៊ុនអាកាសចរណ៍នានា ដែលបានប្រតិបត្តិយុទ្ធសាស្ត្រលេចធ្លោជាងគេបំផុតប្រចាំតំបន់ បានប្រែក្លាយខ្លួនឯងជាក្រុមហ៊ុនឈានមុខគេ និងបានក្លាយជាក្រុមហ៊ុនបែបច្នៃប្រឌិតដ៏អស្ចារ្យបំផុត ដើម្បីធ្វើជាគំរូសម្រាប់ក្រុមហ៊ុនផ្សេងទៀត ក្នុងការយកតម្រាប់តាម អំឡុងពេលនៃឆ្នាំនេះ នៅក្នុងឧស្សាហកម្មអាកាសចរណ៍ក្នុងតំបន់។
លោក Peter Harbison ប្រធានអង្គភាព CAPA បានឲ្យដឹងថា «Vietjet បន្តបង្កើតឲ្យមានការចាប់អារម្មណ៍ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍គិតថ្លៃសេវាទាបបែបប្រពៃណីមួយ។ ក្រុមហ៊ុននេះ មានមូលដ្ឋានគ្រឹះហិរញ្ញវត្ថុដ៏រឹងមាំ និងមានផែនការច្បាស់លាស់ក្នុងការប្រជែងជាមួយនឹងក្រុមហ៊ុនប្រតិបត្តិករធំៗបំផុតជាច្រើន ក្នុងអាស៊ី-ប៉ាស៊ីហ្វិក ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ខាងមុខនេះ»។
លោកស្រី Nguyen Thi Phuong Thao ប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Vietjet បានលើកឡើងថា «បេសកកម្មរបស់ Vietjet គឺការបង្កើតឲ្យមានការផ្លាស់ប្តូរ ប្រកបដោយភាពជោគជ័យ ក្នុងសេវាឧស្សាហកម្មអាកាសចរណ៍។ យើងសូមថ្លែងអំណរគុណសម្រាប់ការជឿទុកចិត្ត ភាពជាដៃគូ និងការទទួលស្គាល់ពី CAPA ដែលជាអង្គភាពអាកាសចរណ៍ដ៏ល្បីល្បាញបំផុតក្នុងអាស៊ី-ប៉ាស៊ីហ្វិក»។
លោកស្រីបន្តថា «យើងពិតជាមានសេចក្តីសោមមន្សរីករាយណាស់ ក្នុងការនាំយកឱកាសហោះហើរជាមួយនឹងតម្លៃហោះហើរបែបសន្សំសំចៃ និងសេវាផ្សេងៗ ប្រកបដោយភាពរួសរាយរាក់ទាក់ នៅលើយន្តហោះថ្មី និងមានការរៀបចំដ៏ប្រណិត ទៅកាន់អ្នកដំណើរជិត១០០លាននាក់ ស្របពេលដែលយើងក៏បានបង្កើតតម្លៃជាវិជ្ជមាន សម្រាប់សហគមន៍ និងដៃគូរបស់ឧស្សាហកម្មអាកាសចរណ៍ផងដែរ»៕