Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការក្រុងភ្នំពេញ បង្គាប់ឱ្យដោះលែងជនត្រូវចោទ១០នាក់ នៅក្រៅឃុំជាបណ្តោះអាសន្ន ក្រោយរដ្ឋប្រហារបរាជ័យរបស់ ទណ្ឌិត សម រង្ស៉ី (Video inside)

14-11-2019 19:19

(ភ្នំពេញ)៖ លោក កូយ សៅ អនុប្រធាន និងជាចៅក្រមសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចេញដីកាបង្គាប់ឱ្យដោះលែង ជនត្រូវចោទ១០រូប នៅក្រឃុំជាបណ្តោះអាសន្ន បន្ទាប់ពីពួកគេលង់ខ្លួនតាមការញុះញង់រ ចូលរួមក្នុងផែនការរដ្ឋប្រហារខុសច្បាប់ ដែលរៀបចំដោយទណ្ឌិត សម រង្ស៉ី និងបក្ខពួក រហូតត្រូវសមត្ថកិច្ចចាប់ខ្លួន។

តាមដីការបស់ លោក កូយ សៅ បានឱ្យដឹងថា ជនត្រូវចោទទាំង១០រូបនោះ រួមមានឈ្មោះ៖ ស្រង់ឡាយ ភេទប្រុសអាយុ៥១ឆ្នាំ, ពួក ចន្តា ភេទប្រុស អាយុ៤៨ឆ្នាំ, ថន ប៊ុនធឿន ភេទប្រុស អាយុ៧០ឆ្នាំ, ប៊ុន គឹមស៊ា ភេទប្រុស អាយុ៤៤ឆ្នាំ, សូ តារា ភេទប្រុស អាយុ៥០ឆ្នាំ, ទឹម សុមេត ភេទប្រុស អាយុ៤៩ឆ្នាំ, ស៊ី រ៉ាដា ភេទប្រុស អាយុ៤៥ឆ្នាំ, ង៉ុក សំអូន ភេទប្រុស អាយុ៦១ឆ្នាំ, ហុក សំអាង ភេទប្រុស អាយុ៧៤ឆ្នាំ និងឈ្មោះជួន សុផល ភេទប្រុស អាយុ៦៧ឆ្នាំ។

ការបង្គាប់ឱ្យដោះលែងជនត្រូវចោទទាំងនេះ បានធ្វើឡើងបន្ទាប់ពីមានការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្គាប់ឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ធ្វើការជាមួយព្រះរាជអាជ្ញា ដោយសហការខាងតុលាការ ដើម្បីឈានទៅដល់ការដាក់ឲ្យអ្នកចាញ់បោកក្រុមឧទ្ទាម ដែលត្រូវឃាត់ខ្លួនទាំងអស់ នៅក្រៅឃុំជាបណ្តោះអាសន្ន។

ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ នូវរោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុង នៅខេត្តកំពត នៅព្រឹកទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ដែលចាញ់បោកការញុះញង់របស់ក្រុមក្បត់ជាតិ សម រង្ស៉ី ហើយរត់ទៅប្រទេសថៃ រត់ចេញពីលំនៅដ្ឋាននោះ វិលត្រឡប់ចូលប្រទេសកម្ពុជា ឬទៅកាន់លំនៅដ្ឋានវិញ ដោយរាជរដ្ឋាភិបាលនឹងមិនយកទោសពៃរ៍នោះទេ៕