(កំពត)៖ បន្ទាប់ពីចាកចេញពីពន្ធនាគារ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក នុត ពេជ ដែលជាសមាជិកម្នាក់របស់ក្រុម លោក សម រង្ស៉ី បានសារភាពថា រូបលោកស្រលាញ់សន្តិភាព ហើយមិនចូលចិត្តសង្រ្គាមទេ។
លោក នុត ពេជ បានផ្តល់បទសម្ភាសដល់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ជំហររបស់ លោកតាំងពីដើមមក គឺនឹងមិនទៅទទួល លោក សម រង្ស៉ីទេ បើសិនជាចលនារបស់គាត់ចូលមកកម្ពុជា ដើម្បីធ្វើវិទ្ធុស្សនា ឬបង្កសង្រ្គាម។
លោកបញ្ជាក់ថា «បើលោកប្រធាន (សម រង្ស៉ី) ចូលមករកដំណោះស្រាយ យើងនឹងអមដំណើរ ឬមួយទៅទទួលគាត់ ប៉ុន្តែបើគាត់ចូលមកធ្វើវិទ្ធុង្សនា បង្កសង្គ្រាម ខ្ញុំអត់ធ្វើតាមទេ ខ្ញុំបាននិយាយតាំងពីដើមមក»។
លោក នុត ពេជ និង លោកស្រី ប៉ែន មុំ ត្រូវបានតុលាការខេត្តកំពត ដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រោយការអំពាវនាវរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបង្គាប់ឱ្យក្រសួងយុត្តិធម៌ ធ្វើការជាមួយព្រះរាជអាជ្ញា និងតុលាការ ដើម្បីដោះលែងអ្នកជាប់ឃុំ ក្រោយរដ្ឋប្រហារ៩វិច្ឆិកា ដួលរលំជាស្ថាពរ។
ជាមួយនឹងការជំរុញឱ្យមានការដោះលែងនេះ សម្តេចក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ដែលចាញ់បោកការញុះញង់របស់ក្រុមក្បត់ជាតិ សម រង្ស៉ី ហើយរត់ទៅប្រទេសថៃ រត់ចេញពីលំនៅដ្ឋាននោះ វិលត្រឡប់ចូលប្រទេសកម្ពុជា ឬទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញផងដែរ ដោយរាជរដ្ឋាភិបាលនឹងមិនយកទោសពៃរ៍នោះទេ៕