(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៉ីម៉ាក់ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានថ្លែងសារតាមរយៈ Facebook ដោយដាក់ជាសំណួរថា តើពេលណាទើបបញ្ឈប់អាជីវកម្មសាច់សុនខនៅកម្ពុជាបាន ?
លោក ហេង រតនា បានលើកឡើងថា នៅប្រទេសវៀតណាម គឺនៅទីក្រុងហាណូយ គេមានវិធានការបញ្ចប់អាជីវកម្មសាច់សុនខ ត្រឹមឆ្នាំ២០២១ ដោយសារតែប៉ះពាល់ខ្លាំងដល់វិស័យទេសចរណ៍។
លោកថា តាមរបាយការណ៍របស់អង្គការ Animal Rescue Cambodia និងអង្គការ FOUR PAWS បានឲ្យដឹងថា អាជីវកម្មសាច់សុនខនៅកម្ពុជា មានរូបភាពលួចលាក់ តែមានលក្ខណៈធំទូលាយ និងមានបណ្តាញពាណិជ្ជកម្មជាខែ្សចង្វាក់ ខុសពីកន្លែងសត្វឃាតដទៃទៀត ពោលកន្លែងសុនខឃាត គ្មានការត្រួតពិនិត្យខាងអនាម័យ សុខភាពអ្វីនោះទេ ហើយអ្នកបរិភោគសាច់សុនខភាគច្រើន មានអាយុពី១៨-២៩ឆ្នាំ ។
បើតាមលោក ហេង រតនា តាមរបាយការណ៍នេះក៏បង្ហាញឲ្យដឹងថា មានសត្វសុនខមិនតិចជាង២០០,០០០ក្បាលទេក្នុងមួយឆ្នាំ សម្រាប់តែតម្រូវការភោជនីយដ្ឋាន លក់សាច់សុនខជាង១១០ភោជនីយដ្ឋាន នៅរាជធានីភ្នំពេញ ហើយក្នុងក្របខ័ណ្ឌទូទាំងប្រទេសអាចតម្រូវការរាប់លានក្បាល។
លោកអះអាងថា ការព្រួយបារម្ភនៃការរាលដាលកាន់តែធំឡើងៗ នៃអាជីវកម្មសាច់សុនខនេះ ដែលអាចមានផលប៉ះពាល់យ៉ាងខ្លាំងដល់៣ចំណុច៖
១៖ វប្បធម៌ប្រពៃណីខែ្មរ ដែលស្រឡាញ់សត្វសុនខ និងមានបំរាមធ្ងន់ធ្ងរខាងទំនៀមទម្លាប់ ចំពោះអ្នកបរិភោគសាច់សុនខ។
២៖ អាចប៉ះពាល់សុខភាពសាធារណៈ ដោយសារកង្វះការគ្រប់គ្រងត្រួតពិនិត្យអនាម័យ និងរាតត្បាតជំងឺ ដូចជាជំងឺឆ្កែឆ្កួតជាដើម
៣៖ ប៉ះពាល់ដល់ទេសចរបរទេសមួយចំនួន។
លោក ហេង រតនា បានបញ្ជាក់បន្តថា «រាជរដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាល មានផែនការបំបាត់ជំងឺឆ្កែឆ្កួតត្រឹមឆ្នាំ២០៣០ ដូចនេះដើម្បីលើកកម្ពស់ប្រពៃណីទំនៀមទម្លាប់ វប្បធម៌ សីលធម៌សង្គមផង និងដើម្បីសម្រេចបានគោលដៅរបស់រាជរដ្ឋាភិបាលផង យើងគួរត្រូវរួមគ្នាពង្រឹងការផ្សព្វផ្សាយដល់ អ្នកហូបសាច់សុនខ ត្រូវចៀសវាងហូប អ្នកលក់ដូរអាជីវកម្មសាច់សុនខ ត្រូវគិតគូរមុខរបរផ្សេង អ្នកអនុវត្តច្បាប់ត្រូវរៀបចំច្បាប់ ដើម្បីគ្រប់គ្រង និងចាត់វិធានការជាដើម»។
លោកជំរុញថា សូមជួយគ្នាដើម្បីស្តារ និងពង្រឹងប្រពៃណីទំនៀមទម្លាប់ វប្បធម៌យើង! វប្បធម៌ថ្កើនថ្កានជាតិរុងរឿង!៕