(ព្រះវិហារ)៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានចុះហត្ថលេខាលើលិខិតផ្លូវការមួយ ជម្រាបទៅលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ស្តីពីការពិនិត្យលទ្ធភាពលើការផ្ទេរភារកិច្ចលោក អ៊ា សុខា ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ ឲ្យទៅបម្រើការនៅទីស្តីការក្រសួងបរិស្ថានវិញ។
តាមរយៈលិខិតផ្លូវការដែលចុះហត្ថលេខាដោយលោក សាយ សំអាល់ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មានខ្លឹមសារជម្រាបទៅលោក ប្រាក់ សុវណ្ណ ឲ្យពិនិត្យលទ្ធភាពលើការផ្ទេរភារកិច្ចលោក អ៊ា សុខា ដែលជាប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ ឲ្យទៅបម្រើការនៅទីស្តីការក្រសួងវិញ និងតែងតាំងលោក សុង ចន្ទ័សុជាតិ ជាប្រធានមន្ទីរបរិស្ថានស្តីទីខេត្តព្រះវិហារ។
គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក សាយ សំអាល់ បានចុះហត្ថលេខដកមន្ត្រីនៃមន្ទីរបរិស្ថានចំនួន២រូបហើយ។ មន្ត្រីទាំងនោះរួមមាន៖ លោក វុន ធឿន ប្រធានការិយាល័យដែនជម្រកសត្វគូលែន ព្រហ្មទេពនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ និងលោក អ៊ា សុខា ដែលជាប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ៕