(ភ្នំពេញ)៖ ខណៈដែលសហគមន៍អឺរ៉ុបបញ្ចប់របាយការណ៍បឋម ស្តីពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធ (EBA) លើកម្ពុជា ដោយបានបញ្ជូលរបាយការណ៍នេះ ដល់រាជដ្ឋាភិបាលកម្ពុជាពិនិត្យ និងឆ្លើយតបនោះនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ស្ថានទូតប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោក គឺប្រទេសចិន បានផ្សព្វផ្សាយនូវព័ត៌មានថ្មីមួយ ស្ដីពីដំណើរការបើកជាផ្លូវការ នៃការចរចាពាណិជ្ជកម្មសេរីជាមួយប្រទេសកម្ពុជា ដែលនឹងចាប់ផ្ដើមលើកដំបូង នៅដើមខែធ្នូខាងមុខនេះ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក ស៊ាង ថៃ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News តាមទូរស័ព្ទនៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា ក្រសួងពាណិជ្ជកម្ម បានរៀបចំប្រតិភូ ដើម្បីចេញទៅរាជធានីប៉េកាំង ប្រទេសចិន បើកការចរចាជាផ្លូវការពាក់ព័ន្ធកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលដឹកនាំដោយរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មមួយរូប។
លោកបញ្ជាក់ទៀតថា ការចរចាពាណិជ្ជកម្មសេរីនេះ គឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបើកច្រកកាន់តែធំសម្រាប់ផលិតផលរបស់កម្ពុជា អាចនាំចេញទៅកាន់ប្រទេសចិនដែលប្រជាជនជាង១ពាន់លាននាក់។ លោកថា វិស័យដែលនឹងធ្វើការចរចានោះ គឺមានវិស័យពាណិជ្ជកម្ម, វិស័យសេវាកម្ម, វិស័យវិនិយោគ និងវិស័យមួយចំនួនទៀត។
ចំពោះសំណួរដែលសួរថា តើត្រូវការរយៈពេលប៉ុន្មាន ដើម្បីឈានដល់ការសម្រេចនៅការធ្វើពាណិជ្ជកម្មសេរី ជាមួយនឹងភាគីចិន? លោក ស៊ាង ថៃ បានអះអាងថា ការចរចាទ្វេភាគី គឺងាយស្រួលជាង ការចរចាថ្នាក់តំបន់ [អាស៊ាន-ចិន] ដោយសារតែកម្ពុជា និងចិន មានទំនាក់ទំនងល្អ ដូច្នេះរំពឹងថា ការចរចាអាចនឹងសម្រេចបានក្នុងពេលឆាប់ៗអាចក្នុងរយៈពេល១ឆ្នាំ ២ឆ្នាំ ឬ៣ឆ្នាំខាងមុខ។
យ៉ាងណាក៏ដោយអ្នកនាំពាក្យរូបនេះ មិនបានបញ្ជាក់លម្អិតអំពីគោលការណ៍នៃការចរចាពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិននោះឡើយ តែលោកបញ្ជាក់ថា ការចរចានេះអាស្រ័យលើការផ្តល់ឲ្យគ្នាទៅវិញទៅមក។
លោក ស៊ាង ថៃ បានបញ្ជាក់ថា «ជាធម្មតាការចរចាទ្វេភាគីមានលក្ខណៈសម្បត្តិ ល្អប្រសើរជាងធ្វើលក្ខណៈតំបន់ [...]ការចរចានេះយើងមិនគិតថា នឹងចំណាយពេលរហូត ៤-១០ឆ្នាំនោះទេ អាចប្រើពេល១ឆ្នាំ ២ឆ្នាំ ឬ៣ឆ្នាំ ស្ថិតលើកម្រិតមិត្តភាពរវាងកម្ពុជា-ចិន ខណៈដែលបច្ចុប្បន្នបញ្ហាពាណិជ្ជកម្ម សេដ្ឋកិច្ច មានការពាក់ព័ន្ធជាមួយនឹងនយោបាយផងដែរ។ មិត្តភាពល្អ យើងចរចាឆាប់ចប់»។
ការពិបាកនាំចេញទៅប្រទេសចិន គឺពាក់ព័ន្ធជាមួយនឹងលក្ខខណ្ឌអនាម័យ និងភូតគាមអនាម័យ ដែលរហូតមកដល់ពេលនេះ កសិផលមាន៤មុខប៉ុណ្ណោះ ដែលចិនអនុញ្ញាតឲ្យកម្ពុជា នាំចេញទៅប្រទេសរបស់ខ្លួនរួមមាន៖ ពោត, ដំឡូងមី, អង្ករ និងចេក ខណៈដែលកម្ពុជាកំពុងចរចានាំចេញផលិតផលផ្សេងៗទៀតដូចជា៖ ស្វាយ, ម្រេច, ផ្លែស្រកានាគ, ទឹកមាត់ត្រចៀកកាំ, ផ្លែមានប៉ៃលិន, ដូងក្រអូបជាដើម។
អ្នកនាំពាក្យរូបនេះបញ្ជាក់ទៀតថា «នៅពេលដែលយើងមិនទាន់មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន យើងធ្វើការចុះកិច្ចព្រមព្រៀងអនាម័យ និងភូតគាមអនាម័យបានម្ដងតែមួយមុខៗ ប៉ុន្ដែសង្ឃឹមថា នៅពេលដែលយើងចរចាបានសម្រេច នោះសង្ឃឹមថា ការចុះកិច្ចព្រមព្រៀងនឹងធ្វើឡើងជាកញ្ចប់ ដែលអាចឲ្យយើងនាំចេញទៅចិនបានកាន់តែច្រើន»។
បញ្ហា EBA ត្រូវបានគេយកមកប្រើ ដើម្បីដាក់គំនាបលើរាជរដ្ឋាភិបាលកម្ពុជា ដោយលើកហេតុផលថា ប្រទេសនេះកំពុងតែមានបញ្ហារំលោភសិទ្ធិមនុស្ស ប៉ុន្ដែរាជរដ្ឋាភិបាលកម្ពុជា បានទាត់ចោល និងប្រកាសថា បើទោះជាបាត់ EBA ក៏កម្ពុជាមិនស្លាប់ដែរ។ សហភាពអឺរ៉ុបនឹងធ្វើការសម្រេចចិត្តជាផ្លូវការ នៅខែកុម្ភៈ ឆ្នាំ២០២០ ថាតើត្រូវព្យួរ ឬមិនព្យួរប្រព័ន្ធអនុគ្រោះពន្ធមកលើកម្ពុជា។
ក្នុងសេចក្តីព្រាងច្បាប់ថវិកា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមថវិកាជាង១៧០លានដុល្លារ សម្រាប់យកមកប្រើប្រាស់ ដើម្បីត្រៀមលក្ខណៈអនុវត្តវិធានការណ៍ ឆ្លើយតបនឹងផលប៉ះពាល់ នៃភាពមិនច្បាស់លាស់ ពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មជាមួយដៃគូមួយចំនួន។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន គ្រោងនឹងបើកកិច្ចពិភាក្សាជាផ្លូវការលើកដំបូង ស្តីពីការស្រាវជ្រាវលទ្ធភាព កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំង២ នៅដើមខែធ្នូខាងមុខនេះ។
ស្ថានទូតចិនប្រចាំនៅកម្ពុជា បានចាត់ទុកការបើកកិច្ចពិភាក្សាជាផ្លូវការលើកដំបូង ស្តីពីការស្រាវជ្រាវលទ្ធភាព កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំង២នេះ ជាការរៀបចំដ៏ពិសេសមួយនៃភាគីចិន ដោយផ្អែកលើទំនាក់ទំនងមិត្តភាពរវាងចិន និងកម្ពុជា។
ស្ថានទូតចិនប្រចាំកម្ពុជា បានបង្ហោះលើ Facebook របស់ខ្លួនយ៉ាងដូច្នេះថា «ដើម្បីសម្រេចឈានដល់កុងសុងស៊ីសចម្បង នៃថ្នាក់ដឹកនាំកំពូលរវាងចិន និងកម្ពុជា ភាគីទាំងពីរនឹងរៀបចំកិច្ចពិភាក្សាផ្លូវការលើកដំបូង ស្តីអំពីការសិក្សាស្រាវជ្រាវលទ្ធភាពកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងភាគីចិន និងកម្ពុជា ក្នុងរដ្ឋធានីប៉េកាំង ថ្ងៃទី៣ ខែធ្នូ នាពេលខាងមុខនេះ។ នេះជាការរៀបចំដ៏ពិសេសមួយនៃភាគីចិន ដោយផ្អែកលើទំនាក់ទំនងមិត្តភាពរវាងចិន និងកម្ពុជា។ ពេលមុននេះថ្នាក់ប្រតិបត្តិការងារ នៃស្ថាប័នពាណិជ្ជកម្មរវាងភាគីចិន និងកម្ពុជា បានបង្កើតយន្តការទំនាក់ទំនងរួចជាស្រេច ដើម្បីជំរុញកិច្ចការដែលពាក់ព័ន្ធឲ្យមានទំនាក់ទំនងយ៉ាងជិតស្និទ្ធល្អ»។
សូមជម្រាបថា ទំហំពាណិជ្ជកម្មកម្ពុជា-ចិន ដែលកាលពីឆ្នាំ២០១៨ សម្រេចបានទឹកប្រាក់ ៧,៤០០លានដុល្លារអាមេរិក នៅក្នុងនោះការនាំចេញរបស់កម្ពុជា ទៅចិនមានទំហំទឹកប្រាក់១,៣៧៧លានដុល្លារអាមេរិក កើនឡើង៣៧% និងនាំចូលមានទំហំទឹកប្រាក់ ៦,០០០លានដុល្លារអាមេរិក គឺបានកើនឡើង ២៦%។ ប្រទេសទាំងពីរបានដាក់ចេញនូវគោលដៅថ្មីទៀត គឺជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យឈានដល់ ១០ប៊ីលានដុល្លាអាមេរិក នៅឆ្នាំ២០២៣៕