(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារ នាំអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា យកទៅប្រគេនព្រះសង្ឃចំនួន៥វត្ត នៅក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះ លោក ប្រាក់ សុវណ្ណ បានទូលប្រគេនដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជម្រាបជូនដល់លោកយាយ លោកតា ដែលជាគណៈកម្មការអាចារ្យវត្ត អំពីការគិតគូរយកចិត្តទុកដាក់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងគិតគូរជានិច្ចអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋងាយរងគ្រោះផ្សេងៗ។
លោក ប្រាក់ សុវណ្ណ បន្តថា ព្រះរាជពិធីបុណ្យអុំទូក ត្រូវបានបញ្ចប់ក្រោមបរិយាកាសសប្បាយរីករាយ មានប្រជាពរដ្ឋចូលរួមយ៉ាងច្រើនកុះករពាសពេញផ្ទៃប្រទេស ដោយឡែកខេត្តព្រះវិហារក៏ទទួលបានភ្ញៀវទេសចរជាច្រើនម៉ឺននាក់ ចូលមកលេងកំសាន្តនៅតាមរមណីយដ្ឋានផ្សេងៗផងដែរ។ ទាំងនេះគឺដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកបានផ្តាំត្រូវចូលរួមថែរក្សាសុខសន្តិភាព ដែលមានស្រាប់នៅកម្ពុជា ឲ្យនៅគង់វង្សយូរអង្វែង ដើម្បីឲ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើនជាបន្តទៅទៀត ដោយមិនត្រូវជឿតាមការញុះញង់ណាមួយ របស់ក្រុមជនក្បត់ជាតិដែលមានបំណងផ្តួលរំលំរាជរដ្ឋភិបាលស្របច្បាប់ និងបំផ្លាញសុខសន្តិភាពនោះទេ។
សូមបញ្ជាក់ថា វត្តទាំង៥ដែលទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ពីកាកបាទក្រហមកម្ពុជារួមមាន៖ វត្តព្រះពុទ្ធមានជយ័ហៅវត្តប៉ាលហាល វត្តពោធិសិលារ៉ាមហៅវត្តគីឡូលេខ៨ វត្តពើងព្រះគោ វត្តសំវរសិលារ៉ាមហៅវត្តបាក់កាំ និងវត្តឧត្តមមុន្នីផងដែរ៕