(ស្ទឹងត្រែង)៖ ខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៤ ខែវិច្ឆិកានេះ បានរៀបចំសិក្ខាសាលាថ្នាក់ខេត្តមួយ ស្តីពីវេទិកានៃកិច្ចសហប្រតិបត្តិការ ក្នុងការគ្រប់គ្រងធនធានជលផលឲ្យមានប្រសិទ្ធភាព ក្រោមការគាំទ្រដោយគម្រោងគ្រប់គ្រងទឹកចម្រុះទន្លេមេគង្គដំណាក់កាលទី៣ សមាសភាពទី១ និងសហការចូលរួមឧបត្ថម្ភដោយ អង្គការភូមិខ្ញុំ អង្គការ FACT និងអង្គការសេប៉ា នៅសាលាខេត្តស្ទឹងត្រែង។
លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានណែនាំ និងជំរុញបន្ថែមដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ថា សូម្បីតែប្រជាពលរដ្ឋ គឺមិនចាំបាច់ពឹងផ្អែកតែលើជំនាញជលផល ឬកងកម្លាំងប្រដាប់អាវុធនោះទេក្នុងការបង្រ្កាបបទល្មើសជលផលនេះ គឺត្រូវខិតខំទាំងអស់គ្នាទើបរក្សាបាននូវធនធានជលផលឲ្យសំបូរឡើងវិញ សម្រាប់កូនចៅជំនាន់ក្រោយ។
លោកបានលើកឡើងបន្តថា ធនធានធម្មជាតិត្រូវបានចាត់ទុកជាធនធានសម្បូររបែបដ៏មានសារៈសំខាន់ក្នុងការចិញ្ចឹមជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ទាំងនៅជនបទ និតនៅទីប្រជុំជនក្រុង/ស្រុក ដូច្នេះហើយទើបមានការចាំបាច់ឲ្យមានការគ្រប់គ្រង និងថែរក្សាឲ្យខានតែបាន ដោយហេតុថាប្រព័ន្ធអេកូឡូស៊ីបានចូលរួមចំណែកយ៉ាងសំខាន់ នៃតំបន់ទន្លេមេគង្គ។
នៅក្នុងសិក្ខាសាលានោះ លោក ទុំ នីរ៉ូ នាយខណ្ឌរដ្ឋបាលជលផល បានថ្លែងថា ដើម្បីជាការចូលរួមទប់ស្កាត់កុំឲ្យបាត់បង់ពូជត្រីដ៏សម្បូរបែប នៅក្នុងទឹកដីខេត្តស្ទឹងត្រែង ចាំបាច់ត្រូវមានការចូលរួមសហការរវាងអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ រួមនិងប្រជានេសាទផងដែរ ជាពិសេសគឺត្រូវអនុវត្តការនេសាទ ទៅតាមច្បាប់ជលផលដែលបានកំណត់។
លោកនាយខណ្ឌជលផល បានបន្តថា គ្រប់វិធីសាស្រ្តទាំងអស់ដែលខណ្ឌរដ្ឋបាលជលផលបានធ្វើយុទ្ធនាការឃោសនា ក៏ដូចជាបានចុះទៅអប់រំណែនាំដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋ នាពេលកន្លងមក មានទាំងវិធីសាស្រ្តរឹងនិងទន់ ក៏នៅតែមានអ្នកប្រើឧបករណ៍នេសាទខុសច្បាប់ដដែល ប៉ុន្តែទោះជាយ៉ាងណា មានប្រជាពលរដ្ឋភាគច្រើន ក៏បានចូលរួមសហការអនុវត្តនូវការនេសាទស្របច្បាប់ផងដែរ ធ្វើឲ្យត្រីនៅបន្តពូជបានមួយផ្នែក។
លោក ទុំ នីរ៉ូ ថ្លែងថា មន្រ្តីជំនាញជលផលបានអនុវត្តតាមគោលការណ៍ច្បាប់ក្នុងការបង្រ្កាបនូវបទល្មើសនេសាទ បាននូវគ្រាកន្លងមកនោះ គឺនៅមានការយោគយល់ និងអនុគ្រោះច្រើនដល់អ្នកនេសាទខុសច្បាប់ ដោយគ្រាន់តែរឹបអូសនូវឧបករណ៍នេសាទខុសច្បាប់ ហើយគ្រាន់ធ្វើកិច្ចសន្យាអប់រំណែនាំដល់ពួកគាត់តែប៉ុណ្ណោះ ទុកជាការព្រមាន មិនមានការឃាត់ខ្លួននោះឡើយ។ លោកបានអំពាវនាវដល់អាជ្ញាធរភូមិ/ឃុំ និងមន្រ្តីប៉ុស្តិ៍រដ្ឋបាលទាំងអស់ សូមចូលរួមទាំងអស់គ្នា ក្នុងការទប់ទល់នូវភាពមហន្តរាយនៃធនធានជលផលនេះ ដើម្បីឲ្យពូជត្រីមានការកើនឡើងវិញ។
លោក លៀង សេង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានជំរុញឲ្យមន្រ្តីជំនាញ ក៏ដូចជាអ្នកដែលពាក់ព័ន្ធទាំងអស់និងបទល្មើសជលផល សូមដកខ្លួនចេញឲ្យឆ្ងាយពីការឃុបឃិត និងបើកដៃឲ្យមានការកើនឡើងនូវបទល្មើសនេសាទនេះ។ លោកប្រធានមន្ទីរកសិកម្ម បានបន្តថា ដើម្បីរក្សានិរន្តភាពនៃធនធានជលផល ជាដំណោះស្រាយគឺទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីទាំងអស់ដោយសុឆន្ទៈ ក៏ដូចជាចែករំលែកនូវការទទួលខុសត្រូវខ្ពស់ដើម្បីផលប្រយោជន៍មនុស្សជំនាន់ក្រោយ។
លោក លៀង សេង បានបញ្ជាក់ទៀតថា នាពេលថ្មីៗនេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្នុងឱកាសអញ្ជើញពិនិត្យគម្រោងការគ្រប់គ្រងទន្លេមេគង្គចម្រុះ និងសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារមន្ទីរកសិកម្ម ក៏ដូចជាមានការផ្តួចផ្តើមពីលោក ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង បានប្រជុំជាលក្ខណៈចង្អៀតរវាងតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង និងរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិបាលខេត្ត បានលើកឡើង និងឯកភាពនូវការងារមួយចំនួនក្នុងការបន្ត និងពង្រឹងការអនុវត្តច្បាប់ក្នុងរដូវបិទនេសាទ គឺអនុវត្តចាប់ពីថ្ងៃទី០១ ខែឧសភាតទៅរៀងរាល់ឆ្នាំ ដោយមិនមានការតវ៉ា ឬពន្យាពេលក្នុងការបិទនេសាទទៀតទេ៕